កំពង់ចាមៈ ឃាតកប្រមឹកម្នាក់ បានប្រើកាំបិត កាប់ចិញ្ច្រាំកូនបង្កើតរបស់ខ្លួនដាច់ក ស្លាប់២នាក់ និងបន្ត ទៅកាប់អ្នកជិតខាងស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ទៀត កាលពីវេលាម៉ោង៦ ព្រលប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅចំណុចភូមិជយោ ឃុំជយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម។
ឃាតកចិត្តតិរច្ឆានដែលសមត្ថកិច្ចបានចាប់ខ្លួននោះ មានឈ្មោះ ជ្រិន ជ្រាន ភេទប្រុស អាយុ៣៣ឆ្នាំ បានកាប់ចិញ្ច្រាំសម្លាប់កូនខ្លួនឯង ទី១. ឈ្មោះស្រី ណេ អាយុ ២ឆ្នាំ, ទី២. ឈ្មោះ ស្រី នី អាយុ ៦ឆ្នាំ។ ដោយ ឡែកអ្នកជិតខាងម្នាក់ ដែលត្រូវបានបុរសនោះ កាប់ស្លាប់ដែរនោះ មានឈ្មោះ សាំង អូន ភេទប្រុស អាយុ ៤៨ឆ្នាំ និង អ្នកជិតខាងម្នាក់ទៀត ដែលរងរបួសធ្ងន់ក្រោមផ្លែកាំបិតរបស់បុរសប្រមឹករូបនេះ មានឈ្មោះ យិន ផាត ភេទប្រុស អាយុ ៣២ឆ្នាំ អ្នកទាំងអស់រស់នៅក្នុងភូមិជយោ ឃុំជយោ ស្រុកចម្ការលើ ខេត្ត កំពង់ចាម។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជាឃាតក គេតែងតែឃើញផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ លុះនៅវេលាកើតហេតុ ខណៈដែលកំពុងហូបបាយពេលល្ងាច ស្រាប់តែឃើញបុរសជាឃាតក បានបីកូន ស្រីរបស់ខ្លួនចុះមកពីលើផ្ទះ យកមកដល់ដី ក៏ប្រើកាំបិតកាប់ចិញ្ច្រាំកូនរបស់ខ្លួនបណ្តាលឲ្យដាច់ក ស្លាប់ទាំងពីរនាក់តែម្តង។
ប្រភពបានបន្តថា ក្នុងហេតុការណ៍បន្ទាប់ គេបានឃើញបុរសជាឃាតក យកកាំបិតទៅកាប់អ្នកជិតខាង ចំនួន ២នាក់ទៀត បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ប៉ុន្តែក្រោយហេតុការណ៍ភ្លាមៗ បុរសជាឃាតក ត្រូវបាននគរបាលចាប់ខ្លួន។
បើតាមមន្ត្រីនគរបាលកំពុងនៅតែធ្វើអន្តរាគមន៍ក្នុងហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងដែរថា បុរសជាឃាតកសមត្ថកិច្ច បានចាប់ខ្លួនបានហើយ ចំណែកឯអង្គហេតុ សមត្ថកិច្ចបានធ្វើកាសន្និដ្ឋានជាបឋមថា បណ្តាលមកពីជនល្មើសស្រវឹងស្រា៕