មណ្ឌលគិរី: សមត្ថកិច្ចស្រុកអូររាំង ឃាត់ខ្លួនជនជាតិវៀតណាម ៤ នាក់ សង្ស័យលួចចូលអារឈើ នៅ ក្នុងទឹកដីខ្មែរ ត្រង់ទីតាំង ភ្នំស្រឡៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង កាលពីវេលាម៉ោង ១១ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ ។
លោក ប៊ូ ប៊ុនឈាត អធិការស្រុកអូររាំង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា មានជនជាតិវៀតណាមចូលអារឈើខុសច្បាប់ លោកក៏បានបញ្ជាកម្លាំងឲ្យចុះត្រួតពិនិត្យ តាមចំណុច នៃសេចក្តី រាយការណ៍ភ្លាម គ្រានោះសមត្ថកិច្ចចុះដល់ទីតាំង ភ្នំស្រឡៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ឃើញសកម្មភាពជាក់ស្តែង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បានជនជាតិវៀតណាម៤នាក់ រួមទាំង គោ យន្តកន្រ្តៃ ២គ្រឿង ផ្ទុកឈើប្រណីត ១៤ដុំ ។
លោកបានបន្តទៀតថា ជនសង្ស័យទី១ ឈ្មោះ អង មិញចុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀត ណាម រស់នៅខេត្តដាក់ណុង ទី២ ឈ្មោះ ឡេ វ៉ាន់ទៀន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិវៀតណាម រស់នៅខេត្តដាក់ណុង ទី៣ ឈ្មោះ ត្វាច់ ដាក់ទិច ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅខេត្តដាក់ឡាក់ និង ទី៤ ឈ្មោះ ថ្វាម វ៉ានថៃ ភេទប្រុស រស់នៅខេត្តដាក់ណុង ជនសង្ស័យត្រូវបានសួរនាំ នៅអធិការ ហើយ ត្រូវបានបញ្ជូន ទៅកាន់ការិយាល័យ អន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាលខេត្តចាត់ការបន្ត ។ សហគមន៍ការពារព្រៃឈើកំពុងធ្វើការចោទប្រកាន់ លោក ជា ប្តី យាយបូក នៅក្រុងសែនមនោរម្យ ជា អ្នកនាំជនជាតិវៀតណាមខាងលើនេះ ចូលអារឈើខុសច្បាប់ ក្នុងទឹកដីខ្មែរ ហើយប្រជាពលរដ្ឋ សំណូម ពរឲ្យអាជ្ញាធរ មានសមត្ថកិច្ចជួយអញ្ជើញឈ្មោះ ជា ដែលគេល្បីថា ជើងខ្លាំងខាងនាំជនជាតិវៀតណាម ចូលមកអារឈើខុសច្បាប់ នៅក្នុងទឹកដីខ្មែរកន្លងមក សមត្ថកិច្ចធ្លាប់បានធ្វើការចាប់ត្រាក់ទ័រ ចំនួន ២ គ្រឿង របស់ជនជាតិវៀតណាម ប៉ុន្តែត្រូវបានគេដោះលែងទៅវិញ ត្រាក់ទ័រនោះក៏មានឈ្មោះ ជា ជាប់ ពាក់ព័ន្ធនៅក្នុងរឿងនោះដែរ ៕