Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នកជំនាញ ៣នាក់ បង្ហាញ ពីគ្រោះមហន្តរាយ នឹងកើតឡើង បើសិនបឹងព្រែកទប់ ត្រូវគេរំលោភ បានសម្រេច

$
0
0

ដោយ ៖ សយ សុភាព

ភ្នំពេញ ៖ ដោយមើលឃើញ នូវអំពើមិនគប្បី ដែលបាន ឃុបឃិតគ្នា ជាប្រព័ន្ធ របស់អ្នកមានអំណាច នៅខេត្ត ព្រះសីហនុ និងអ្នកមានលុយកាក់ មួយចំនួន បានធ្វើសកម្មភាព កុហក់រាជរដ្ឋាភិបាល បោកយក ដីនៅតំបន់បឹង ព្រែកទប់ ហើយសព្វថ្ងៃមានអ្នកខ្លះ បានកំពុងសាងសង់វីឡា និងអ្នកខ្លះទៀត បានចាក់ដី លុបបឹងព្រែកទប់រួចមក មានអ្នកជំនាញ ៣នាក់ បានបង្ហាញពី គ្រោះមហន្តរាយ នឹងកើតឡើង បើសិន បឹងព្រែកទប់ ត្រូវគេរំលោភបំពាន បានសម្រេចមែននោះ។

អ្នកទាំងបីនាក់នោះ មានជំនាញផ្នែកច្បាប់, ផ្នែកបរិស្ថាន និងផ្នែកធនធានទឹក រួចមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សុំសិទ្ធិមិនបញ្ចេញឈ្មោះឡើយ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពរបស់ពួកគេ។អ្នកជំនាញទាំងបី បានមក មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដាច់ដោយឡែកពីគ្នា ដើម្បីបកស្រាយពន្យល់អំពីហេតុផល ដែលនាំឲ្យមានបញ្ហា អាក្រក់កើតឡើងជាច្រើន នៅពេលណាបឹងព្រែកទប់នេះ ត្រូវបានគេរំលោភ បំពានយកផ្នែកណាមួយដោយ ជោគជ័យ មែននោះ។ការមកពន្យល់នេះ ដោយសារពួកគេ បានឃើញរឿង រ៉ាវនៅតំបន់បឹងព្រែកទប់នេះ បានចុះ ផ្សាយជាបន្តបន្ទាប់ នៅតាមគេហទំព័រដើមអម្ពិល ហើយពួកគេក៏មានការព្រួយបារម្ភផងដែរ ។

នៅពេលនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ធ្វើការសង្ខេបនូវខ្លឹមសារ នៃការបញ្ចេញមតិ ទស្សនៈ និងយោបល់ របស់ពួកគេទាំងបីនាក់ចូលគ្នាតែម្តង៖

១-ទិដ្ឋភាពច្បាប់. ច្បាប់រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មាត្រា៥៨ បានចែងថា ទ្រព្យ សម្បត្តិ របស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្ទ ក្រោមបាតសមុទ្ទ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារ ប្រទេស សំណង់ផ្សេងៗទៀត ដែលបានកំណត់ថាជារបស់រដ្ឋ។ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ ចែង លើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវ កំណត់ក្នុងច្បាប់។

មាត្រា ៥៩ បានចែងថា រដ្ឋត្រូវរក្សាការពារបរិដ្ឋាន និងតុល្យភាពនៃភោគទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែង ឲ្យ មានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភោគោត្តសាស្រ្ត ប្រព័ន្ធអេកូឡូស៊ី រ៉ែ ឋាមពល ប្រេងកាត និងឧស្ម័ន ថ្មនិងខ្សាច់ ត្បូងថ្ម ព្រៃឈើ និងអនុផលព្រៃឈើ សត្វព្រៃ មច្ឆាជាតិ ធនធាន ជលផល។

ឋានានុក្រមនៃច្បាប់ផ្ទៃក្នុង គឺមានតែរដ្ឋធម្មនុញ្ញទេ ដែលមានឋានានុក្រមខ្ពស់ជាងគេបំផុត ហើយរាល់ លិខិត បទដ្ឋាន គតិយុត្តក្រោមរដ្ឋធម្មនុញ្ញ ត្រូវតែតាក់តែងឡើង ឲ្យស្របទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ដូច្នេះហើយបានជា ច្បាប់ ស្តីពី ភូមិបាល(ឆ្នាំ២០០១)មាត្រា ១២ បានចែងថា  រដ្ឋជាកម្មសិទ្ធិករនៃទ្រព្យ សម្បត្តិទាំងឡាយក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចែងក្នុងមាត្រា ៥៨ នៃរដ្ឋធម្មនុញ្ញា ឆ្នាំ១៩៩៣ និងទ្រព្យ និទាយាទភាព ទាំងអស់ ឬទ្រព្យដែលម្ចាស់ប្រគល់ ឲ្យរដ្ឋដោយស្ម័គ្រចិត្ត ឬទ្រព្យ ដែលមិនមែនជាកម្មវត្ថុនៃការយក ធ្វើជារបស់ ឯកជនតាមច្បាប់ ឬមិនមែនជាទ្រព្យដែលកំពុងកាន់ កាប់ជារបស់ឯកជនស្របតាមបទប្បញ្ញត្តិនៃជំពូកទី៤ នៃច្បាប់ នេះ។

ចំពោះមាត្រា ១៦ នៃច្បាប់ភូមិបាលដដែល កថាខណ្ឌទី១ បានចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាច លក់ដូរបានឡើយ ហើយកម្មសិទ្ធិនៃទ្រព្យទាំងនោះ មិនអាចកំណត់អាជ្ញាយុកាលបានទេ។រីឯកថាខណ្ឌទី៤ មាត្រា ដដែលបានចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅពេលបាត់បង់ផល ប្រយោជន៍សាធារណៈ អាចត្រូវចាត់ បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋតាមរយៈច្បាប់ អនុបយោគ។

ឯច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា (ឆ្នាំ២០០៧) មាត្រា១ កថាខណ្ឌ ទី១ បាន ចែងថា ច្បាប់នេះ មានគោលដៅជំរុញឲ្យមានការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅ ក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវការងារ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុមាលភាពរបស់ ប្រជាពលរដ្ឋ ។

ចំពោះច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធាន ធម្មជាតិ (ឆ្នាំ១៩៩៦) វិញមាត្រា ១ បានចែងថា ច្បាប់នេះមានគោលដៅ ៖ ការពារ លើកកំពស់គុណភាពបរិស្ថាន និងសុខភាព ពលរដ្ឋ ដោយធ្វើការទប់ស្កាត់ ការកាត់បន្ថយ និងការត្រួតពិនិត្យការបំពុល, វាយតម្លៃហេតុផល ប៉ះពាល់បរិស្ថាន មុននឹងចេញសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ចំពោះរាល់គំរោងដែលបានស្នើឡើង, ធានាឲ្យមានការ អភិវឌ្ឍ ការគ្រប់គ្រងនិងការប្រើប្រាស់ ដោយសមហេតុផល និងប្រកបដោយនិរន្តរភាព និងភាពស្ថិតស្ថេរ នូវ ធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា, លើកទឹកចិត្ត និងផ្តល់លទ្ធភាពឲ្យសាធារណជន ចូលរួម ក្នុងកិច្ច ការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ, បង្រ្កាបអំពើទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាន។

ហេតុនេះ សូមបញ្ជាក់ឡើងវិញថា សមុទ្រ ទន្លេស្ទឹងបឹងបួ ព្រែកទាំងអស់ជាទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋ។ ដូច្នេះ សម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចមាននរណាទៅរំលោភបំពានបានឡើយ គឺការ រំលោភ កាន់កាប់ចាក់ ដីលុបសព្វថ្ងៃ នៅតំបន់បឹងព្រែកទប់នេះ វាខុសរួចជាស្រេចទៅហើយ ពីព្រោះផ្ទៃដី ដែលពួកគេបំពានរំលោភយក ហើយបានកំពុងសង់វីឡា និងចាក់ដីលុបដែល មានប្លង់រួចនោះ នៅមាន ផលប្រយោជន៍សាធារណៈនៅឡើយ គឺមិនអាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិ ឯកជនរបស់ រដ្ឋតាមរយៈច្បាប់អនុបយោគបានទេ។

២-សារៈសំខាន់នៃបឹងព្រែកទប់.  សារៈសំខាន់នៃបឹងនេះគឺមានលក្ខណៈពិសេស ដោយសារបឹងព្រែក ទប់នេះ គឺជា បឹងទឹកសាបតែមួយគត់ ដែលផ្តល់ទឹកសម្រាប់ប្រើប្រាស់ ជីវភាពប្រចាំថ្ងៃរបស់ក្រុង ព្រះសីហនុជាច្រើនតំណមក ហើយ។ អញ្ចឹងបឹងនេះ ជាប្រភពទឹកសាបដ៏សំខាន់មួយ សម្រាប់អ្នករស់ នៅក្រុងព្រះសីហនុ ភ្ញៀវទេសចរណ៍ ហើយ បើសិន អស់ពីបឹងនេះទៅ គឺជួបបញ្ហាខ្វះទឹកសាប ហើយ ត្រូវងាកទៅយកទឹកពីប្រភពឆ្ងាយ គឺពីខាងក្បាល ឆាយ ឬពីកន្លែងឆ្ងាយដទៃទៀត ។

ក្នុងករណី ប្រភពទឹកនៅឆ្ងាយ ជាយុទ្ធសាស្ត្រក្នុងការការពារ គឺពិតជាមានការលំបាកជាងប្រភពទឹកនៅជិត ហើយ ពួកវិច្ឆេទការី (អ្នកធ្វើវិច្ឆេទកម្ម) ងាយស្រួលធ្វើសកម្មភាពបំផ្លាញវិស័យទេសចរណ៍ សេដ្ឋកិច្ចឬ នយោបាយ  តាម រយៈប្រភពផ្តល់ទឹកសាបនេះ។

៣-អ្វីទៅដែលហៅថា បឹង?អ្នកជំនាញផ្នែកធនធានទឹក បានពន្យល់ថា ជាធម្មតា បឹងវាមិនអាចមានតែ តួបឹង ហើយ អាចស្តុកទឹកបាននោះទេ បឹងក៏ដោយ ទន្លេក៏ដោយ ស្ទឹងក៏ដោយ គឺវាមានផ្ទៃរងទឹកភ្លៀង របស់វា។ ហេតុនេះ បើសិន មិនមានផ្ទៃរងទឹកភ្លៀង ដោយសារមានសំណង់កើតឡើងនៅជុំវិញ មានន័យថា ផ្ទៃរងទឹកភ្លៀងរបស់បឹង ត្រូវបាត់បង់ ដូច្នេះបឹងក៏រួមតូច ផ្ទៃរងទឹកភ្លៀងក៏អត់មានទៀត ដូច្នេះមានន័យថា ការប្រមូលទឹកដើម្បីយកមកស្តុក ទុកក្នុងបឹងព្រែកទប់ គឺត្រូវបាត់បង់ទឹកទាំងអស់ នឹងនាំឲ្យមានបញ្ហា កើតឡើងជាច្រើន។

Photo by DAP-News

អ្នកជំនាញផ្នែកធនធានទឹក បានមើលឃើញពីផលប៉ះពាល់ទៀតថា ប្រជាជនមួយចំនួន នៅខេត្តព្រះ សីហនុ ពិសេសនៅក្រុងព្រះសីហនុ បានប្រើប្រាស់ទឹកអណ្តូង ។ ដូចនេះ នៅពេលបឹងព្រែកទប់ មានសក្តា នុពលក្នុង ការស្តុកទឹកបានច្រើន មានន័យថា នៅរដូវប្រាំងទឹកក្នុងបឹងនេះ មួយផ្នែកបានជ្រាបចូល ទៅក្រោមដី ហើយចូល ទៅក្នុងល្អាងទឹកក្រោមដី ហើយប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកអណ្តូង គឺអាចយក ទឹកក្រោមដី នោះមកប្រើប្រាស់ បានមួយផ្នែក។ ផ្ទុយទៅវិញ បើសិនទឹកនៅក្នុងបឹងព្រែកទប់នេះអត់មាន ឬមានតិច គឺជម្រាបទឹក ពីបឹងនេះដែល ធ្លាប់តែមាន ក៏លែងមាន ឬមានតិចតូចបំផុត ដូចនេះនាំឲ្យទឹក អណ្តូង ដែលធ្លាប់ប្រើប្រាស់កន្លងមកដោយ មាន ជាតិប្រៃ តែបានទឹកសាបជ្រាបពីបឹង ជួយបន្សាបទឹកប្រៃ នោះ ប្រជាពលរដ្ឋប្រើទឹកអណ្ដូងអាចប្រើបាន តែនៅ ពេលទឹកសាបពីបឹងព្រែកទប់អស់ ឬនៅសល់តិច មិនអាចជ្រាបទៅបន្សាបជាតិប្រៃបានទៀតទេ នាំឲ្យទឹកអណ្ដូង នោះ មានរសជាតិប្រៃមិនអាចប្រើ ប្រាស់បានទៀតឡើយ គឺវាខូចគុណភាពទឹកក្រោមដីដោយមានជាតិប្រៃ។

៤-បញ្ហាបរិស្ថាន. ពីដើមមានបឹង មានផ្ទៃរងទឹកភ្លៀង ហើយមិនមានសំណង់នៅជុំវិញ គឺទឹកនោះវាល្អ ផ្ទុយទៅ វិញនៅពេលមានសំណង់នៅជុំវិញ គឺមានការរស់នៅ រួចបញ្ចេញនូវទឹកសំណល់ ឬទឹកសល់ ពីការប្រើប្រាស់ ហើយ ជាធម្មតាទឹកនោះវាហូរទៅរកកន្លែងទំនាប។ ដូច្នេះ ទឹកសំណល់ដែលសល់ ពីការប្រើប្រាស់នោះ វានឹងហូរចាក់ ចូលទៅក្នុងបឹងដែលនៅសល់ផ្ទៃកាន់តែតូចនេះ។ អញ្ចឹងនិយាយ ជារួមទៅ ទោះបីបឹងព្រែកទប់នៅសល់ផ្ទៃខ្លះ ក៏ដោយ ប៉ុន្តែទឹកកង្វក់សល់ពីការ ប្រើប្រាស់នោះ ហូរចូលទៅនាំឲ្យទឹកបឹងនោះខូចគុណភាពមិនខានឡើយ។

Photo by DAP-News

៥-ប៉ះពាល់គោលនយោបាយរាជរដ្ឋាភិបាល. យើងដឹងហើយថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះប្រជាជនទាំងបច្ចុប្បន្ន និងអនាគត។ បើយោងតាម របាយការណ៍ របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុបានឲ្យដឹងថា ប្រភពទឹក របស់អង្គភាព រដ្ឋាករទឹក គឺមាន បឹងព្រែកទប់ទំហំ ១៥ហិកតាអាចស្តុកទឹកបាន ៥០ម៉ឺនម៉ែត្រគូប ហើយបឹងនេះ តែងតែរីង ស្ងួតនៅចុងខែមីនាធ្វើឲ្យ មានការខ្វះខាតទឹកប្រើប្រាស់ក្នុងតំបន់ ខណៈដែលតម្រូវការទឹកនៅតំបន់ នេះក្នុងខែប្រាំង ក្នុងមួយថ្ងៃមានចំនួន ១៣ពាន់ម៉ែត្រគូប។ ទន្ទឹមនឹងនេះដែរអង្គភាពរដ្ឋាករទឹកខេត្ត ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរឧស្សាហកម្ម និង សិប្បកម្ម អាចផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋក្នុង ក្រុងព្រះសីហនុ បានចំនួន៧០% ដែល មានអតិថិជនសរុបចំនួន ៧.១៥០នាក់។

Photo by DAP-News

ចំណែកក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល បានកំពុងខិតខំទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកលេងកំសាន្ត ស្រុក ខ្មែរ ក្នុងនោះក៏មានតំបន់ទេសចរណ៍ឆ្នេរសមុទ្រ ខេត្តព្រះសីហនុផងដែរ ពិសេសប្រឹងតស៊ូមតិលើឆាក អន្តរជាតិ ដាក់ឆ្នេរសមុទ្រកម្ពុជាបានដោយជោគជ័យទៅជា សមាជិកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក។ ពិធីបញ្ចូលជា សមាជិកនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ នៅខេត្តព្រះសីហនុ។

យើងចាំមិនភ្លេចទេក្នុងឱកាសបញ្ចូលជាសមាជិកនោះ សម្តេចតេជោ បានគូសបញ្ជាក់ថា «តំបន់ឆ្នេរសមុទ្រ បាន នឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ជាប៉ូលសេដ្ឋកិច្ចទី២ ក្នុងការទាក់ទាញវិនិយោគ សម្រាប់ជំរុញ កំណើន សេដ្ឋកិច្ច ជាតិ បន្ទាប់ពីរាជធានីភ្នំពេញ និងជាគោលដៅទេសចរណ៍យ៉ាងធំ បន្ទាប់ពីតំបន់វប្បធម៌ទេសចរណ៍ប្រវត្តិសាស្ត្រ សៀមរាបអង្គរ»។

Photo by DAP-News

 ដូច្នេះ ចំនួនប្រជាជននៅក្រុងព្រះសីហនុ និងកំណើនភ្ញៀវទេសចរណ៍សព្វថ្ងៃ គឺផ្ទៃបឹងព្រែកទប់ទំហំ ពី១៤ ទៅ១៥ ហិកតា មិនអាចមានទឹកសាបគ្រប់គ្រាន់សម្រាប់ប្រើប្រាស់បាន ចុះទំរាំចំនួនប្រជាជនកាន់តែ ច្រើនឡើងនិងភ្ញៀវ ទេសចរណ៍ កាន់តែកើនថែមទៀតនោះ បញ្ហាខ្វះទឹកសាប គឺពិតជាខ្វះកាន់តែច្រើន ឡើងៗជៀសមិនផុតឡើយ។

៦-តើអនុវត្តបាន តាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ដែរឬទេ? តាមសេចក្តីជូនដំណឹងរបស់ទីស្ដីការ គណៈរដ្ឋមន្ត្រី លេខ ៤៩៨ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ដោយយោងលិខិតលេខ ៤៣៧ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ និងចំណាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ គឺរាជរដ្ឋាភិបាលបានឃើញ និងឯកភាព តាមដំណោះស្រាយថ្មី មាន ៦ចំណុច ដូចខាងក្រោម៖

១-រក្សាបឹងព្រែកទប់ ជាប្រភពទឹកសាបដែលពុំអាចខ្វះបានសម្រាប់ផ្គត់ផ្គង់ក្រុងព្រះសីហនុ។

២-រក្សាសិទ្ធិរស់នៅ និងការកាន់កាប់ដីជាក់ស្តែងកន្លងមករបស់ប្រជាពលរដ្ឋស្ថិតនៅតំបន់ព្រែកទប់។

៣-តាមស្មារតីពិភាក្សារវាងអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធលើដំណោះស្រាយនៃការទាមទាររបស់ប្រជាពលរដ្ឋ តាមខ្លឹមសារលិខិតលេខ ៣៣ រប/១២ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ ដោយត្រូវរៀបចំបណ្តាញហេដ្ឋារចនា សម្ព័ន្ធដូចជា ទំនប់, ផ្លូវព័ន្ធជុំវិញបឹង និងរក្សាដីចំណីផ្លូវប្រវែង ១០ម៉ែត្រសងខាង, បណ្ដាញលូបង្ហូរដោយដាំ ដើមឈើ ការពារបរិស្ថានមាត់បឹង និងធានាមិនឲ្យមានការទន្ទ្រានកាន់កាប់ដីមាត់បឹងជាដាច់ខាត ដោយសុំឲ្យ អ្នកកាន់កាប់ដីធ្វើកិច្ចសន្យាមិនបង្ហូរកាកសំណល់ចូលទៅក្នុងបឹង និងបរិច្ចាគដី និងធនធានខ្លះ ដើម្បីរៀបចំហេដ្ឋា រចនាសម្ព័ន្ធក្នុងតំបន់នេះ។

៤-ត្រូវបង្កើតក្រុមការងារចម្រុះមួយ ដែលមានអភិបាលនៃគណៈអភិបាលខេត្តជាប្រធាន មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ដែនដី ជាសមាជិក ដើម្បីតាមដានត្រួតពិនិត្យជាប្រចាំអំពីការអភិវឌ្ឍនៅតំបន់ព្រែកទប់ ដោយធានាបាននូវការ សាងសង់ លំនៅដ្ឋានផ្សេងៗ មិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផ្ទៃទឹកបឹងឡើយ។

៥-សាលាខេត្តត្រូវធ្វើសេចក្តីជូនដំណឹងជាសាធារណៈអំពីខ្លឹមសារដែលអង្គប្រជុំបានសម្រេច និងផ្សព្វផ្សាយជូន ដល់ប្រជាពលរដ្ឋដែលកំពុងកាន់កាប់ដីនៅតំបន់បឹងព្រែកទប់នេះ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

៦-សាលាខេត្តត្រូវអនុម័តលើផែនការប្រើប្រាស់ដីនៅតំបន់បឹងព្រែកទប់នេះ ដោយមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលផ្តល់យោបល់លើការប្រើប្រាស់ដី ចៀសវាងមានការតវ៉ានៅពេលក្រោយ បន្ទាប់មកទើបចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ តាមការកាន់កាប់ជាក់ស្តែង។

ទាំង៦ ចំណុច នៃសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលខាងលើនេះ ក៏មិនផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ, ច្បាប់ស្តីពី ភូមិបាល, ច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹកក្នុងព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និង ការគ្រប់គ្រងធនធានធម្មជាតិដែរ។ដូច្នេះ បើយើងពិនិត្យលើការអនុវត្តជាក់ស្តែង របស់មន្រ្តីជំនាញ និងអាជ្ញាធរ ខេត្តព្រះសីហនុ ដោយប្រៀបធៀបជាមួយនឹង ៦ចំណុចនោះ គឺស្ទើរតែទាំងស្រុង មិនអនុវត្តបានឡើយ គឺមានតែ បំពានទៅវិញ ដូចជា ឃុបឃិតគ្នាយកដីផ្ទៃរងទឹកភ្លៀងរបស់ បឹងព្រែកទប់ចែកគ្នា និងលក់ ដែលសព្វថ្ងៃបានកំពុង សាងសង់វីឡា ចាក់ដីលុប មានប្រឡាយទឹកស្អុយជាដើម។

Photo by DAP-News

ចំណែកការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធដូចជា ទំនប់, ផ្លូវព័ន្ធជុំវិញបឹង និងរក្សាដីចំណីផ្លូវប្រវែង ១០ម៉ែត្រ សងខាង, បណ្ដាញលូបង្ហូរដោយដាំដើមឈើ ការពារបរិស្ថានមាត់បឹង និងធានាមិនឲ្យមានការទន្ទ្រាន កាន់កាប់ដី មាត់បឹងជាដាច់ខាត ដោយសុំឲ្យអ្នកកាន់កាប់ដីធ្វើកិច្ចសន្យាមិនបង្ហូរកាកសំណល់ចូលទៅក្នុងបឹង និងបរិច្ចាគដី និងធនធានខ្លះ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នេះ គឺមិនបានធ្វើឡើយ។

៧-តើការរំលោភយកផ្ទៃរងទឹកភ្លៀងរបស់បឹង ផ្តើមចេញពីអ្វី?ដីនៅតំបន់បឹងព្រែកទប់ មានប្លុកA ដែលមានទំហំ៨២ ហិចតា គឺផ្ទៃបឹង ១៤ហិចតានិងផ្ទៃរងទឹកភ្លៀងរបស់បឹង៦៨ហិចតា។ ក្នុងចំណែកដី៦៨ហិចតានេះ មាន ប្រជាពលរដ្ឋនិង មន្រ្តីរាជការរស់នៅតាំងពីយូរណាស់ មកហើយតែ៥១គ្រួសារស្មើនឹង១១០ក្បាលដី ប៉ុណ្ណោះហើយ ៥១គ្រួសារនេះរស់នៅឯក្បែរវត្តឥន្ទញ្ញាណ ហៅ វត្តក្រោមឯណោះមិនមែននៅក្បែរបឹងព្រែកទប់ឡើយ។ បច្ចុប្បន្ន នេះផ្ទៃរងទឹកភ្លៀង៦៨ហិកតានេះត្រូវបានអ្នកមានអំណាច និងអ្នកមានប្រាក់លួចបញ្ចូលឈ្មោះ និងក្បាលដីជាមួយ ប្រជាពលរដ្ឋ ៥១គ្រួសារ ធ្វើឲ្យក្បាលដីឡើងទៅដល់ជាង២៣០ក្បាលដីឯណោះ។ ចំណែកក្បាលដីដែលពួកគេលូច បញ្ចូល គឺស្ថិតនៅកៀកនិងបឹងព្រែកទប់នេះតែម្តង។

ក្រោយពីមន្រ្តីអន្តរក្រសួងចុះអង្កេតស្រាវជ្រាវរួចក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ក៏បានបញ្ជូនលិខិតចំនួន២ ទៅស្ថាប័នពាក់ព័ន្ធ៖

ទី១-ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល តាមរយៈលិខិតលេខ០៣៧ ឧរថ ទស ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៨ ចុះហត្ថលេខា ដោយលោករដ្ឋមន្រ្តី ស៊ុយ សែម គោរពជូនលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តីលើកជាយោបល់ ស្នើសុំរាជរដ្ឋាភិបាល សូមធ្វើការកំណត់តំបន់ការពារប្រភពទឹក សាបរបស់បឹង ព្រែកទប់ ដោយដាក់ឲ្យនៅក្រោមការគ្រប់គ្រងនិងថែរក្សារបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលសំរាប់វិស័យ ផ្គត់ផ្គង់ទឹកស្អាតនៅក្រុងព្រះសីហនុ លើផ្ទៃដី ៨២ហិចតា។ទី២-ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល តាមរយៈ លិខិត លេខ៥០០ ឧរថ ទស ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៨ចុះហត្ថលេខាដោយលោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងជម្រាបជូនលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និង សុរិយោដីខេត្តព្រះសីហនុ ដោយស្នើសុំផ្អាកការចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនទ្រព្យ (ដីធ្លី)ក្នុងតំបន់បឹង ព្រែកទប់ ប្លុកA ចំនួន៩០ហិចតានេះសិន ដោយរង់ចាំរាជរដ្ឋាភិបាលចេញអនុក្រឹត្យ ការពារបឹងនេះ។ តាមរយៈអន្តរ ក្រសួងចុះមកនេះរាជរដ្ឋាភិបាលមិនទាន់បានចេញអនុក្រឹត្យការពារដីបឹងព្រែកទប់នេះនៅឡើយទេ។

បន្ទាប់មកទៀត ក៏មានព្រឹត្តិការណ៍បាតុកម្មមួយកើតឡើង (សង្ស័យបង្កើតឡើង ដោយក្រុមអភិបាលខេត្ត និងឈ្មួញ ទុច្ចរិត) ក្នុងគោលបំណងបំភ្លៃនាយករដ្ឋមន្រ្តី ឲ្យចេញសេចក្តីជូនដំណឹងប្រគល់ដីទាំងនោះឲ្យប្រជាពលរដ្ឋ។ គឺ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១មានបាតុកម្ម សិប្បនិមិត្តមួយ ដោយបោកប្រជាពលរដ្ឋមួយក្រុម ដែលកំពុង រស់នៅពិតប្រាកដឲ្យស្រែកថា ជាតំណាងប្រជាពលរដ្ឋទាំងអស់ មានន័យថា បញ្ចូលក្រុមម្ចាស់ដីថ្មីដែល មិនបាន រស់នៅពិតប្រាកដទេគ្រាន់តែមកហ៊ុមព័ទ្ធធ្វើរបងរំលោភយកដីផ្ទៃរងទឹកភ្លៀងបឹងតែប៉ុណ្ណោះ។ដោយសកម្មភាព របស់ប្រជាពលរដ្ឋទាំងនេះធ្វើឡើងដោយបិទផ្លូវជាតិលេខ៤ព្រមទាំងដង្ហែក្បួនទៅសាលាខេត្ត ទៅមន្ទីរដែនដី ខេត្ត និងមានបំណងទៅព័ទ្ធផ្ទះលោក សូ សុខ ផងដែរ តែទីបំផុតក្រុមបាតុករទាំងនោះក៏បានដង្ហែ ទៅដាក់ញត្តិនៅ ការិយាល័យ តំណាងរាស្រ្តមណ្ឌលព្រះសីហនុវិញ។បន្ទាប់ពីបាតុកម្មបញ្ចប់ភ្លាម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១ លោក ស្បោងសារ៉ាត បានរាយការណ៍ពីបញ្ហានេះ ទៅសម្តេចតេជោភ្លាមព្រមទាំងបានប្រាប់ ពីវិធានការណ៍មួយ ចំនួន ដើម្បីកុហក់សម្តេចផងដែរ។ហើយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១១ អភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាតក៏បានផ្ញើលិខិតមួយទៅរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម មានកម្មវត្ថុស្តីពីសំណើសុំគោលការណ៍អនុញ្ញាត ឲ្យ សាលាខេត្តព្រះសីហនុបានផ្តល់កម្មសិទ្ធិស្របច្បាប់ ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងព្រែកទប់។ដោយក្នុង លិខិត នេះរៀបរាប់ថា បឹងព្រែកទប់ ជាប្រភពទឹកសាបដ៏សំខាន់មួយសំរាប់បំរើឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ផ្ទៃបឹងព្រែកទប់បានគោករាក់បន្តិចម្តងៗជារៀងរាល់ឆ្នាំដោយ សារការហូរចាក់ដីពីតំបន់ផ្ទៃរងទឹកភ្លៀង នារដូវវស្សាហើយបានធ្វើឲ្យទឹកបឹងនេះ មានបរិមាណតិចទៅៗពុំមាន លទ្ធភាព ផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុប្រើប្រាស់តទៅទៀតបាន។ ក្នុងន័យនេះគាត់មិនមាន បំណងឬវិធានការស្តារបឹងនោះទេ បែជាបង្វៀងឲ្យប្រើប្រាស់ទឹកក្បាលឆាយវិញ ប្រយោជន៍ដើម្បីគាត់យកដីនេះ ទុកលក់។ ក្រោយមករាជរដ្ឋាភិបាល ក៏បានចេញសេចក្តីជូនដំណឹងលេខ៤៩៨សជណ ឧស ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ចុះហត្ថលេខាដោយលោក ទេព នន្នរីរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដែលមាន៦ចំណុច ដូចបាន ជម្រាបជូនខាងលើជ្រាបរួចហើយ។បន្ទាប់ពីមានសេចក្តីជូនដំណឹងនេះភ្លាម អភិបាលខេត្ត បានបញ្ជាឲ្យលោក សូ សុខ ប្រធានមន្ទីរសុរិយោដីខេត្ត ចុះហត្ថលេខាចេឡប្លង់ដីឲ្យគាត់ភ្លាមតែលោក សូ សុខ មិនព្រមក៏មានការដោះដូរ ដំណែងភ្លាមដែរ។ ចំពោះលោក សូ សុខការដែលមិនព្រមចុះហត្ថលេខា ព្រោះគាត់គិតថា អាជ្ញាធរខេត្តមិនទាន់ បាន ធ្វើតាមលក្ខខណ្ឌសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាលទាំង៦ចំណុចនោះនៅឡើយទេ ទើបគាត់មិនហ៊ាន ហើយក៏មានការដោះដូររូបគាត់ ដាក់លោក ហ៊ុន ភី ដែលជាមនុស្សរបស់លោក ស្បោង សារ៉ាតវិញ ទើបប្លង់ដីក៏ ចាប់ ផ្តើមចុះហត្ថលេខាចេញជាបន្តបន្ទាប់មក។

ដើម្បីផ្គត់ផ្គង់ទឹកសាបឲ្យបានគ្រប់គ្រាន់ទាំងបច្ចុប្បន្ន និងទៅអនាគត សម្រាប់ផលប្រយោជន៍សាធារណៈ, ការវិនិយោគ និងទេសចរណ៍ តាមគោលនយោបាយរាជរដ្ឋាភិបាល គឺអាជ្ញាធរខេត្តព្រះសីហនុ ត្រូវតែស្ដារ និង ពង្រីក ផ្ទៃបឹងស្តុកទឹកឲ្យកាន់តែធំទើបត្រូវ តែផ្ទុយទៅវិញ បែរជាគណៈអភិបាលខេត្តព្រះសីហនុខ្លះ មន្ត្រីនៃមន្ទីរ ពាក់ព័ន្ធមួយចំនួន និងអ្នកមានទ្រព្យសម្បត្តិខ្លះ បានឃុបឃិតគ្នា បណ្ដោយឲ្យមានមនុស្សចូលកាន់កាប់ដីធ្លី ចាក់ដី លុប និងសង់លំនៅដ្ឋាននៅតំបន់បឹងព្រែកទប់ទៅវិញ។ ឬមួយពួកគេមានចេតនា ប្រឆាំងគោលនយោបាយ រាជរដ្ឋាភិបាល?

ដូចនេះមានន័យថា ពួកខិលខូចទាំងអស់នោះ នាំគ្នារំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញ, ច្បាប់ស្តីពីភូមិបាល, ច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹកក្នុងព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធាន ធម្មជាតិ និងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល? ពួកគេប្រមាថ មើលងាយគោល នយោបាយរាជរដ្ឋាភិបាល កម្ពុជា។យោងតាមប្រភពព័ត៌មានពីខេត្តព្រះសីហនុ បានឲ្យដឹងថាមន្រ្តីដែលពាក់ព័ន្ធនៅក្នុងរឿងមិនប្រក្រតី រៀបចំ យកដីតំបន់បឹងព្រែកទប់ធ្វើជាកម្មសិទិ្ធខុសច្បាប់នេះ រួមមាន លោក ស្បោង សារ៉ាតអតីតអភិបាលខេត្តព្រះសីហនុ, លោក ប្រាក់ ស៊ីហារ៉ា អភិបាលរងព្រះសីហនុ, លោកហ៊ុន ភី ប្រធានមនី្ទរសុរិយោដី ដែលទើបនឹងឡើងថី្ម និងអ្នកជំនួញ ហេង ហ៊ុយ។

ដោយមើលឃើញភាពមិនប្រក្រតីក្នុងករណីបឹងព្រែកទប់ និងផលប្រយោជន៍ដ៏ធំធេងរបស់បឹង ទើបថី្មៗនេះ លោក ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងឱកាសចូលរួមពិធីផ្ទេរនិងចូលកាន់មុខតំណែង អភិបាល ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨  ខែឧសភា  ឆ្នាំ២០១៤ បានដាក់បទបញ្ជាដាច់ខាតឲ្យអភិបាលខេត្តថ្មី លោក ឈិន សុខុន ត្រូវតែការពារឲ្យខាងតែបាន ចំពោះតំបន់ និងផ្ទៃបឹងព្រែកទប់នេះ។

ប្រភពព័ត៌មានពីមន្រ្តីរាជរដ្ឋាភិបាល សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាមិនអនុញ្ញាតឲ្យមានការរំលោភបំពាន ហើយបានតាមដានជាប់ជាពិសេស ថាតើអភិបាលខេត្តថ្មីមាន លទ្ធភាព ទប់ស្កាត់ការរំលោភបំពាននៅតំបន់បឹងព្រែកទប់នេះបានដែរឬទេ?

អាស្រ័យហេតុនេះ បឹងព្រែកទប់ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមិនមានអ្នកណារំលោភ កាន់កាប់បាន ទេ ពីព្រោះវានៅមានតម្លៃដ៏ក្រៃលែងមិនអាចកាត់ថ្លៃបានសម្រាប់ផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ ជាតិ, ការរំលោភបំពានដូចក្នុងសម័យកាន់កាប់របស់លោក ស្បោង សារ៉ាត (អតីតអភិបាលខេត្តព្រះសីហនុ) គឺជា ការបំពានច្បាប់ ដែលនាំឲ្យមានផលប៉ះពាល់ដល់ប្រភពទឹកសាបតែមួយគត់របស់ក្រុងព្រះសីហនុ, បាត់បង់ផ្ទៃរង ទឹកភ្លៀងរបស់បឹង, ខូចគុណភាពទឹកសាបក្នុងផ្ទៃបឹង, ទឹកក្រោមដី មានជាតិប្រៃប្រើប្រាស់លែងបានដោយ សារ ខ្វះទឹកសាបពីបឹងទៅបន្សាប, និងបាត់បង់ផ្ទៃដីដែលទុកសម្រាប់ពង្រីកផ្ទៃបឹងនាពេលបច្ចុប្បន្ន ក៏ដូចអនាគត ដើម្បីកុំឲ្យខ្វះទឹកសាបប្រើប្រាស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន សិប្បកម្ម ឧស្សាហកម្ម និងវិស័យ ទេសចរណ៍ នៅក្រុងព្រះសីហនុ។

ដូចនេះ គណបក្សប្រជាជនកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួង ធនធានទឹក និងឧតុនិយម, ក្រសួងបរិស្ថាន, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, អាជ្ញាធរខេត្តព្រះសីហនុសព្វថ្ងៃ, និងអង្គភាពប្រឆាំងអំពើពុករលួយ គួរដោះស្រាយបែបណាចំពោះបឹងព្រែកទប់ និងចាត់ការបែបណា ចំពោះមន្រ្តី ខិលខូច ដែលបានបំផ្លាញបឹងព្រែកទប់នេះ?៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>