ភ្នំពេញ៖ ថ្ងៃទី0៤ ខែមិថុនា ឆ្នាំ២០១៤ នេះជាថ្ងៃ ប្រកាសសាលក្រម ចំពោះសំណុំរឿង រំលោភកម្មសិទ្ធិ អ្នកនិពន្ធ ក្នុងការផលិតរបស់រោងពុម្ពគីមឡុង ដែលប្តឹងដោយលោក ឥន្ទ យឿន ជាសាស្ត្រចារ្យផ្នែកច្បាប់។ ចំពោះការចោទប្រកាន់ ខាងលើនេះ ម្ចាស់រោងពុម្ពគីមឡុង បានចាត់ទុកថាជារឿងមិនត្រឹមត្រូវ ដោយបាន ស្នើសុំឲ្យចៅក្រម សាលាដំបូងរាជធានីភ្នំពេញ មេត្តាផ្តល់ភាពយុត្តិធម៌ ជូនខ្លួនតាមផ្លូវច្បាប់។
សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី បានបើកសវនការជំនុំជម្រះរឿងក្តី រំលោភសិទ្ធិអ្នកនិពន្ធក្នុងការផលិត ដែលប្តឹងដោយលោក ឥន្ទ យឿន។ ក្នុងអង្គសវនាការ លោក ឥន្ទ យឿន វ័យ៤៣ឆ្នាំ ជាអ្នកនិពន្ធ និងជាដើមបណ្តឹងនោះ បានថ្លែងថា រោងពុម្ពគីមឡុង កន្លងមកបានទទួលបោះពុម្ពសៀវភៅ របស់លោកជាច្រើនក្បាល និងច្រើនប្រភេទ មានដូចជាសៀវភៅសន្ទានុ ក្រមពាក្យច្បាប់ចំនួន២០០០ក្បាល សៀវភៅស្ថាប័នរដ្ឋ ចំនួន២០០០ក្បាល នីតិគ្រួសារ និងអាពាហ៍ពិពាហ៍ភាគ១ ភាគ២ ចំនួន៦០០០ ក្បាល និងសៀវភៅជាច្រើនទៀត។
លោក ឥន្ទ យឿន បន្តទៀតថា ឆ្លៀតពេលនោះ រោងពុម្ពគីមឡុង និងបណ្ណាគារគីមឡុង ថតនិងផ្តិតរូប បានលួចបោះពុម្ពចម្លងសៀវភៅ របស់លោកបញ្ចេញទៅលក់ក្នុង បណ្ណាគាររបស់ខ្លួន ដោយមិនមាន បោះត្រាសម្គាល់ពី រូបលោកផ្ទាល់នោះឡើយ។ ចំពោះការចោទប្រកាន់ខាងលើនេះ ប្រធានទីផ្សាររោងពុម្ព គីមឡុង បានធ្វើការបដិសេធទាំងស្រុង ហើយចាត់ទុកថា ការចោទប្រកាន់របស់លោក ឥន្ទ យឿន ជាការបង្កាច់បង្ខូចដ៏ធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងការធ្វើអាជីវកម្មបស់រោងពុម្ព។
ប្រធានទីផ្សាររោងពុម្ពគីមឡុង លោក លីម កេតដារ៉ា បញ្ជាក់ថា រាល់ការបោះពុម្ពឱ្យលោក ឥន្ទ យឿន សុទ្ធតែមានការកុម្មង់ មិនមែនលួចបោះពុម្ពសៀវភៅ របស់គាត់ណាមួយឡើយ ដូចជាមានវិក័យបត្រដែលលោក ឥន្ទ យឿន នៅជំពាក់ប្រាក់រហូតដល់រោងពុម្ពគីមឡុង ដាក់ពាក្យបណ្តឹងលោក ឥន្ទ យឿនឲ្យ សងប្រាក់ដែលនៅជំពាក់រោងពុម្ព ។ សូមបញ្ជាក់ថា សៀវភៅដែលសម្ថកិច្ចចម្រុះគ្រប់ស្ថាប័នឆែកឆេរ និងចាប់ បានពីបណ្ណាគារគីមឡុង គឺជាសៀវភៅដែលសល់ ពីការបោះពុម្ព លើសតាម លក្ខណៈបច្ចេកទេស នៃការបោះពុម្ព។ ធម្មតាការបោះពុម្ពតែងតែបោះលើសពី ៣% ទៅ១០% សម្រាប់ទូរទាត់ការខូចខាត។
យើងខ្ញុំសូមបដិសេធជាដាច់ខាត នូវសំដីរបស់លោក ឥន្ទ យឿន ដែលចោទថារោងពុម្ពគីមឡុង បានលួចបោះពុម្ព លក់ និងចែកចាយសៀវភៅរបស់គាត់ ពីព្រោះការបោះពុម្ពទាំងអស់សុទ្ធតែមានការកុម្មង់ ឬបញ្ជាពីគាត់។
ជាមួយគ្នានេះលោក ឥន្ទ យឿន តែងតែនិយាយនៅតាមទូរទស្សន៍ ក៏ដូចជាចុះផ្សាយតាមកាសែត និងបណ្តាញ ព័ត៌មានសង្គមថារោងពុម្ពគីមឡុង លួចបោះពុម្ពសៀវភៅគាត់ និងចែកចាយ តើមូលហេតុអ្វីបានជាលោក ឥន្ទ យឿន នៅតែបញ្ជា ឬកុម្មង់រោងពុម្ពគីមឡុង ឲ្យបោះពុម្ពសៀវភៅឲ្យគាត់២មុខ ផ្សេងទៀតក្នុងអំឡុង ដែលគាត់បាននឹងកំពុងប្តឹងរោងពុម្ពថា បានលួចបោះពុម្ពសៀវភៅគាត់ដោយគ្មានការអនុញ្ញាត? (អ្វីដែលគាត់ បានលើកឡើងក្នុងបណ្ដាញសារព័ត៌មានទាំងអស់ គឺគាត់មានបំណងចង់មូលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរោងពុម្ព) ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ភាគីរោងពុម្ព ក៏បានទទួលស្គាល់នូវកំហុសឆ្គងបន្តិចបន្តួច។
លោក លីម កេតដារ៉ា អះអាងថានេះជាកំហុសអចេតនា និងជាការគ្រប់គ្រងមិនបានដិតដល់ បន្ទាប់ពីបុគ្គលិក របស់លោក បានច្រឡំយកសៀវភៅមួយកញ្ចប់ ប្រមាណ១៥ក្បាល យកចេញពីរោងពុម្ពទៅដាក់ក្នុងបណ្ណាគារ ដែលនេះកត្តា នំាឲ្យលោក ឥន្ទ យឿន ធ្វើការប្តឹង។ សូមបញ្ជាក់ផងដែរថា លោកសាស្រ្តចារ្យ ឥន្ទ យឿន គឺធ្លាប់មាន ទំនាក់ទំនងជិតស្និទ្ធជាមួយនិងរោងពុម្ពគីមឡុង ក្នុងការបោះពុម្ពសៀវភៅនេះ ជាច្រើនឆ្នាំមកហើយ ការទំនាក់ទំនងនេះទៀត សោធរោងពុម្ពតែងតែយោគយល់គាត់ មិនដែលបានទូរទាត់ ប្រាក់ភ្លាមៗ ទេក្រោយ ពីបោះពុម្ពឱ្យគាត់រួច និយាយឱ្យចំគឺទុកពេលរហូតដល់គាត់មានប្រាក់មកទូរទាត់ជាក្រោយ៕