ភ្នំពេញៈ បុរស អ្នកបោស សំរាមតាមផ្លូវម្នាក់ បានបង្កឱ្យមានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ដែលបាន យកកាំបិត អារដៃខ្លួនឯង ផ្នែកខាងឆ្វេង នៅខាងក្រោយមន្ទីរពេទ្យ គន្ធបុប្ផា (ក្បែរព្រះបរមរាជវាំង) ដោយពុំដឹងមូលហេតុ បណ្តាលឱ្យ ហូរឈាមរហាម ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១២ ដែលធ្វើឱ្យមនុស្សម្នា នៅទីនោះចោមរោមមើលគ្រប់គ្នា ។
នៅកន្លែងកើតហេតុ ពុំមាននរណាម្នាក់ បានស្គាល់ពីអត្តសញ្ញាជនរងគ្រោះឡើយ ដោយគ្រាន់តែបញ្ជាក់ថា ជនរងគ្រោះ មានទីលំនៅមិនពិតប្រាកដ គឺជាអ្នកបោស សំរាម នៅតាមផ្លូវ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលតែងតែ ផឹងស្រាស្រវឹង រៀងរាល់ថ្ងៃ ។
ដោយឡែកជនរងគ្រោះ មិនបាននិយាយអ្វីច្រើនទេ ដោយគ្រាន់តែប្រាប់ថា រូបគេ ខឹងប្រពន្ធរបស់ខ្លួន ទើបអារដៃដូច្នេះ ប៉ុន្តែមិនបញ្ជាក់ថា រូបគេខឹងប្រពន្ធរបស់ គេដោយសារអ្វីនោះទេ ។
ទោះជាយ៉ាងណា គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ចំពោះហេតុការណ៍នេះ នៅឡើយទេ ដោយសារតែជនរងគ្រោះមិនចង់និយាយអ្វីទាំងអស់ ហើយបច្ចុប្បន្នប្រជាពលរដ្ឋ កំពុងតែនាំជននេះ ទៅសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែត ៕