ភ្នំពេញ ៖ ភូមិគ្រឹះមួយកន្លែងរបស់លោក តាន់ ស៊ិនតូ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ត្រូវបានក្រុមចោរគាស់ ចម្រឹងបង្អួច ចូលលួចយកសម្ភារ លុយ និងគ្រឿងអលង្ការ ។ ហេតុការណ៍នេះ បានបង្កឲ្យមានការ ភ្ញាក់ផ្អើល នៅម៉ោងប្រមាណ១រសៀលថ្ងៃទី០៦ មិថុនា ២០១៤ នៅភូមិគ្រឹះលេខ ៣២៤ ផ្លូវចាក់បេតុង ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ខណៈចោរចូលគាស់ភូមិគ្រឹះខាងលើនេះ លោក តាន់ ស៊ិនតូ មិនបាននៅក្នុងភូមិគ្រឹះនោះទេ ដោយរវល់ទៅកំដរភរិយាឆ្លងទន្លេនៅសម្ភពសោភា រីឯប្អូនស្រីរបស់លោក បានទៅផ្សារ និងពេលត្រឡប់មកពីផ្សារវិញចាក់សោចូលទៅក៏ឃើញសម្ភាររាយប៉ាយ ទើបដឹងថាចោរគាស់ ផ្ទះបង្កការភ្ញាក់ផ្អើលតែម្តង ។
សេចក្តីរាយការណ៏បានបញ្ជាក់ទៀតថា សម្ភារ គ្រឿងអលង្ការនិងលុយដែលក្រុមចោរ ប្រមូលយកទៅនោះរួម មាន៖ កំាភ្លើងម៉ាកឡុកមួយដើម ក្រវិលដំាពេជ្រ១គូ ខ្សែកផ្លាកទីនបន្តោងពេជ្រ១ខ្សែ ខ្សែដៃដំាពេជ្រ១ខ្សែ ចិញ្ចៀនពេជ្រ១វង់ ឡេបថប ពីរគ្រឿង កាបូប១ក្នុងនោះមានឯកសារមួយចំនួនដូចជាសៀវភៅធនាគារ ប្លង់ផ្ទះ ប្លង់ដី និង លុយដុល្លារចំនួន១៥០០ដុល្លារ ។ជនរងគ្រោះបាននិយាយថា សរុបជាលុយដែលចោរ ប្រមូលទៅនោះអស់ប្រមាណ២ម៉ឺនដុល្លារ ៕