Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រវត្តិតំបន់ បឹងព្រែកទប់ នៅខេត្តព្រះសីហនុ

$
0
0

ដោយ៖ សយ សុភាព

ភ្នំពេញ៖ បឹងព្រែកទប់ កាលដើមឡើយ មិនទាន់មានការរំលោភយកមានផ្ទៃដីទាំងមូល ចំនួន ២៧០ហិកតា (ផ្ទៃបឹង រួមទាំងដីផ្ទៃ រងទឹកភ្លៀងក្រវាត់ការពារជុំវិញបឹង) ក្រោយមកក៏មានការទន្ទ្រាន យកដីផ្ទៃរងទឹកភ្លៀងកាន់កាប់ដោយគ្មានច្បាប់ ក៏នៅសល់តែ៩២ហិកតាប៉ុណ្ណោះ (ជំនាន់លោក សាយ ហាក់) ។ លុះដល់ជំនាន់លោក ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុ ដីផ្ទៃរងទឹកភ្លៀងដែលនៅសល់ចំនួន ៩២ហិកតា ត្រូវបានឃុបឃិតគ្នា រំលោភយកអស់គ្មានសល់។ ដោយលោក ស្បោង សារ៉ាត បានសំរេចការពារតែផ្ទៃបឹងព្រែកទប់ ចំនួន ១៤ហិកតា ប៉ុណ្ណោះ ។

យោងតាមកំណត់ហេតុ នៃការចុះពិនិត្យវាយតំលៃ និងកំណត់ព្រំប្រទល់តំបន់ការពារ
ប្រភពទឹកសាបបឹងព្រែកទប់ របស់គណៈកម្មការអន្តរក្រសួង (ជំនាន់លោក សាយ ហាក់) រួមមានៈ
១.លោក ភោគ សុវណ្ណរិទ្ធិ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម រ៉ែ និងឋាមពល និងជាប្រធានគណៈកម្មការ
២.លោក សាយ ហាក់ អភិបាលក្រុងព្រះសីហនុ
៣.លោក ម៉េង សក្តិធារ៉ា ប្រធាននាយកដ្ឋានទឹកស្អាត
៤.លោក តន់ សុខជា អនុប្រធាននាយកដ្ឋានទឹកស្អាត
៥.លោក ប៊ុន បុណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៦.លោក អាំង ចាន់តារា ប្រធានមន្ទីរធនធានទឹក និតឧតុនិយមខេត្តព្រះសីហនុ
៧.លោក ហ៊ុយ ផាប់ ប្រធាននាយកដ្ឋានក្រសួងដែនដី នគរូបនីយកម្ម និងសំណង់
៨.លោក សូ សុខ ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
៩.លោក អ៊ុង វុទ្ធី ប្រធានការិយាល័យក្រសួងបរិស្ថាន
១០.លោក ប្រាក់ ចាន់រឿន ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងឋាមពល
១១.លោក ស៊ឹម ថា ប្រធានរដ្ឋាករទឹកខេត្តព្រះសីហនុ
១២.លោក មូ ផាន់ អនុប្រធានការិយាល័យទឹកស្អាត។

នៅឆ្នាំ២០០៧ ខែធ្នូ ថ្ងៃទី២៥ អង្គប្រជុំបានពិនិត្យពិភាក្សាវាយតំលៃ តាមស្ថានភាពផ្ទៃបឹងព្រែកទប់ជាក់ស្តែង ដើម្បីជាមូលដ្ឋានមុននឹងរាជរដ្ឋាភិបាលចេញ អនុក្រឹត្យកំណត់ ផ្ទៃបឹងដល់ទំហំ ៩០ហិចតា ជាតំបន់ការពារប្រភពទឹកសាប បឹងព្រែកទប់ សំរាប់ប្រើប្រាស់ ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងព្រះសីហនុ ។

អង្គប្រជុំបានឯកភាព កំណត់ការពារដីផ្ទៃរងទឹកភ្លៀងចំនួន ៩២ហិកតា ដែលនៅសល់ ដែលជាដំណាក់ចុងក្រោយ ប្រសិនបើពុំអាចការពារបានទេនោះ បឹងព្រែកទប់ នេះ និងត្រូវបាត់បង់ទាំងស្រុង ហើយអាចនឹងធ្វើអោយក្រុងព្រះសីហនុត្រូវទទួលរងវិបត្តិខ្វះខាតទឹកសាបយ៉ាងធ្ងន់ធ្ងរ ។ តាមការសិក្សារបស់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានកំណត់បែងចែកតំបន់បឹងព្រែកទប់ជាពីរប្លុក គឺប្លុកA (ជាប្លុកផ្ទៃបឹង និងដីផ្ទៃរងទឹកភ្លៀង ហើយកំពុងមានបញ្ហាដល់សព្វថ្ងៃនេះ) និងប្លុកB (ជាតំបន់ផ្នែកខាងលើជាប់ និងវត្តឥន្ទញ្ញាណ (ហៅវត្តក្រោម) ប្លុកនេះមិនមានបញ្ហានោះទេ) ។

១.ប្លុកB មានទំហំប្រមាណ ៦៣ហិកតា ជាតំបន់ផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ ។ សព្វថ្ងៃតំបន់ប្លុកB មានអ្នក កាន់កាប់ផ្ទៃដីទាំងស្រុងអស់ទៅហើយ ដោយមួយផ្នែកត្រូវ បានចុះបញ្ជីសារពើភណ្ឌរបស់អង្គភាព មន្ទីរ មួយចំនួន និងបែងចែក ជូនអង្គភាពរដ្ឋក្នុងខេត្តមួយចំនួន និងមួយផ្នែកទៀត ត្រូវបានប្រជាជនកាន់កាប់ ហើយរាជ រដ្ឋាភិបាលបានចេញ ស.ជ.ណ ប្រគល់ជូនប្រជាជនរួចហើយ ។

តំបន់ដែលមានបញ្ហាក្តៅគគុកបច្ចុប្បន្ននេះគឺៈ ប្លុកA
២.ប្លុកA មានទំហំប្រមាណ ៨២ហិកតា ជាតួបឹង១៤ហិកតា និងតំបន់ទ្រនាប់ផ្ទាល់៦៨ហិចតា ដែលមានព្រំប្រទល់ខាងជើងទល់និង វិថីសន្តិភាព ខាងកើតទល់វិថី ១៩មិថុនា ខាងលិច និងខាងត្បូងទល់និង វិថី២ធ្នូ ។ ប្លុកនេះត្រូវបានទទួលរងការទន្រ្ទានកាន់កាប់យ៉ាងអនាធិបតេយ្យដល់សព្វថ្ងៃ ដោយក្នុងនោះរួមមានៈ
-នៅតំបន់កណ្តាល ក្បែរទីតាំងការិយាល័យរដ្ឋាករទឹកសព្វថ្ងៃ មានមន្រ្តីរាជការរដ្ឋាករទឹកតាំងទីលំនៅចាស់ ចំនួន ១៣គ្រួសារ ដែលត្រូវបានសាលាក្រុងដឹកជញ្ជូន មកដើម្បីបំរើការងារ នៅអង្គភាពរដ្ឋាករទឹកតាំងពីឆ្នាំ១៩៨០។

(តំបន់នេះគួរអនុញ្ញាតឲ្យមានកម្មសិទ្ធិ  ព្រោះមន្រ្តីរាជការដ្ឋាករទឹកនៅយូរហើយ)
-នៅតំបន់ខាងជើង និងខាងលិច មានការទន្រ្ទានកាន់កាប់ខុសច្បាប់ ដែលតាមការសិក្សារបស់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មានក្បាលដីចំនួន ២៣០ (ធាតុពិតមានតែមួយចំនួនតិចតួចបំផុត ដែលមានអ្នករស់នៅយូរក្នុងតំបន់នេះ ) ក្រៅពីនោះគឺសុទ្ធតែឃុបឃិតគ្នាលួចបញ្ចូលអ្នកទន្រ្ទានថ្មីៗ ដែលសុទ្ធសឹងជាអ្នកមានអំណាច និងអ្នកមានប្រាក់ ដូចជាលោក ស្បោង សារ៉ាត ជាដើមក៏មានដីក្នុង២៣០នេះដែរ ។ ដើម្បីមហិច្ឆតាលោភលន់ ក្នុងការរំលោភ យកដីទាំងនេះមន្រ្តីខិលខូចនិងឈ្មួញទុច្ចរិតទាំងនោះ ដែលសុទ្ធសឹងជាអ្នកមានប្រាក់បានប្រែក្លាយ ដីទ្រនាប់ការពារផ្ទៃបឹងព្រែកទប់ទាំងនោះទៅជា ដីចំការស្វាយ ដូង និងមានចំនួនទៀតបានសាងសង់របង និងសំណង់រឹងមាំផ្សេងៗ ដោយពុំមានច្បាប់អនុញ្ញាតពីស្ថាប័ន  ឬអាជ្ញាធរមានសមត្ថកិច្ចណាឡើយ ហើយសំណង់បែបនេះ និងបន្តរីកតទៅទៀតដោយគ្មានការទប់ស្កាត់ឡើយ ។ -នៅតំបន់ខាងត្បូងមានដីកីឡដ្ឋានក្រុមមឿងរបស់មន្ទីរអប់រំ យុវជន និងកីឡា មានប័ណ្ណសំគាល់សិទ្ធិរួចហើយ (ទំហំ ៩.៣៦ហិចតា) ដែលរាជរដ្ឋាភិបាលបានចុះកិច្ចសន្យា ជួលឱ្យឯកជនធ្វើការវិនិយោគ ។

(ពាក់ព័ន្ធដីនេះប្រជាពលរដ្ឋសំណូមពររាជរដ្ឋាភិបាល គួរតែពិចារណាធ្វើការដកហូតកិច្ចសន្យា និងអាជ្ញារប័ណ្ណមកវិញ ព្រោះជាយូរយារណាស់មកហើយ មិនឃើញ ធ្វើការវិនិយោគអ្វីឡើយ ក្រៅពីហ៊ុំរបងព័ទ្ធទុកចោល)។ ក្រៅពីនេះក៏មានដីរបស់ក្រុមហ៊ុន គីម ហាប់ មានប័ណ្ណសំគាល់សិទ្ធិរួចហើ (ទំហំ ១ហិកតា) និងដីបង្គន់អនាម័យ របស់មន្ទីរសាធារណៈការទំហំ ១៥០០ម៉ែត្រការ៉េ ដែលទទួលស្គាល់ដោយសាលាក្រុង ។ ដីទាំង២ប្លង់នេះក៏គួរតែធ្វើការស្រាវជ្រាវឡើងវិញដែរ ព្រោះសង្ស័យមានភាព មិនប្រក្រតីក្នុងការផ្តល់កម្មសិទ្ធិ ព្រោះដីនេះជាផ្ទៃរងទឹកភ្លៀងសុទ្ធសាធ ហើយនៅក្បែរទឹកបឹងទៀតផង ដែលប្រយោជន៍របស់វាគឺការពារបរិស្ថាន និងសុវត្ថិភាពទឹក ស្អាត ។

-នៅតំបន់ខាងកើតមានការទន្រ្ទានកាន់កាប់ និងសាងសង់សំណង់រឹងមាំមួយរបស់លោក ខាត់ ប៊ុណ្ណា ប៉ុន្តែត្រូវបានសាលាខេត្ត ដឹកនាំដោយលោក សាយ ហាក់ ធ្វើការកម្ទេចចោលតាមបទបញ្ជា របស់សម្តេចតេជោ តាំងពីឆ្នាំ២០០៥មកម្លេះ ។ ប៉ុន្តែបច្ចុប្បន្ននេះដីនៅតំបន់នេះត្រូវបានលោក ហ៊ុន ភី ស៊ីញ៉េចេញប្លង់ឲ្យគេវិញ អស់ទៅហើយ ដូចជាដីរបស់លោក ខាត់ ប៊ុណ្ណា នេះជាដើមដែលសម្តេចតេជោ ធ្លាប់បញ្ជាឲ្យចៅហ្វាយក្រុង សាយ ហាក់ កម្ទេចចោល និងមិនអនុញ្ញាតផ្តល់កម្មសិទ្ធិ  ឲ្យទេ ឥឡូវនេះលោក ហ៊ុន ភី ស៊ីញ៉េឲ្យគេខ្ទេចអស់ ។ ជាងនេះទៅទៀត គេឃើញលោកឧត្តមសេនីយ៍ទោ តាក វណ្ណថា អតីតស្នងការនគរបាល  ខេត្តព្រះសីហនុ និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ក៏បានរំលោភយកដីតំបន់នេះដែរ ហើយថែមទាំងបានសង់ភូមិគ្រឹះមួយយ៉ាងធំ ដោយគ្មានច្បាប់ទំលាប់អ្វីទាំងអស់ ។

យើងពិនិត្យឃើញថា ជំនាន់លោក សាយ ហាក់ គណៈកម្មការបានសំរេចដូចខាងក្រោមៈ
ក្រោយពីសិក្សាលំអិតគណៈកម្មការ បានឯកភាពជាឯកច្ឆ័ន្ទ ក្នុងការលើកយោបល់ស្នើសុំរាជរដ្ឋាភិបាលដូចតទៅៈ
-ធ្វើការកំណត់តំបន់ A ទាំងស្រុង ជាតំបន់ការពារប្រភពទឹកសាបរបស់បឹងព្រែកទប់ ដាក់អោយស្ថិតនៅក្រោមការគ្រប់គ្រង និងថែរក្សាការពាររបស់ក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល សំរាប់បំរើឲ្យវិស័យផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ ដោយពិចារណាដោះស្រាយចំពោះករណីដី កីឡាដ្ឋានក្រុមមឿងរបស់មន្ទីរអប់រំ យុវជន និងកីឡា ដីបង្គន់ អនាម័យរបស់មន្ទីរសាធារណៈការ និងដីរបស់ក្រុមហ៊ុន គីម ហាប់ ។

សរុបរួមទៅដីនៅតំបន់ប្លុកA ទាំងមូលនេះមានទំហំ៨២ហិចតា គឺផ្ទៃបឹង ១៤ហិចតា និងផ្ទៃរងទឹកភ្លៀង៦៨ហិចតា ។ ក្នុងចំណែកដី៦៨ហិចតានេះ មានប្រជាពលរដ្ឋ និងមន្រ្តីរាជការរស់នៅ តាំងពីយូរណាស់មកហើយមានតែ ៥១គ្រួសារដែលស្មើនិង១១០ក្បាលដីប៉ុណ្ណោះ ហើយ៥១គ្រួសារនេះរស់នៅឯក្បែរវត្តឥន្ទញ្ញាណ ហៅ វត្តក្រោមឯណោះ មិនមែននៅក្បែរបឹងព្រែកទប់ឡើយ ។ បច្ចុប្បន្ននេះផ្ទៃរងទឹកភ្លៀង ៦៨ហិកតានេះត្រូវបានអ្នកមានអំណាច និងអ្នកមានប្រាក់លួចបញ្ចូលឈ្មោះ និងក្បាលដីជាមួយប្រជាពលរដ្ឋ ៥១គ្រួសារ ធ្វើអោយក្បាលដីឡើងទៅដល់ ជាង២៣០ក្បាលដីឯណោះ ។ ចំណែកក្បាលដីដែលពួកគេលូចបញ្ចូល គឺស្ថិតនៅ កៀកនិងបឹងព្រែកទប់តែម្តង ។

ក្រោយពីមន្រ្តីអន្តរក្រសួងចុះអង្កេតស្រាវជ្រាវរួចក៏បានបញ្ជូនលិខិតចំនួន២ទៅៈ
ទី១.ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល តាមរយៈលិខិតលេខ០៣៧ ឧរថ ទស ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ២០០៨ ចុះហត្ថលេខាដោយលោក ស៊ុយ សែម គោរពជូនលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លើកជាយោបល់ស្នើសុំរាជរដ្ឋាភិបាល សូមធ្វើការកំណត់តំបន់ការពារប្រភពទឹកសាប របស់បឹងព្រែកទប់ ដោយដាក់ឱ្យនៅក្រោមការគ្រប់គ្រង និងថែរក្សារបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សំរាប់វិស័យផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ លើផ្ទៃដី ៨២ហិចតា ហ៊ុមព័ទ្ធព្រំប្រទល់ខាងជើងទល់នឹងវិថីសន្តិភាព ខាងកើតទល់នឹងវិថី ១៩មិថុនា ខាងលិច និងខាងត្បូងទល់នឹងវិថី២ធ្នូ ដោយសុំពិចារណា ដោះស្រាយដីកីឡដ្ឋានក្រុមមឿងរបស់មន្ទីរអប់រំ យុវជន និងកីឡា ដីបង្គន់អនាម័យរបស់មន្ទីរសាធារណៈការ និងដីក្រុមហ៊ុន គឹម ហាប់ ។
ទី២.ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល តាមរយៈលិខិតលេខ៥០០ ឧរថ ទស ចុះថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០០៨ ចុះហត្ថលេខាដោយលោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួង ជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដោយ ស្នើសុំផ្អាកការចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនទ្រព្យ (ដីធ្លី) ក្នុងតំបន់បឹងព្រែកទប់ ប្លុកA ចំនួន៩០ហិចតានេះសិន ដោយរង់ចាំរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ការពារបឹងនេះ ។ តាមរយៈអន្តរក្រសួងចុះមកនេះរាជរដ្ឋាភិបាល មិនទាន់បានចេញអនុក្រឹត្យការពារដីបឹងព្រែកទប់នេះនៅឡើយទេ ។ នេះបើតាមការបញ្ជាក់ពី មន្រ្តីសុរិយោដីមួយរូប ដោយសុំមិនបញ្ចេញឈ្មោះ ។

បន្ទាប់ក្រោយមកទៀតលុះដល់ឆ្នាំ២០១១ ក៏មានព្រឹត្តិការណ៍បាតុកម្មមួយកើតឡើង (សង្ស័យបង្កើតឡើង ដោយក្រុមអភិបាលខេត្ត និងឈ្មួញទុច្ចរិត) ក្នុងគោលបំណង បំភ្លៃនាយករដ្ឋមន្រ្តី ឲ្យចេញសជណ (សេចក្តីជូនដំណឹង) ប្រគល់ដីទាំងនោះឲ្យប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាប្រជាពលរដ្ឋ ដែលរស់នៅពិតប្រាកដមានតែ៥១គ្រួសារ និងត្រូវជា១១០ក្បាលដីប៉ុណ្ណោះ ។ ប៉ុន្តែកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១១ មានបាតុកម្ម សិប្បនិមិត្តមួយសង្ស័យ បង្កើតឡើងក្រុមអភិបាលខេត្ត និងឈ្មួញទុច្ចរិត ដោយបោកប្រជាពលរដ្ឋមួយក្រុម ដែលកំពុងរស់នៅពិតប្រាកដ ឲ្យស្រែកថា ជាតំណាង ប្រជាពលរដ្ឋទាំងអស់ មានន័យថា បញ្ចូលក្រុមម្ចាស់ដីថ្មី ដែលមិនបានរស់នៅពិតប្រាកដទេ គ្រាន់តែមកហ៊ុមព័ទ្ធធ្វើរបងរំលោភយកដីផ្ទៃរងទឹកភ្លៀងតែប៉ុណ្ណោះ ។ ដោយសកម្មភាព របស់ប្រជាពលរដ្ឋទាំងនេះធ្វើឡើងដោយបិទផ្លូវជាតិលេខ៤ ព្រមទាំងដង្ហែក្បួនទៅសាលាខេត្ត ទៅមន្ទីរដែនដីខេត្ត និងមានបំណងទៅព័ទ្ធផ្ទះលោក សូ សុខ ផងដែរ តែទីបំផុតក្រុមបាតុករទាំងនោះ ក៏បានដង្ហែទៅដាក់ញាតិនៅការិយាល័យ តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុវិញ ។ បន្ទាប់ពីបាតុកម្មបញ្ចប់ភ្លាម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នា២០១១ លោក ស្បោង សារ៉ាត បានរាយការណ៍ពីបញ្ហានេះ ទៅសម្តេចតេជោភ្លាម ព្រមទាំងបានប្រាប់ពីវិធានការណ៍មួយចំនួន ដើម្បី កុហក់សម្តេចផងដែរ។ ហើយនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១១ អភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាត ក៏បានផ្ញើលិខិតមួយទៅរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម កម្មវត្ថុស្តីពី សំណើសុំគោលការណ៍អនុញ្ញាត ឲ្យសាលាខេត្តព្រះសីហនុ បានផ្តល់កម្មសិទ្ធិស្របច្បាប់ ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងព្រែកទប់ ។ ដោយក្នុង លិខិតនេះរៀបរាប់ថា បឹងព្រែកទប់ ជាប្រភពទឹកសាបដ៏សំខាន់មួយ សំរាប់បំរើឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ផ្ទៃបឹងព្រែកទប់ បានគោករាក់បន្តិចម្តងៗជារៀងរាល់ឆ្នាំ ដោយសារការហូរចាក់ដីពីតំបន់ផ្ទៃរងទឹកភ្លៀង នារដូវវស្សា ហើយបានធ្វើឲ្យទឹកបឹងនេះ មានបរិមាណតិច ទៅៗ ពុំមានលទ្ធភាពផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុប្រើប្រាស់តទៅទៀតបាន ។ ក្នុងន័យនេះគាត់មិនមានបំណង ឬវិធានការស្តារបឹងនោះទេ បែជាបង្វៀង ឲ្យប្រើប្រាស់ទឹកក្បាលឆាយវិញ ប្រយោជន៍ដើម្បីគាត់យកដីនេះទុកលក់វិញ ។ ក្រោយមករាជរដ្ឋាភិបាល ក៏បានចេញសជណ លេខ៤៩៨សជណ ឧស ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ចុះហត្ថលេខាដោយលោក ទេព នន្នរី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដែលមាន៦ចំណុច ស្របទៅតាម បំណងរបស់លោក ស្បោង សារ៉ាត ដែលបានកុហក់នាយករដ្ឋមន្រ្តីឲ្យឯកភាពតាមគាត់ ។ បន្ទាប់ពីមានសជណភ្លាម គាត់បញ្ជាអោយលោក សូ សុខ ស៊ីញ៉េប្លង់ដីឲ្យគាត់ភ្លាម តែលោក សូ សុខ មិនព្រមក៏មានការដោះដូរដំណែងភ្លាម ។ ចំពោះលោក សូ សុខ កាលដែលមិនព្រមស៊ីញ៉េព្រោះគាត់គិតថា អាជ្ញាធរខេត្តមិនទាន់បានធ្វើតាមលក្ខខណ្ឌ សជណ របស់រាជរដ្ឋាភិបាលទាំង៦ចំណុចនោះ ទើបគាត់មិនហ៊ាន ហើយក៏មានការដោះដូររូបគាត់ ដាក់លោក ហ៊ុន ភី ដែលជាមនុស្សរបស់លោក ស្បោង សារ៉ាត វិញ ហើយ ប្លង់ដីក៏ចាប់ផ្តើមស៊ីញ៉េចេញជាបន្តបន្ទាប់មកទៅ។

យោងតាមប្រភពព័ត៌មាន ពីខេត្តព្រះសីហនុ បានឲ្យដឹងថា មន្រ្តីដែលពាក់ព័ន្ធនៅក្នុងរឿងមិនប្រក្រតី រៀបចំយកដីតំបន់បឹងព្រែកទប់ ធ្វើជាកម្មសិទិ្ធខុសច្បាប់នេះ រួមមាន លោក ស្បោង សារ៉ាត អតីតអភិបាលខេត្តព្រះសីហនុ , លោក ប្រាក់ សីុហារ៉ា អភិបាលរងព្រះសីហនុ, លោក ហ៊ុន ភី ប្រធានមនី្ទរសុរិយោដី ដែល ទើបនឹងឡើងថី្ម និងអ្នកជំនួញ ហេង ហ៊ុយ ។

ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនាមស្ថាប័នជាតិ អាចពិចារណា នៅក្នុងការសុើបអង្កេត នៅក្នុងករណីនេះ ដោយកោះហៅអ្នកទាំង៤ ទៅសួរ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដោយមិនចាំបាច់មានអ្នកដើមបណ្តឹង។ ម្យ៉ាងទៀត ជាការបង្ហាញឲ្យឃើញនូវការតាំងចិត្តរបស់រដ្ឋាភិបាល អាណតិ្តទី៥ នៅក្នុងការបំបាត់អំពើពុករលួយ ជាពិសេសការពារនូវបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ដែលឲ្យអាជ្ញាធរខេត្តការពារតំបន់បឹងព្រែកទប់ ឲ្យខាងតែ បាន សម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុទាំងមូល។ ថី្មៗនេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងឱកាសចូលរួមពិធីផ្ទេរ និង ចូលកាន់មុខតំណែងអភិបាលខេត្តព្រះសីហនុ ដោយបានដាក់បទបញ្ជាដាច់ខាត ឲ្យអភិបាលខេត្តថ្មី លោក ឈុន សុខុន ត្រូវតែការពារឲ្យខាងតែបាន ចំពោះតំបន់ និង ផ្ទៃបឹងព្រែកទប់ ព្រោះវានឹងផ្តល់ប្រភពទឹកសាប មិនមែនសម្រាប់តែប្រជាជន នៅក្រុងព្រះសីហនុទេ ក៏ប៉ុន្តែសម្រាប់បម្រើឲ្យទេសចរ ដែលចេះតែកើនឡើងទៅកាន់ តំបន់ឆ្នេរនេះទៀតផង។

ប្រភពព័ត៌មាន ពីមន្រ្តីរដ្ឋាភិបាល សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែននឹងមិនអនុញ្ញាត ឲ្យមានការរំលោភបំពាន ហើយបានតាមដានជាប់ ជាពិសេស ថាតើអភិបាលខេត្តថ្មី មានលទ្ធភាពទប់ស្កាត់ការរំលោភនៅតំបន់បឹងព្រែកទប់នេះបានដែរឬទេ?៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

 


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>