Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជា និង ADB ប្រារឰ ខួបលើកទី២០ នៃភាពជាដៃគូ និងអភិវឌ្ឍន៍

$
0
0

ភ្នំពេញ៖ ប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រារព្ធខួបលើកទី២០ នៃភាពជាដៃគូ និងបានរួមចំណែកយ៉ាង ច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។ ពីធីអបអរសាទរខួបលើកទី២០ នេះ ធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១២ នាវិមានសន្តិភាព ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមថ្លែងបើកពិធីដ៏មានតម្លៃនេះ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ADB បានឲ្យដឹងថា ក្នុងឱកាសនោះ លោក Haruhiko Kuroda ប្រធាន ADB បាន មានប្រសាសន៍ថា “ប្រទេសកម្ពុជា កំពុងតែប្រែខ្លួនទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសក្រោយជម្លោះ ដែលទទួលបាន  ជោគជ័យជាងគេនៅក្នុងពិភពលោក។ កាលពីឆ្នាំ ១៩៩២ ប្រជាពលរដ្ឋជាងពាក់កណ្ដាល រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ប៉ុន្ដែភាគរយនេះ បានធ្លាក់ចុះនៅក្រោម ១ភាគ៤ ហើយ នាពេលបច្ចុប្បន្ននេះ”។

ប្រភពដដែល បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៩២ មក ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្ដិការ ជិត ២ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជា ដែលក្នុងនោះមាន ហិរញ្ញប្បទាន សម្បទាន និងជំនួយអភិវឌ្ឍន៍ សម្រាប់វិស័យ គមនាគមន៍/ដឹកជញ្ផូន ថាមពល អភិវឌ្ឍន៍ទីក្រុង និងជនបទ អប់រំ និងបណ្ដុះបណ្ដាលវិជ្ផាជីវៈ ការថែទាំសុខភាព វិស័យ ហិរញ្ញវត្ថុ និងការអភិវឌ្ឍវិស័យឯកជន។

ជាមួយនឹងជំនួយនេះ រដ្ឋាភិបាលបានស្ដារឡើងវិញ ឬកសាងនូវផ្លូវជាតិ ផ្លូវខេត្ដ និងផ្លូវជនបទបានប្រវែង ៤.០០០ គីឡូម៉ែត្រ សាលាបឋមសិក្សាចំនួន ៣៥០ នៅតំបន់ដាច់ស្រយាល សាលាមធ្យមសិក្សាជាង ៣៥៥ នៅទូទាំងប្រទេស និងអគារ សម្រាប់ ក្រុមប្រឹក្សាឃុំចំនួន ៧០០។ ហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានគាំទ្រដល់ការបណ្ដុះបណ្ដាលសមាជិក ក្រុម ប្រឹក្សាឃុំជាង ២០.០០០នាក់ បានផ្ដល់អគ្គិសនី ដល់ប្រជាពលរដ្ឋជាង ៦០.០០០គ្រួសារ និងបានផ្គត់ផ្គង់ទឹកស្អាតដល់ ប្រជាពលរដ្ឋជាង១លាននាក់ និងលើកកម្ពស់អនាម័យ ដល់ប្រជាពលរដ្ឋជាង១ភាគ៤លាននាក់។

ធនាគារអភិវឌ្ឍន៍អាស៊ី បានជួយពង្រឹងធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ជាមួយនឹងការជួយលើកកម្ពស់ នូវបទប្បញ្ញត្ដិនានា និងបានជួយផ្ដល់លទ្ធភាព ឱ្យប្រជាពលរដ្ឋខ្មែរជាង ៣៦.០០០ នាក់ បើកគណនីមីក្រូហិរញ្ញវត្ថុ និងខ្ចីកម្ចី។ ដើម្បីជួយឱ្យមាន កំណើនក្នុងវិស័យឯកជន ធនាគារអភិវឌ្ឍន៍អាស៊ី បានជួយប្រទេសកម្ពុជា នៅក្នុងការរៀបចំបទប្បញ្ញត្ដិនានា ដែលជំរុញឱ្យ ការចុះបញ្ជីពាណិជ្ផកម្ម មានភាពងាយស្រួល និងចំណាយអស់តិចជាងមុន។

ប្រទេសកម្ពុជា ក៏បានទទួលប្រយោជន៍ ពីការចូលរួមយ៉ាងសកម្មរបស់ខ្លួន នៅក្នុងកម្មវិធីមហាអនុតំបន់ ទន្លេមេគង្គផងដែរ ដែលកម្មវិធីនេះ បានភ្ផាប់ទំនាក់ទំនងប្រទេសកម្ពុជា ជាមួយនឹងប្រទេសជិតខាង នៅក្នុងវិស័យនានា ដូចជាការផ្គត់ផ្គង់ ថាមពល ការត្រួតពិនិត្យជំងឺឆ្លង ទេសចរណ៍ និងកិច្ចសម្រួលការដឹកជញ្ផូន និងពាណិជ្ផកម្មឆ្លងដែន។

សកម្មភាពទាំងនេះ បានរួមចំណែកធ្វើឱ្យមានការកើនឡើងប្រចាំឆ្នាំ ជាមធ្យមចំនួន ៨% នៃ GDP របស់ប្រទេសកម្ពុជា ចន្លោះ ពីឆ្នាំ ១៩៩៣ ដល់ ២០១១។ នៅក្នុងរយៈពេលដូចគ្នានេះ ចំណូលក្នុងប្រជាជនម្នាក់ បានកើនឡើងបន្ដិចម្ដងៗពី ២០០ ដុល្លារអាមេរិក ដល់ជិត ១.០០០ ដុល្លារអាមេរិក។

យុទ្ធសាស្ដ្រភាពជាដៃគូ ប្រចាំប្រទេសបច្ចុប្បន្ន របស់ធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រដល់ផែនការអភិវឌ្ឍន៍ របស់រដ្ឋាភិបាល តាមរយៈការវិនិយោគ លើសកម្មភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន ការអភិវឌ្ឍទីក្រុង និងការប្រែប្រួល អាកាសធាតុ ក៏ដូចជា វិស័យអាទិភាពទាំង ៥ ដែលក្នុងនោះ រួមមាន គមនាគមន៍/ដឹកជញ្ជូន ការផ្គត់ផ្គង់ទឹក កសិកម្ម និងធនធានធម្មជាតិ អប់រំ និងហិរញ្ញវត្ថុ។

ដោយមានមូលដ្ឋាន នៅទីក្រុងម៉ានីល ADB ប្ដេជ្ញាកាត់បន្ថយភាពក្រីក្រ នៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈកំណើន សេដ្ឋកិច្ច ប្រកបដោយសមធម៌ ដែលមានការចែករំលែកទូលំទូលាយ កំណើនធានានិរន្ដភាពបរិស្ថាន និងសមាហរណកម្មតំបន់។ បង្កើតឡើងនៅក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៧ ប្រទេស ដែលក្នុងនោះមាន ៤៨ ប្រទេសនៅ ក្នុងតំបន់។ នៅក្នុងឆ្នាំ ២០១១ ADB បានអនុម័តផ្ដល់ហិរញ្ញប្បទាន បូករួមទាំងសហហិរញ្ញប្បទានផង ចំនួន ២១.៧ ពាន់លានដុល្លារអាមេរិក៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>