ដោយ ៖ សយ សុភាព
ភ្នំពេញ ៖ ដោយសារតែ លោក សូ សុខ អតីតប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និង សំណង់ គោរពថ្នាក់ដឹកនាំក្រសួង ទើប សូ សុខ ជំទាស់ទៅនឹងបញ្ជារបស់ លោក ស្បោង សារ៉ាត់ អភិបាលខេត្ដ ព្រះសីហនុ ដែលនឹងត្រូវផ្លាស់ចេញនៅថ្ងៃទី៨ ខែឧសភា ខាងមុខ បង្ខំឱ្យចុះហត្ថលេខា លើប្លង់កម្មសិទ្ធិ ដីនៅតំបន់បឹងព្រែកទប់ និងឆ្នេរមួយចំនួន ជាហេតុធ្វើឱ្យអភិបាលខេត្ដរូបនេះខឹងសម្បា ហើយស្នើសុំទៅក្រសួង ដើម្បីផ្លាស់ប្ដូរ។ លោក សូ សុខ ក៏មិនជំទាស់ ក៏ព្រោះតែគោរពរដ្ឋមន្ដ្រីរបស់ ខ្លួន និងមិនចង់ឃើញ អង្គភាព ប្រឆាំងអំពើពុករលួយ កោះហៅទៅសួរនៅពេលណាមួយ ប្រសិនបើរកឃើញថាបានប្រព្រឹត្ដ មិនគប្បី។ កាយវិការរបស់ សូ សុខ ត្រូវបានអ្នកខេត្ដព្រះសីហនុ ឱ្យតម្លៃថាចេះគិតគូរការពារផល ប្រយោជន៍រួម និងផ្ដល់កិត្ដិយសដល់ថ្នាក់ដឹកនាំរបស់ខ្លួន ។ ប៉ុន្ដែដោយឡែកលោក ហ៊ុន ភី អតីតអនុប្រធានរបស់លោក សូ សុខ ដែលទើបបានប្រកាស ទទួលតំណែងជាប្រធានមន្ទីរ ជំនួសលោក សូ សុខនោះ គ្មានបានពិចារណាអ្វីដែលខុសអ្វីដែលត្រូវ អ្វីដែលជាទ្រព្យសម្បត្ដិរួមនោះទេ សំខាន់គឺត្រូវ បំពេញទៅតាមបំណងរបស់អភិបាលខេត្ដ ស្បោង សារ៉ាត់ ដោយឡើងកាន់តំណែងភ្លាម ក៏បានចុះហត្ថ លេខា ផ្ដល់កម្មសិទ្ធិដីធ្លី ទាក់ទិនទៅនឹងទង្វើមិនប្រក្រតីខាងលើនេះ។ ទង្វើនេះដើម្បីផ្គាប់ផ្គន់អ្នកយកទ្រព្យ សម្បត្ដិជាតិទៅធ្វើជារបស់ផ្ទាល់ខ្លួន ដែលទង្វើនេះជា ការមើលស្រាល និងបន្ទាបកិត្ដិយសរបស់ចៅហ្វាយនាយ ផ្ទាល់ គឺលោក ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ អឹុម ឈុនលឹម ដែលជាអ្នកសម្រេចតែងតាំងលោកទៅវិញ ។
ប្រជាពលរដ្ឋនៅខេត្ដព្រះសីហនុ បាននិយាយថា ទាក់ទិនទៅនឹងរឿងមិនប្រក្រតី នៃការចេញ ប័ណ្ណកម្មសិទ្ធិដីធ្លី នៅបឹងព្រែកទប់ ដែលជាបឹងស្ដុកទឹកសាបដ៏ធំ សម្រាប់ផ្គត់ផ្គង់ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ត្រូវបានលោកទេសរដ្ឋមន្ដ្រី អឹុម ឈុនលឹម ចេញសេចក្ដីប្រកាស កាលពី ថ្ងៃទី២៧ ខែមីនា កន្លងទៅ ដោយ ប្រាប់អភិបាលខេត្ដ ស្បោង សារ៉ាត់ អំពីភាពមិនប្រក្រតីនៃការចុះបញ្ជី ចេញប័ណ្ណកម្មសិទ្ធិ នៅតំបន់បឹងព្រែកទប់ ស្ថិតនៅក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ កន្លងមក នៅពុំទាន់ច្បាស់លាស់អំពីចំនួនគ្រួសារ ចំនួនក្បាលដី ការកំណត់តំបន់ការពារ និងតំបន់សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធ ដែលអាចបង្ក បញ្ហាស្មុគស្មាញទៅថ្ងៃមុខ។
លោកទេសរដ្ឋមន្ដ្រី អឹុម ឈុនលឹម បានក្រើនរំលឹកថា ដើម្បីចៀសវាងបញ្ហាខាងលើ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សុំឱ្យអភិបាលខេត្ដព្រះសីហនុ ផ្សព្វផ្សាយឱ្យបានទូលាយ អំពីការចុះបញ្ជីដីធ្លី នៅតំបន់ព្រែកទប់នេះ។ ឥឡូវនេះតំបន់ព្រែកទប់ កំពុងរងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដោយសារតែការចាក់ដី លុបបឹងជា បន្ដបន្ទាប់ពីក្រុមមនុស្ស ដែលស្និទ្ធនឹងអភិបាលខេត្ដស្បោង សារ៉ាត់ (ដោយឡែកប្រជាពលរដ្ឋ ចំនួន ៥៦គ្រួសារ ដែលបានតាំងទីលំនៅ នៅក្បែរតំបន់នោះ ពុំបាន បង្កភាពគ្រោះថ្នាក់ ទៅដល់តំបន់បឹង ព្រែកទប់ទេ)។
ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ដែលបានដឹងថា លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលនឹងអញ្ជើញជាអធិបតី នៅក្នុងពិធីផ្ទេរតំណែង អភិបាលខេត្ដ ស្បោង សារ៉ាត់ ចេញ ជំនួសដោយលោក ឈិន សុខុម មកប្រធានក្រុមប្រឹក្សាខេត្ដតាកែវ ចូលជំនួស សំណូមពរឱ្យលោក ឧបនាយករដ្ឋមន្ដ្រី ចាត់វិធានការ ចំពោះករណីខាងលើនេះ ប្រយោជន៍ការពារកុំឱ្យបឹងព្រែកទប់ កាន់តែ រងគ្រោះ ដែលទីចុងបញ្ចប់ ប្រជាពលរដ្ឋនៅខេត្ដព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរ ជួបនូវវិបត្ដិទឹក ក៏ដូចជាបំពុលបរិស្ថាន ឈានទៅដល់ការខូចឆ្នេរសមុទ្រផងដែរ។ កន្លងមកវិបត្ដិខ្វះទឹកបានជួបប្រទះហើយ។
អ្នកក្រុងព្រះសីហនុ បានក្រើនរំលឹកថ្នាក់ដឹកនាំខេត្ដព្រះសីហនុថា សូមឱ្យក្រឡេកមើលលោក ចែម សង្វា ដែលជាមន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលទើបត្រូវបានចាប់ខ្លួនដោយអង្គភាព ប្រឆាំងអំពើពុករលួយ ព្រោះកាលខ្លួននៅមានអំណាច ខ្លួនបានប្រព្រឹត្ដអំពើពុករលួយ លួចលុយជាតិ ដូច្នេះសូមឱ្យថ្នាក់ដឹកនាំខេត្ដព្រះសីហនុ រួមទាំងលោក ហ៊ុន ភី ក្រឡេកមើលករណីនេះ កុំឱ្យវាកើតមាន ដល់ខ្លួន ហើយសូមកុំបន្ទាបកិត្ដិយសរដ្ឋមន្ដ្រីរបស់ខ្លួន ដោយហ៊ានប្រឆាំង ទៅនឹងសេចក្ដីប្រកាស របស់ក្រសួង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤នោះ៕