Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មេដឹកនាំបក្សប្រឆាំង បើកយុទ្ធនាការ រកសំឡេងឆ្នោត ទ្រង់ទ្រាយធំ នៅខេត្តកំពង់ចាម

$
0
0

កំពង់ចាម៖ ក្បួនយុទ្ធនាការទ្រង់ទ្រាយធំនៅថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់គណបក្សសង្រ្គោះជាតិ ត្រូវបានធ្វើឡើងនៅលើទឹកដីខេត្តកំពង់ចាម ដឹកនាំដោយ លោក សម រង្ស៊ី ប្រធានបក្ស និងលោក កឹម សុខា អនុប្រធានបក្ស។ ដោយឡែកសមត្ថកិច្ចវិញ បានដាក់កម្លាំង ពង្រាយពង្រឹងសន្តិសុខក្នុងខេត្តយ៉ាងតឹងរឹង ជាពិសេសតាមទីតាំងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា បង្កាក្លាចមានជនឱកាសនិយម។

យោងតាមសេចក្តីរាយការណ៍ពីខេត្តកំពង់ចាម បានឲ្យដឹងថា យុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់គណបក្ស សង្រ្គោះជាតិ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ដែលជាថ្ងៃចុងក្រោយ នៃយុទ្ធនាការនេះ លើទឹកដីខេត្តកំពង់ ចាម គណបក្សសង្រ្គោះជាតិ ដែលមានការចូលរួមហែហមពីក្រុមអ្នកគាំទ្រជាច្រើននោះ បានដង្ហែក្បួនពីស្រុកកំពង់ សៀម ឆ្ពោះទៅកាន់ទីរួមខេត្តកំពង់ចាម។

ទន្ទឹមនឹងការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតរបស់បក្សប្រឆាំងនេះ កម្លាំងសមត្ថកិច្ច ត្រូវបានគេមើលឃើញថា ដាក់ពង្រាយយ៉ាងច្រើនផងដែរ ក្រោមហេតុផលពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយគ្រប់ទីតាំងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងខេត្តកំពង់ចាម ដើម្បីពង្រឹង កិច្ចការពារក្លាចមានជនឱកាសនិយម។

លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចនេះ ធ្វើឡើងតាមការស្នើសុំរបស់ម្ចាស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សសង្រ្គោះជាតិ បានឲ្យដឹងផងដែរថា នៅថ្ងៃផ្តាច់ព្រ័ត្រនៃយុទ្ធនាការឃោសនា រកសំឡេងឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២ នៅពេលរសៀលថ្ងៃទី១៦ ខែឧសភា នេះ លោក សម រង្ស៊ី និង លោក កឹម សុខា នឹងដឹកនាំក្រុមអ្នកគាំទ្រ ធ្វើយុទ្ធនាការទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងឈានចូលមកដល់នៅថ្ងៃទី  ១៨ ខែឧសភា ឆ្នាំ២០១៤នេះ។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ៥បានចុះឈ្មោះ និងដាក់ បេក្ខជនឈ្មោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសាធា  រណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នាពេលកន្លងទៅ បានឲ្យ ដឹងថា គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជននៅទូទាំង ២៥ខេត្ត រាជធានី និងមណ្ឌលក្រុង ស្រុក ខណ្ឌទូ ទាំង១៩៧។ ចំណែកគណបក្សសង្គ្រោះជាតិ ចុះឈ្មោះបេក្ខជននៅ ២៤ខេត្ត រាជធានី ដោយមិនមាននៅខេត្តកែប ទេ។ ចំណែកស្រុកចំនួន ១៩៥។

គណបក្សហ៊្វុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត នៅ ៤ខេត្ត គឺខេត្តឧត្តរមាន ជ័យ ស្ទឹងត្រែងកំពង់ធំ និងខេត្តបន្ទាយមានជ័យ។ គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានចុះឈ្មោះដាក់បេក្ខជននៅក្រុង ស្រុក ខណ្ឌ ចំនួន ២៩ផងដែរ។

គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានចុះឈ្មោះដាក់បេក្ខជនចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត  ចំនួន ២ខេត្ត គឺនៅខេត្តតាកែវ និងខេត្តកំពង់ធំ។ ចំណែកមណ្ឌលក្រុងស្រុកខណ្ឌ ចំនួន ៤។ រីឯគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានចុះឈ្មោះដាក់បេក្ខជនចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ  នៅតែមួយស្រុកប៉ុណ្ណោះ គឺនៅក្នុងខេត្តសៀមរាប។

ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នាថ្ងៃទី១៨ ខែឧសភា  ឆ្នាំ២០១៤ ជាការបោះឆ្នោតអសកល ពោល គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងចំនួន ១១.៤៥  ៩នាក់ មកពីគណបក្សចំនួន ៧ ប៉ុណ្ណោះ ជាអ្នកមានសិទ្ធិបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបចំនួន ៣.៣២៤នាក់ ដែលក្នុងនោះ មានក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៣៩៣ នាក់  និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ២៩៣១ នាក់។

គ.ជ.ប. បន្តឲ្យដឹងផងដែរថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុបចំនួន ១១.៤៥៩នាក់ ដែលជាអ្នកបោះឆ្នោត មកពីគណបក្សប្រជាជនកម្ពុជាចំនួន ៨.២៩២នាក់។ គណបក្សសមរង្ស៊ី បាទទួល ២.១៥៥ នាក់។ គណបក្សសិទ្ធិ មនុស្សចំនួន ៨០០នាក់។ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ១៥១នាក់។ គណបក្សនរោត្តមរណឫទ្ធិ ឬគណបក្សជាតិ និយមចំនួន ៥២នាក់។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៨នាក់ និងគណបក្សសញ្ជាតិកម្ពុជា ចំនួន១នាក់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>