ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានពួតដៃ ជាមួយគម្រោងវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋាន គតិយុត្ត ហៅកាត់ថា RIA កសាងនូវសេចក្តីព្រាងអនុក្រឹត្យថ្មីចំនួនពីរទៀត ដើម្បីធ្វើពង្រឹងការអប់រំនៅតាមគ្រឹះ ស្ថានសិក្សាឯកជន។ ការរួមសហការរវាងក្រសួងអប់រំ និង គម្រោង RIA ដែលទទួលបានការឧបត្ថម្ភពីធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) គឺក្នុង បំណងសម្រេចឲ្យបាននូវពិពិធ កម្ម លើសេចក្តីព្រាងអនុក្រឹត្យទាំងពីរ និងកាត់បន្ថយ ឲ្យបានជាអតិបរមាលើផលប៉ះពាល់អវិជ្ជមានទាំងឡាយ។
សេចក្តីព្រាងអនុក្រឹត្យចំនួន២ ដែលក្រសួងអប់រំ កំពុងរៀបចំកសាងឡើងនេះ គឺសេចក្តីព្រាងអនុក្រឹត្យស្តីពីការ បង្កើត និង គ្រប់គ្រងលើគ្រឹះស្ថានសិក្សាឯកជន និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រភេទគ្រឹះស្ថានសិក្សា។
ដើម្បីធ្វើឲ្យសេចក្តីព្រាងអនុក្រឹត្យទាំងពីរទទួលបាននូវគុណភាព និងចៀសវាងនូវផលប៉ះពាល់ផ្សេងទៅលើសង្គម និងសេដ្ឋ កិច្ចជាតិនោះ ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសយកនូវវិធីសាស្រ្តរបស់គម្រោង RIA បង្កើត នូវសេចក្តីព្រាង ច្បាប់ទាំងពីរ ដោយមានកិច្ចខិតខំជ្រោមជ្រែងពីមន្រ្តីគម្រោង RIA នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម កិច្ច និងវប្បធម៌ របស់ទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។
ដោយអនុវត្តន៍តាមវិធីសាស្រ្ត នៃគម្រោង RIA ក្នុងការកសាងសេចក្តីព្រាងអនុក្រឹត្យទាំងពីរឲ្យទទួល បាននូវសុក្រឹតភាព តាមបែបលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ ក្រសួងអប់រំ បានកោះហៅអ្នកគ្រប់គ្រង គ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិតតាំងពីថ្នាក់មត្តេយ្យ រហូតដល់ឧត្តមសិក្សា មកជជែកពិភាក្សាពិគ្រោះយោបល់ ប្រមូលនូវទស្សនៈ គំនិត ក៏ដូចជាសំណើនានា លើសេចក្តីព្រាងអនុក្រឹត្យថ្មីទាំងពីរ។
តាមរយៈវេទិកាពិគ្រោះយោបល់ពេញមួយព្រឹកនោះ ក្រសួងអប់រំ ពិតជាបានប្រមូលនូវគំនិតយោបល់ និង ប្រតិកម្ម ជាច្រើន ពីថ្នាក់ដឹកនាំគ្រឹះស្ថានឯកជន ដើម្បីយកទៅធ្វើជាមូលដ្ឋានសម្រាប់សិក្សា និង វិភាគឲ្យបានកាន់តែស៊ី ជម្រៅថែមទៀត លើសេចក្តីព្រាងអនុក្រឹត្យថ្មីនេះ មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងអប់រំធ្វើការសម្រេចចិត្ត។
លោក ស៊ន សេងហុក ប្រធាននាយកដ្ឋាននីតិកម្ម និងជាប្រធានគម្រោងវាយតម្លៃលើផលប៉ះពាល់លើលិខិតបទ ដ្ឋានគតិយុត្ត នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការជួបពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា ឯកជន គឺជាដំណាក់កាល ដ៏មានសារៈសំខាន់ សម្រាប់ការកសាងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន។ ហើយ ការប្រើវិធីសាស្រ្ត RIA ក្នុងការបង្កើតសេចក្តីព្រាងអនុក្រឹត្យទាំងពីរនេះ នឹងធ្វើឲ្យសេចក្តីព្រាងអនុក្រឹត្យកាន់តែ ទទួលបាននូវភាពល្អប្រសើរថែមទៀត។
លោក ស៊ន សេងហុក បានទទួលស្គាល់ថា គម្រោង RIA ដែលទទួលបានគាំទ្រទាំងផ្នែកស្មារតី ធនធានមនុស្ស និងសេដ្ឋ កិច្ចពីធនាគារ ADB និងកំពុងប្រើសម្រាប់កសាងសេចក្តីព្រាងអនុក្រឹត្យក្នុងក្រសួងអប់រំនោះថា ពិតជាល្អ ប្រសើរសម្រាប់ការ កសាងនូវលិខិតបទដ្ឋានគតិយុត្តនៅកម្ពុជា។ ជាគម្រោងមួយ ដ៏មានសារៈសំខាន់ក្នុងការជួយ កែលំអ និងកសាងនូវលិខិត បទដ្ឋាន ឲ្យមានភាពល្អប្រសើរ តាមរយៈការគិតគូរ បានយ៉ាងល្អិតល្អន់ជាទីបំផុតទាំង ផលប៉ះពាល់លើសង្គម និងចំណុច ខាត និងចំណេញផ្នែកសេដ្ឋកិច្ចជាតិ។
ប្រធានការិយាល័យនីតិកម្ម នៃក្រសួងអប់រំរូបនេះ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «វិធីសាស្រ្ត RIA នេះ មានសារៈ សំខាន់ណាស់ ដូចយើងធ្វើស្ពានឆ្លងទន្លេមួយ បើកាលណាយើងអត់បានស្ទាបស្ទង់ សិក្សាពីផលប៉ះពាល់លើការ សាងសង់ស្ពាន ឬធ្វើថ្នល់ទេ ថ្ងៃក្រោយទឹកលិចទៅ ស្ពានវាបាក់ ប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយខាតបង់ថវិ កាច្រើនទៀត។ ចឹងការ រៀបចំធ្វើ RIA នៅក្នុងក្រសួងនេះ វាប្រៀបដូចយើងធ្វើផ្ទះ សង់ផ្លូវ ស្ពាន វាត្រូវការស្ទាប ស្ទង់ជាមុន វាស់ស្ទង់ជាមុន ដើម្បីគិតពីផលប៉ះពាល់ ចឹងខ្ញុំគិតថា វាមានសារៈសំខាន់ណាស់ ក្នុងការរៀបចំលិខិត បទដ្ឋានគតិយុត្តិ»។
បើតាម លោក ស៊ន សេងហុក ក្រសួងអប់រំ នៅមុនការអនុវត្តន៍គម្រោង RIA ការចេញសេចក្តីព្រាងអនុក្រឹត្យ ឬ សេចក្តី ប្រកាសអ្វីមួយ ក្រសួងបានសិក្សាតែលើផលប៉ះពាល់តិចតួច គឺសិក្សាតែលើផលប៉ះពាល់សិទ្ធិ នៃការចូល រៀនពាក់ព័ន្ធការ ទទួលបានការអប់រំប៉ុណ្ណោះ។ តែចំពោះវិធីសាស្ត្រ នៃការអនុវត្តន៍គម្រោង RIA វិញ មានគំនិត ទូលំទូលាយ ពោលសិក្សា យ៉ាងលំអិតពីផលប៉ះពាល់ទៅលើសិទ្ធិ សង្គម នយោបាយ វប្បធម៌ និង សេដ្ឋកិច្ច និង ជាវិធីសាស្រ្តកាត់បន្ថយផលប៉ះពាល់ឲ្យនៅតិចបំផុត។
ដោយឡែករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី គឹម សេដ្ឋាដានី ក៏បានថ្លែងបញ្ជាក់ផងដែរថា កិច្ច ពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាឯកជន ដែលអនុវត្តន៍តាមវិធីសាស្រ្ត RIA ជាការប្រមូលនូវ មតិយោបល់ ឲ្យបានកាន់តែច្រើនថែមទៀត ជួយឲ្យសេចក្តីព្រាងអនុក្រឹត្យថ្មីរបស់ក្រសួងអប់រំ កាន់សុក្រឹត្យ។
លោក ស៊ន សេងហុក បានបន្តថា សេចក្តីព្រាងអនុក្រឹត្យនេះ បន្ទាប់ពីការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំគ្រឹះ ស្ថាន សិក្សាឯកជនរួចហើយ ក្រសួងនឹងធ្វើរបាយការណ៍វិភាគផលប៉ះពាល់លើវិស័យឯកជនថា មត្តេយសិក្សា បឋមសិក្សា មធ្យម សិក្សា និងឧត្តមសិក្សាប៉ះពាល់កម្រិតណា ពេលអនុក្រឹត្យនេះអនុម័ត្តចេញទៅ។ បន្ទាប់មកទើប ធ្វើរបាយការណ៍វិភាគផល ប៉ះពាល់លើសេចក្តីព្រាងទាំងអស់ ផលប៉ះពាល់ណាអាចទទួលយកបាន និងមិនអាច ទទួលយកបាន។ ក្រោយពិនិត្យហើយត្រូវឆ្លងកាត់ការវាយតម្លៃរបស់ក្រុមការងារផ្នែកច្បាប់នៅក្នុងក្រសួងអប់រំ មុន នឹងដាក់ទៅទីស្តីការគណៈរដ្ឋមន្រ្តីធ្វើការពិនិត្យ និង វិនិច្ឆ័យបន្ត។
លោកស្រី គឹម សេដ្ឋាដានី ក៏បានថ្លែងកោតសរសើរគម្រោង RIA ដែលកំពុងយកមកប្រើជាវិធីសាស្រ្តសម្រាប់ក សាងសេចក្តី ព្រាងអនុក្រឹត្យស្តីពីការបង្កើត និង គ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជន និងអនុក្រឹត្យស្តីពីការកំណត់ ប្រភេទគ្រឹះស្ថានសិក្សាផង ដែរ។ លោកស្រី បានប្រៀបប្រដូចគម្រោងនេះ ដូចជាការចាក់នូវគ្រឹះមួយដ៏រឹងមាំ មុន នឹងសាងសង់សំណង់។
លោកស្រី បានថ្លែងដូច្នេះ «យើងឃើញថា ការវាយតម្លៃលើលិខិតបទដ្ឋានគតិយុត្តនេះ ពិតជាមានសារៈសំខាន់ ណាស់។ បើយើងប្រៀបធៀបដូចជាគ្រឹះសំណង់ មុននឹងសាងសង់ ត្រូវពិចារណាគូសវាស និងកសាងគ្រឹះឲ្យ បាន មាំទាំ បើមិនដូច្នោះ ទេសំណង់អាចបក់រលំ។ ដូចគ្នានេះដែរ ចំពោះការធ្វើសេចក្តីសម្រេចចិត្តលើផ្នែក នយោ បាយ របស់រាជរដ្ឋាភិបាលតាមរយៈ ការដាក់ចេញនូវលិខិតបទដ្ឋាននានា បើសិនយើងធ្វើការសិក្សាផលប៉ះពាល់ មិនបាន ច្បាស់លាស់ទេ នោះវាអាចកើតមាន នូវហានិភ័យនៅថ្ងៃណាមួយ ពេលអនុវត្តន៍ និងបង្កនូវផលលំបាក ដែលស្មាន មិនដល់ចំពោះសេដ្ឋកិច្ច ក៏ដូចជាសង្គម»។
សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត និងគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជន ដែលក្រសួងអប់រំ និងគម្រោង RIA កំពុងតែនាំគ្នា កសាងឡើងនេះ មានជំពូក ៤ និង២៩មាត្រា។ ជំពូកទី១. និយាយពីបទបញ្ញត្តិទូទៅ មាន៣មាត្រា, ជំពូកទី២. និយាយពី លក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យលម្អិតក្នុងការបង្កើតគ្រឹះស្ថានសិក្សាឯកជន ចែកចេញជា ៨ ផ្នែក មាន ២២មាត្រា, ជំពូកទី ៣. និយាយពីអន្តរប្បញ្ញត្តិ មាន ២មាត្រា និងជំពូកទី៤. និយាយពីអវសានប្បញ្ញត្តិ មាន ២មាត្រាផងដែរ។
សេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រភេទគ្រះស្ថានសិក្សា មាន ៤ជំពូក និង ១៤មាត្រា។ ជំពូកទី១. និយាយពី បទ បញ្ញត្តិទូទៅ មាន ៣មាត្រា, ជំពូកទី២. និយាយពីប្រភេទគ្រឹះស្ថានសិក្សា ចែកចេញជា ៣ផ្នែក មាន ៨មាត្រា, ជំពូកទី៣. និយាយពី អន្តរបញ្ញត្តិ មាន ១មាត្រា និងជំពូកទី៤. និយាយពីអវសានបញ្ញត្តិ មាន ២មាត្រា។
លោក ប៉ិច សុខា អគ្គលេខាធិការរងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ និងជាអ្នកគ្រប់គ្រងគម្រោងវាយ តម្លៃលើ ផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត បានថ្លែងថា ការស្តាប់នូវមតិយោបល់ពីអ្នកពាក់ព័ន្ធគ្រប់មជ្ឈដ្ឋាន មុននឹងសម្រេច ឬ អនុម័ត្តអ្វីមួយនោះ គឺជារឿងសំខាន់បំផុត។
បើតាម លោក ប៉ិច សុខា ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាអ្នកឧបត្ថម្ភហិរញ្ញប្បទានលើគម្រោងវាយតម្លៃផលប៉ះ ពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ក៏ចង់ឃើញការពិគ្រោះយោបល់ និងសិក្សាឲ្យបានលំអិតជាទីបំផុត មុននឹង សម្រេចចេញអនុក្រឹត្យ ឬសេចក្តីប្រកាសអ្វីមួយ។
លោក ប៉ិច សុខា ក៏បានថ្លែងចង់ឃើញក្រសួង ស្ថាប័ននៅកម្ពុជា យកគំរូតាមក្រសួងអប់រំ បើកវេទិកាពិគ្រោះយោ បល់ជាមួយអ្នកពាក់ព័ន្ធឲ្យបានច្រើន មុននឹងសម្រេចចេញលិខិតបទដ្ឋានគតិយុត្តនានា៕
លោកស្រី គឹម សេដ្ឋាដានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា
លោក ប៉ិច សុខា អគ្គលេខាធិការរងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ និង ជាអ្នកគ្រប់គ្រងគម្រោងវាយ តម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត
លោក ស៊ន សេងហុក ប្រធាននីតិកម្មក្រសួងអប់រំ និងជាប្រធានគម្រោង RIA នៃក្រសួងអប់រំ