ភ្នំពេញ៖ សំណុំរឿងមន្រ្តីមន្ត្រីនគរបាលក្រសួងមហាផ្ទៃ បើករថយន្តបុកអ្នកដំណើរ ២នាក់ឲ្យស្លាប់ ពេលកំពុងទៅ រកច្រៀងការ៉ាអូខេ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ច្រាំងចម្រេះ១ ខណ្ឌឬស្សីកែវ កាលពីរថ្ងៃទី៧ ខែមករា ២០១៤ វេលាម៉ោង ៩ និង ៣០ នាទីយប់នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកជំនុំជម្រះហើយនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤នេះ។ សាលក្រមសំណុំរឿងនេះ នឹងត្រូវប្រកាសនៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ។
ចៅក្រមជំនុំជម្រះក្តី លោក ជា សុខហៀង បានឲ្យដឹងថា លោក កេត បូរី អាយុ ៣០ឆ្នាំ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ត្រូវបានចោទប្រកាន់ពីបទ «បើកបរបណ្តាលឲ្យអ្នកដទៃស្លាប់ ដោយអចេតនា»។
លោកចៅក្រម ជា សុខហៀង បន្តថា ជនជាប់ចោទ ត្រូវបានចាប់ខ្លួនកាលពីយប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ បន្ទាប់ពីបើករថយន្តបុកជនរងគ្រោះ ២នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
មន្ត្រីក្រឡាបញ្ជី បានឲ្យដឹងថា នៅក្នុងសំណុំរឿងនេះ ក្រុមគ្រួសារជនរងគ្រោះម្នាក់ បានយល់ព្រមដកពាក្យបណ្តឹង បន្ទាប់ពីទទួលប្រាក់សងជំងឺចិត្ត ២.០០០ដុល្លារ ពីក្រុមគ្រួសារជនជាប់ចោទ កេត បូរី។ ដោយឡែកក្រុមគ្រួសាជន រងគ្រោះម្នាក់ទៀត មិនបានដកពាក្យបណ្តឹងទេ និង បានទាមទារជំងឺចិត្តចំនួន ៤០លានរៀល ស្មើនឹង ១ម៉ឺនដុល្លារអាម៉េរិក ពីជនជាប់ចោទ។ តុលាការនឹងប្រកាសសាលក្រម នៃសំណុំរឿងនេះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤៕