កណ្តាល ៖ បុរសម្នាក់បាន ខ្យល់គ ស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុខណៈ ជនរងគ្រោះ បានជិះម៉ូតូចេញ ពីផ្ទះទៅបឹង ដើម្បីដាំត្រកួន កាលពីវេលាម៉ោង ប្រមាណ ២៖៣០នាទី រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅចំណុច បឹងក្រាញ់ ភូមិព្រែកអញ្ជាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។ មន្រ្តីនគរបាល មូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សរ កេត អាយុ៥៤ឆ្នាំ ទីលំនៅ ភូមិកើតហេតុ មុខរបរ ដាំត្រគួនលក់។
មន្រ្តីនគរបាលមូលដ្ឋាន បានបន្តទៀតថា តាមចម្លើយប្រពន្ធជនរងគ្រោះឈ្មោះ កុយ ចាន់ធី អាយុ ៥០ឆ្នាំ បានឆ្លើយថា កន្លងមកជនរងគ្រោះ ផឹកស្រាមិនរើសវេលាទេ ដោយផឹកជាប្រចាំ និងមានជំងឺលើសឈាមផង ។
លុះថ្ងៃកើតហេតុ វេលាម៉ោង ០៨៖៣០ នាទី ជនរងគ្រោះបាន ជិះម៉ូតូ ទៅបឹងកើតហេតុ តែម្នាក់ឯង ដើម្បីតំរង់ខ្សែសំរាប់ ដាំត្រគួន នៅលើទឹកដែលមានជំរៅ ប្រហែល ០១៖0២ម៉ែត្រ ដោយសារតែមាន កំប្លោករុំត្រគួន។ លុះថ្ងៃដដែល វេលាម៉ោង ១៤៖៣០នាទី ប្រពន្ធបាត់ប្តីយូរពេក ក៏ទៅរកប្តី បន្ទាប់មកបានអុំទូក ទៅដល់កន្លែងដាំត្រគួន ដែលចំងាយពីផ្ទៃគោក ប្រហែល២គីឡូម៉ែត្រ ។
ដល់កន្លែងកើតហេតុហើយ ឃើញតែទូកបាត់ជនរងគ្រោះ ប្រពន្ធមើលចំងាយ ៣ម៉ែត្រ ពីទូកឃើញជនរងគ្រោះ ស្លាប់ក្នុងទឹក ដោយឃើញតែក្បាល ភ្លាមនោះប្រពន្ធបានទាញ សពប្តីដាក់លើទូកដោយឃើញមាន ឈាមតាមច្រមុះ ហើយអុំមកគោកវិញ បន្ទាប់មកក៏ហៅ គេជួយយកសពប្តីមកផ្ទះតែម្តង ហើយក៏បានរាយការណ៍ ដល់សមត្ថកិច្ច។
ក្រោយពីសមត្ថកិច្ច ជំនាញនៃអធិការដ្ឋាន ចុះពិនិត្យសព ពុំមានស្លាកស្នាមអ្វីទេ ហើយក៏ប្រគល់សព ទៅប្រពន្ធជនរងគ្រោះ ធ្វើបុណ្យ តាមប្រពៃណី៕