កំពង់ចាម ៖ ក្មេងទំនើង ជាសិស្សសាលា យកវត្តអារាម ជាទីកន្លែងស្នាក់នៅ ដើម្បីរៀនសូត្រម្នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ កម្លាំងនគរបាល ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ដោយបានកាប់គេ បណ្តាលឲ្យរងរបួស ចំនួន២លើកមកហើយ ។
ជនបង្កដែល ជាកូនសិស្សលោកនៅ វត្តភ្នំប្រុស ក្នុងស្រុកកំពង់សៀមរូបនេះ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ប្រមាណ ៤៖៣០នាទី រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ ខណៈដែល ជនសង្ស័យ កំពុងលាក់ខ្លួន នៅស្រុកកំណើត បន្ទាប់ពីកាប់គេឲ្យ រងរបួស មួយលើកទៀត នៅមុខ សណ្ឋាគារមនោរម្យ ក្រុងកំពង់ចាម កាលពីពាក់កណ្តាលអាធ្រាត្រ ៤-៥ថ្ងៃមុនកន្លងទៅនេះ ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យរូបនេះមាន ឈ្មោះ ផល សុជា អាយុមិនទាន់ដល់២០ឆ្នាំផង ហើយបានសុំព្រះសង្ឃ នៅវត្តភ្នំប្រុស ដើម្បីស្នាក់អាស្រ័យរៀនសូត្រ ហើយមានស្រុកកំណើតនៅស្រុកកំពង់សៀម ។
មន្រ្តីនគរបាល ខាងលើបានបន្តទៀតថា ក្រោយពីទទួលសេចក្តីរាយការណ៍ពីករណី ក្មេងទំនើងកាប់គ្នា នៅមុខសណ្ឋាគារ មនោរម្យរួចមក ហើយជនបង្កបានរត់គេចខ្លួននោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបញ្ជាឲ្យកម្លាំងនគរបាល ជំនាញសហការជាមួយកម្លាំង នគរបាលពាក់ព័ន្ធ តាមស្រាវជ្រាវ និងធ្វើការស៊ើប អង្កេតករណីនេះ ជាបន្ទាន់ដើម្បី តាមចាប់ជនបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
បើមន្រ្តីនគរបាល ខាងលើនេះ បានបន្តទៀតថា ក្រោយពីទទួលបានបទបញ្ជាពី លោកស្នងការរួចមក កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ សហការជាមួយកម្លាំង នគរបាលស្រុកកំពង់សៀម បានធ្វើការតាមដាន យ៉ាងយកចិត្តទុកដាក់ រហូតឈានទៅដល់ចាប់ខ្លួន ជនបង្ករូបនេះតែម្តង ។ ក្រោយការសួរនាំ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះធ្លាប់ធ្វើ សកម្មភាព កាប់គេម្តងហើយ កាលពីពេលកន្លងទៅ ហើយត្រូវបានចៅក្រម សាលាដំបូងខេត្តកំពង់ចាម ចេញដីកាតាមចាប់ខ្លួនទៀតផង ។
ដោយសារតែ កាប់គេហើយ មិនត្រូវសមត្ថកិច្ចចាប់ខ្លួន ទើបជនសង្ស័យរូបនេះ បន្តប្រព្រឹត្តថែមទៀត តែលើកនេះត្រូវ ជាប់ខ្នោះយ៉ាងទាន់ហន់ ពីសំណាក់កម្លាំង នគរបាលខេត្តកំពង់ចាម។
គួរកត់សម្គាល់ថា រាល់សកម្មភាព ក្មេងទំនើង ដែលបានប្រព្រឹត្ត និងដេញកាប់គ្នានៅ ខេត្តកំពង់ចាម ប៉ុន្មានករណីនេះ ត្រូវបានលោកស្នងការខេត្ត បញ្ជាឲ្យតាមចាប់បានទាំងអស់ លើកលែង តែកូនប្រុស របស់លោក ប៉ែន គ្រី អនុប្រធាន ការិយាល័យ កណ្តាលសណ្តាប់ធ្នាប់ខេត្ត ដែលបាននិងកំពុងរត់គេចខ្លួន ក្រោយបក្ខពួក ត្រូវចាប់ខ្លួនជាបន្តបន្ទាប់ ហើយកូនប្រសាម្នាក់របស់លោក ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងត្រូវតុលាការសម្រេច ដាក់ពន្ធនាគារ ជាប់ពាក់ព័ន្ធ ការប្រើអាវុធខុសច្បាប់ និងចែកចាយគ្រឿងញៀន ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន ហើយធ្វើតេស្ត ទឹកនោម ពីព្រោះពីមុន ជនសង្ស័យជាមុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ហើយនឹងដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕