រតនគិរី៖ បុរសស្រុកអូរយ៉ាដាវ ខេត្តរតនគិរីម្នាក់ បានរលាកទឹកក្តៅរលេះរលួយពេញខ្លួន ដែលការរលាកទឺកក្តៅ នេះ ត្រូវបានភរិយាអះអាងថា បណ្តាលមកពីស្រវឹងដើរដួលចូលក្នុងឆ្នាំងទឹកក្តៅ តែបុរសរងគ្រោះវិញ បែរជាចោទ ប្រកាន់ថា ភរិយាជាអ្នកជះលើព្រោះរឿងប្រច័ណ្ឌ។ ទោះជាយ៉ាងនេះក្តី ភរិយា កំពុងកេងកំដរមើលថែទាំជំងឺស្វាមី នៅមន្ទីរពេទ្យហាក់គ្មានរឿងអ្វីនោះទេ។
ហេតុការណ៍ជម្លោះក្នុងគ្រួសាររហូតបណ្តាលឲ្យបុរសជាប្តីរលាកទឹកក្តៅពេញខ្លួននេះ បានកើតឡើងកាលពីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងគេហដ្ឋានរបស់ខ្លួន ស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ ប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង ឡា អាយុ៥១ឆ្នាំ មានមុខរបរជាកសិករ និងប្រពន្ធឈ្មោះ ថោង ធន់ អាយុ ៤៩ឆ្នាំ ស្នាក់នៅភូមិ-ឃុំ កើតហេតុខាងលើ ហើយមានកូនចំនួន ៣នាក់ ក្នុង បន្ទុក ក្នុងនោះស្រី២នាក់។
ភរិយាជនរងគ្រោះបានប្រាប់ថា នៅថ្ងៃកើតហេតុប្តីរបស់គាត់ បានជិះម៉ូតូចាកចេញពីផ្ទះ លុះពេលត្រឡប់ចូលផ្ទះ វិញមានធំក្លិនស្រាផង ក៏មានជម្លោះពាក្យសំដីធំ តូច ដាក់គ្នា។ ខណៈនោះអ្នកស្រី កំពុងដាំទឹកក្តៅទុកប្រើប្រាស់ ប្រមាណជា ១០លីត្រក្នុងខ្ទះ ស្រាប់តែប្តីអ្នកស្រី ក្នុងសភាពស្រវឹង ដើរទៅជំពប់ជើងប៉ះគល់អុសដាំទឹក ដួលចូល ខ្ទះទឹកកំពុងពុះរលាកពេញខ្លួនតែម្តង។
បុរសរងគ្រោះរូបនេះ បានឆ្លើយប្រាប់អ្នកព័ត៌មាន ដោយឥតលាក់លៀមថា មុនពេលកើតហេតុ រូបលោក បានជិះ ម៉ូតូទៅកាត់សក់នៅផ្សារឃុំប៉កញ៉ៃ លុះកាត់សក់រួចក៏ទិញស្រាតម្លៃ៥០០រៀល មកផឹករួចត្រឡប់ទៅផ្ទះវិញ។
បុរសរងគ្រោះបន្តថា បន្ទាប់ពីត្រឡប់ចូលផ្ទះ ក៏មានជម្លោះជាមួយភរិយារបស់លោក ដោយសារភរិយាសង្ស័យថា រូបរូបលោកទូរស័ព្ទទាក់ទងស្រីស្នេហ៍ខាងក្រៅណាត់ជួបគ្នា។ បន្ទាប់មករូបគាត់ចូលទៅចងមុងដេក ក៏ត្រូវភរិយា របស់គាត់លើកទឹកក្តៅកំពុងពុះនោះជះដាក់គាត់។
យ៉ាងណាក៏ដោយទាក់ទិនទៅនឹងអំពើហឹង្សាក្នុងរង្វង់គ្រួសារខាងលើនេះ មន្ត្រីនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃបញ្ជាក់ឲ្យ ដឹកថា ស្រ្តីជាភរិយាជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានហៅទៅ សាកសួររួចហើយ រង់ចាំតែជនរងគ្រោះមាន សភាពធូរស្រាលបន្តិច ដើម្បីហៅទៅសួរនាំបន្តវែកញែករកខុសត្រូវ។
តែទោះជាយ៉ាងណាក្តី បុរសជាប្តី ដែលកំពុងរងរបួស និងភរិយាកំពុងដេកកំដរគ្នាក្នុងមន្ទីរពេទ្យបង្អែកខេត្ត មើល ទៅហាក់បីដូចគ្មានរឿងអ្វីកើតឡើងនោះទេ៕