ព្រះសីហនុ៖ ផ្ទៃបឹងព្រែកទប់ ប្រភពផ្តល់ដឹកសាបសម្រាប់ ផ្គត់ផ្គង់ការប្រើប្រាស់ក្នុង ក្រុងព្រះសីហនុទាំងមូលនោះ ត្រូវបានជនខិលខូចបញ្ជា ឲ្យរថយន្តដឹកដីចូលចាក់លុប បឹងទាំងយប់ ដោយមិនខ្វល់ពីការខូចប្រយោជន៍រួម ក្នុងខេត្តព្រះសីហនុនោះឡើយ។
យោងតាមសេចក្តីរាយការណ៍ ពីអ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ប្រចាំខេត្តព្រះសីហនុ ដែលស្ថិតនៅកន្លែងគេលួចចាក់ដី លុបផ្ទៃបឹងនោះ បានឲ្យដឹងថា រថយន្តធំៗជាច្រើនគ្រឿង នៅវេលាម៉ោង ប្រមាណ ៧៖៣០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤នេះ បានដឹកដីចូលទៅចាក់លុប នៅលើដីមួយប្លង់ ដែលជាផ្ទៃដីបឹង ព្រែកទប់។
មេការមេការខុសត្រូវលើការចាក់ដីនោះ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ដីដែលពួកគេកំពុងចាក់លុបនេះ គឺជា របស់មន្រ្តីថ្នាក់ផ្កាយ៣ម្នាក់ មានលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងការអះអាងបែបនេះ មេការរូបនេះ បានបង្ហាញនូវបណ្ណសម្គាល់ម្ចាស់អចលនទ្រព្យ ដែលទើបចេញដោយលោក ហ៊ុន ភី ប្រធានមន្ទីរដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដីប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ ថែមទៀតផង។
ជាមួយដំណឹង នៃការចាក់ដីលុបផ្ទៃបឹងព្រែកទប់នេះ អភិបាលខេត្តព្រះសីហនុ ទើបឡើងកាន់តំណែងថ្មីៗ លោក ឈិត សុខុន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា រូបលោកនឹងចាត់សមត្ថកិច្ច ឲ្យចុះទៅទប់ស្កាត់នូវសកម្មភាព ព្រមទាំងឃាត់ខ្លួនក្រុមអ្នកចាក់ដីទាំងនោះ។
បន្ទាប់ពីកាថ្លែងបញ្ជាក់របស់ លោកអភិបាលខេត្ត នៅប៉ុន្មាននាក្រោយមកសមត្ថកិច្ច ដឹកនាំដោយលោកអភិបាលក្រុង ជិន សារិន បានចុះទៅដល់កន្លែងចាក់ដី រំលោភយកផ្ទៃបឹង ធ្វើឲ្យក្រុមអ្នកបើកបររថយន្តដឹកដី នាំគ្នាបើករត់គេចខ្លួនប្រសាចបាត់អស់ទៅ ដោយមិនឃាត់ខ្លួននរណាបានម្នាក់ឡើយ។
ឆ្លើយតបទៅនឹងការបំពាន ពីសំណាក់ជនខិលខូច ឃុបឃិតគ្នារំលោភយកដី ផ្ទៃបឹងព្រែកទប់ ប្រភពផ្តល់ទឹកសាបដ៏ សំខាន់នៅក្នុងខេត្តព្រះសីហនុនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងឱកាសអញ្ជើញ ចុះទៅប្រកាសតែងតាំងលោក ឈិត សុខុន ជាអភិបាលខេត្តថ្មី ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែឧសភា កន្លងទៅនេះ បានប្រកាសឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ រួមគ្នាមើលថែបឹងព្រែកទប់ ធ្វើយ៉ាងណារក្សាឲ្យបាននូវនិរន្តរភាព នៃការផ្គត់ផ្គង់ទឹកសាប។
លោកឧបនាយករដ្ឋមន្រ្តី នូវបានរំលឹកដល់មន្រ្តីក្នុងខេត្តថា ប្រយ័ត្នគ្មានទឹកសាបសម្រាប់ប្រើប្រាស់ ជាពិសេសសម្រាប់ភ្ញៀវទេសចរតែម្តង៕
អភិបាលក្រុងព្រះសីហនុ លោក ជិន សារិន
លោក ញ៉ាញ់ ស៊ីផុន មេការត្រួតពិនិត្យសកម្មភាពចាក់ដី