កំពង់ធំៈ ក្រុមប្រឹក្សាខេត្ដកំពង់ធំ នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ បានប្រារឰកិច្ចប្រជុំមួយ ដោយបានសម្រេច គាំទ្រក្រុមប្រឹក្សារាជធានី ខេត្ដ បន្ទាប់ពីលោក ណាំ ទុំ ប្រធានក្រុមប្រឹក្សាខេត្ដ ដឹកនាំអង្គប្រជុំ គូសបញ្ជាក់អំពីបទបញ្ជាផ្ទៃក្នុង លក្ខន្ដិកៈទិសដៅ និងគោលបំណង នៃសមាគមក្រុមប្រឹក្សា នៃព្រះរាជាណាចក្រកកម្ពុជារួចមក។ ក្នុងអង្គប្រជុំបានបង្ហាញឱ្យ ឃើញ ពីអត្ថប្រយោជន៍សមាគម គឺពង្រឹងលទ្ធិ ប្រជាធិបតេយ្យ បង្កើនការអភិវឌ្ឍន៍ និងភាពងាយ ស្រួល ស្វែងរកជំនួយគាំទ្រ ពីស្ថាប័នអង្គការនានា នៃបណ្ដា ប្រទេសផ្សេងៗ។
លោក ណាំ ទុំ បានគូសបញ្ជាក់ថា លោកបានជាប់ជាប្រធាន នៃសមាគមក្រុមប្រឹក្សារាជធានីខេត្ដ តាមរយៈការបោះឆ្នោត កន្លងទៅថ្មីៗនេះ នៅខេត្ដបាត់ដំបង។ ក្នុងកិច្ចប្រជុំនេះដែរ លោកក៏បានលើកឡើង អំពី សំណូមពររបស់ប្រជាពលរដ្ឋ ដែលមានកង្វល់អំពីការងារបង្កបង្កើនផលស្រូវប្រដេញទឹក នៅតំបន់៣។
លោក ណាំទុំ បានលើកឡើងអំពីសំណូមពរ របស់ប្រជាពលរដ្ឋ ទី១ គឺប្រជាពលរដ្ឋតំបន់៣ តាមរយៈលោកអនុប្រធានទី១ រដ្ឋសភាជាតិ។ ទី២ ស្នើសុំឱ្យក្រុមអន្ដរក្រសួង ពិនិត្យបែងចែកដីនៅតំបន់២ និងតំបន់៣ ជាថ្មី ពីព្រោះការបែងចែកកាលពីមុន បានប៉ះពាល់ដីស្រែបង្កបង្កើនផលរបស់ប្រជាពលរដ្ឋច្រើនពេក។ ទី៣ សូមឱ្យក្រសួងធនធានទឹក ចុះមកធ្វើអាង៣ជ្រុងជាគំរូ ដើម្បីប្រជាពលរដ្ឋ ងាយអនុវត្ដបង្កបង្កើនផល។
លោក ណាំ ទុំ បានមានប្រសាសន៍ថា បច្ចុប្បន្នមានប្រជាកសិកររាប់ពាន់នាក់ កំពុងធ្វើស្រែបណ្ដេញទឹក នៅតំបន់៣ ដែល កំពុងប្រឈមផ្លូវច្បាប់ របស់រាជរដ្ឋាភិបាល។ នៅក្នុងនោះ លោកក៏បានមានប្រសាសន៍បន្ថែមថានៅព្រឹកថ្ងៃ សៅរ៍ ទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០១២ នឹងប្រារឰកិច្ចប្រជុំ ពិនិត្យអំពីបញ្ហានេះ ដើម្បីប្រមូលរបាយការណ៍ ពីតាមបណ្ដាស្រុកពាក់ព័ន្ធ ចំនួនផ្ទៃដី ប៉ះពាល់តំបន់មុខអនុក្រិត្យ និងក្រោយអនុក្រិត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងកិច្ចប្រជុំនេះ នឹងធ្វើជាកញ្ចប់ទៅរាជរដ្ឋាភិបាល តាមសំណូមពរប្រជាពលរដ្ឋ តាមភារកិច្ចក្រុមប្រឹក្សាខេត្ដ ដោយស្រាយអំពី កង្វល់របស់ប្រជាពលរដ្ឋ៕