Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឪពុក-ម្តាយទាស់ សម្តីគ្នា បោះកូនស្រី វ័យទើប ៦ខែ ទង្គិចជញ្ជាំង បណ្តាលឲ្យពិការ ជារៀងរហូត (មានវីដេអូ)

$
0
0

- ដូនចាស់ ប្រកបរបរលក់លត ចិញ្ចឹមចៅពិការ ខណៈឪពុក-ម្តាយ បំបរបង់ចោល

- ប្រាក់ឧបត្ថម្ភ របស់លោកស្រី ម៉ែន សំអន និងសប្បុរសជន ជាង ១លានរៀល ជូនដល់ដៃកុមារីកម្សត់

ភ្នំពេញ ៖ ទំនាស់ពាក្យសម្តីរបស់គូស្វាមីភរិយាក្មេងខ្ចីមួយគូ បានបន្សល់នូវវិប្បដិសារី ដ៏សោកសៅធ្វើ ឲ្យកុមារីដ៏ទ្រលុកទ្រលន់ម្នាក់ ដែលមានវ័យទើប ៦ខែ រងនូវអំពើហិង្សាធ្លាក់ខ្លួនពិការពេញមួយជីវិត។ កាន់តែគួរឲ្យអាណិតអាសូរថែមទៀត កុមារីដ៏កម្សត់រូបនេះ ក្រោយធ្លាក់ខ្លួនពិការ ត្រូវឪពុក និងម្តាយ បំបរបង់ចោល ទុកឲ្យនៅជាមួយដូនចាស់ដោយការប្រកបរបរលក់លត ។

អ្នកស្រី ជីវ ឡេង វ័យជិត ៦០ឆ្នាំ បានរៀបរាប់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កុមារីកម្សត់ លីហ្សា ពេល កើតមកមានកាយសម្បទា សតិបញ្ញា និងសុខភាពដូចក្មេងទូទៅធម្មតា ហើយមានរូប សម្បត្តិទ្រលុកទ្រលន់គួរឲ្យស្រឡាញ់ថែមទៀតផង ។

តែជាអកុសលនៅថ្ងៃមួយ គ្រាដែលកុមារីរូបនេះ មានអាយុបាន ៦ខែ ស្រាប់តែឪពុក-ម្តាយ មានជម្លោះ ពាក្យសម្តី ស្រ្តីជាម្តាយបានចាប់កុមារីទង្គិចទៅនឹងជញ្ជាំង បណ្តាលឲ្យដាច់សរសៃខួរក្បាល សន្លប់ស្តូក ស្តឹងអស់ជាច្រើនថ្ងៃគ្មានសង្ឃឹមថា អាចស្រោចស្រង់ជីវិតបាននោះទេ ។

អ្នកស្រី ជីវ ឡេង បានថ្លែងបន្តថា ដោយមានការព្យាយាមជួយសង្រ្គោះពីក្រុមគ្រូពេទ្យគន្ធបុប្ផាកុមារី ក៏ បានដឹងខ្លួនឡើងវិញ តែកាយសម្បទា សតិបញ្ញាស្មារតី របស់នាងមិនដូចដើមទៀតនោះទេ ពោលកាយ សម្បទា ដៃ ជើង និងភ្នែក ត្រូវរងនូវភាពពិការជារៀងរហូត ។

ពីក្នុងមជ្ឈមណ្ឌលគៀនឃ្លាំង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ខណ្ឌឬស្សកែវ អ្នកស្រី ជីវ ឡេង ដែល កំពុងយកចៅរបស់ខ្លួនទៅធ្វើចលនាសាស្រ្តនោះ បានឲ្យដឹងទៀតថា កុមារី លីហ្សា ក្រោយពេលទទួល រងនូវភាពពិការហើយ ឪពុក-ម្តាយ បានចែកផ្លូវគ្នា ឪពុកទៅយកភរិយាថ្មី រីឯម្តាយក៏ចេញឆ្ងាយពីស្រុក បាត់ជារៀងរហូត មិនមាននរណា អាណិតស្រណោះ នៅមើលថែកូនរបស់ខ្លួនឡើយ ។

ដោយក្តីអាណិតអាសូរ និងអតីតភាពធ្លាប់ហែលឆ្លងភាពលំបាកវេទនា ក្នុងនាមជាកុមារកំព្រា អ្នកស្រី ជីវ ឡេង មិនដាច់ចិត្តទុកចៅពិការចោលនោះឡើយ ទោះបីអ្នកស្រីមានជីវភាពទីទ័លលំបាកយ៉ាងណា ក្តី ក៏នៅតែត្រដរលក់លត ចិញ្ចឹមចៅរហូតដល់ពេលបច្ចុប្បន្ន ។

អ្នកស្រី ជីវ ឡេង «ខ្ញុំលំបាកណាស់ក្នុងជីវភាព គ្មានអ្វីចិញ្ចឹមចៅទេ ។ រាល់ថ្ងៃប្រកបរបរលក់លត គ្រាន់ បានលុយខ្លះ ទិញទឹកដោះគោ ឲ្យនាងបៅ ។ ពេលខ្លះអ្នកក្នុងភូមិគាត់ប្រាប់ខ្ញុំថា អ៊ំឯងខំម៉េស ជីវភាព ទីទ័លក្រចឹងនោះ ទុកឲ្យនាង (កុមារីរងគ្រោះ) ទៅតាមដំណើរទៅ ឲ្យរួចផុតកម្មរបស់នាង។ តែខ្ញុំចិត្ត មិនដាច់ ក៏ខិតខំត្រដរចិញ្ចឹមចៅរហូតមក»។

បច្ចុប្បន្នកុមារី លីហ្សា ត្រូវបានជីដូនរបស់ខ្លួន យកទៅព្យាបាលតាមរយៈធ្វើចលនាសាស្រ្ត និងបើកយក ថ្នាំរលាកខួរក្បាល ពីមន្ទីរពេទ្យគន្ធបុប្ផាជាប្រចាំ ។

បើតាមអ្នកស្រី ជីវ ឡេង ក្រោយពីការយកទៅព្យាបាល តាមរយៈចលនាសាស្រ្តបានរយៈពេលប្រហែល ជា ២ខែនោះ កុមារី លីហ្សា អាចកម្រើកដៃជើងបានខ្លះ ហើយអាចស្រែកយំបាន ជាពិសេស កុមារីមិន សូវប្រកាច់ដូចមុននោះទេ ។ មុនពេលទទួលការព្យាបាលកុមារីឧស្សាហ៍ជួបការប្រកាច់ខ្លាំងណាស់។ បច្ចុប្បន្នក្រៅពីពិការភាព កុមារីក៏មានជំងឺរលាកខួរក្បាល និងរលាកសួតផងដែរ។

សូមបញ្ជាក់ថា ដោយក្តីអាណិតអាសូរចំពោះកុមារីកម្សត់នេះ មានសប្បុរសជនជាច្រើននាក់ បានចូល រួមឧបត្ថម្ភថវិកាដល់កុមារី សម្រាប់ចំណាយលើថ្លៃទឹកដោះគោះ និងតម្រូវរបស់ជីដូន។ ថវិកាជាង ១ លានរៀល របស់សប្បុរជន តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ត្រូវបានយកទៅប្រគល់ដល់ដៃ ជីដូនរបស់ លីហ្សា ហើយ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ។

អ្នកស្រី ជីវ ឡេង ជាការឆ្លើយតប ចំពោះទឹកចិត្តដ៏សណ្តោសប្រណីរបស់សប្បុរសជននោះ បានលើកដៃ ប្រណមថ្លែងអំណរគុណ និងជូនពរឲ្យសប្បុរសជនទាំងអស់ បានជួបតែសេចក្តីសុខ និងជោគជ័យគ្រប់ ភារកិច្ច ។

ថវិកាទាំងនោះ បានមកពីលោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ព្រឹទ្ធ សភា រដ្ឋសភា និងអធិការកិច្ច ៥០ម៉ឺនរៀល, ឧត្តមសេនីយ៍ទោ ប៊ូ សុខគីម មេបញ្ជាការរង យោធភូមិ ភាគទី៣ ១០០ដុល្លារ, លោក ឃិន សារ៉ាត់ បុគ្គលិកបម្រើការងារ នៅក្រុមហ៊ុនសូគីម៉ិចឧបត្ថម្ភ ៣០ ដុល្លារ, លោក អន សុផុន បុគ្គលិកនៅសណ្ឋាគារកាំបូឌីយ៉ាណា ប្រធានផ្នែកលក់ ១០ដុល្លារ និង លោក ឃុន ខែម និងភរិយា ១០ម៉ឺនរៀល ។

ទោះបីជាយ៉ាងណា អ្នកស្រី ជីវ ឡេង នៅតែទទូចស្វែងរកជំនួយសប្បុរសពីសប្បុរសជន ដែលមាន ចិត្តសណ្តោស មេត្តាជួយឧបត្ថម្ភបន្តទៀត ដើម្បីបានថវិកាយកទៅទិញទឹកដោះគោចិញ្ចឹមចៅ ត្បិតអ្នក ស្រីសព្វថ្ងៃមានជីវភាពលំបាកខ្លាំង និងមានវ័យកាន់តែចំណាស់ហើយ បើអត់ពីអ្នកស្រីទៅ មិនដឹងមាន នរណាជួយបីបាច់ថែរក្សាជំនួសនោះទេ ។

អ្នកស្រីក៏ស្វាគមន៍ ដល់សប្បុរសជន និងអង្គការនានា ដែលមានបំណងចង់យកចៅអ្នកស្រីទៅព្យាបាល និងចិញ្ចឹម ផងដែរ ។

បើសប្បុរសជនណា ចង់ចូលរួមបរិច្ចាក ឬឧបត្ថម្ភជីវភាពរស់នៅ របស់ក្មេងស្រីរូបនេះ អាចទាក់ទង តាមលេខទូរស័ព្ទរបស់លោកយាយ ជីវ ឡេង ៖ ០១៥ ៩៣ ៨១ ៧១ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>