ភ្នំពេញ៖ បញ្ហាទាមទារទឹកដី ទាំងទឹកដីខ្មែរកម្ពុជាក្រោម ក៏ដូចជាកោះត្រល់ផងនោះ បានក្លាយជាប្រធានបទ ដ៏សំខាន់ របស់គណបក្សសង្រ្គោះជាតិ ក្នុងយុទ្ធនាការស្វែងរកប្រជាប្រិយភាព របស់ខ្លួន តាមរយៈសារ នយោបាយផ្សេងៗ។
ឆ្លើយតបសារនយោបាយរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង ក្នុងការទាមទារដែនដីទាំងអស់នោះ លោក ឈាង វុន សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង ព័ត៌មាន នៃរដ្ឋសភា បានថ្លែងជំរុញឲ្យអ្នកនយោបាយ ដែលចង់ ទៅដណ្តើមកោះត្រល់មកវិញ ត្រូវពិចារណាមើលលើគំរូរបស់ ប៉ុល ពត ដែលបានអនុវត្តន៍ នៅពេល ពួកគេកាន់អំណាចក្នុងចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៨។
លោក ឈាង វុន តាមរយៈលិខិតចំហរបស់ខ្លួន ដែលចែកចាយដល់បណ្តាញព័ត៌មាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤នេះ បានបញ្ជាក់ថា ការដោះស្រាយបញ្ហា តាមកម្លាំងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របស់ប៉ុល ពត ត្រូវបានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងអត្ថបទ នៃព្រឹត្តិបត្រស្វែងរកការពិត ផ្នែកប្រវត្តិសាស្រ្ត និង ការស្រាវជ្រាវ លេខ១៥៥ ខែវិច្ឆិកា ឆ្នាំ២០១២។
លោក ឈាង វុន បានបញ្ជាក់ថា «ការបាត់បង់ទឹកដី នៃមាតុភូមិ គឺយើងទាំងអស់គ្នា មានការឈឺចាប់ណាស់ តែជំរុញឲ្យប្រជាពលរដ្ឋរងទុក្ខវេទនា ខ្លោចផ្សារថែមទៀត គឺចាំបាច់ត្រូវជៀសវាង» ។
លោក ឈាង វុន ក៏បានស្នើឲ្យអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរ កម្ពុជាក្រោមផង ត្រូវធ្វើ ការវិនិច្ឆ័យថា តើការបាត់បង់កោះត្រល់ជាកំហុសរបស់គណបក្សប្រជាជនកម្ពុជា ឬកំហុសសម្តេចតេជោ ហ៊ុន សែន ឬជាកំហុសរបស់ ប្រជាពលរដ្ឋខ្មែរកើតក្រោយឆ្នាំ១៩៤៩ ឬយ៉ាងណា?