ភ្នំពេញ៖ ប្រធានមូលនិធិបាយ័ន បុត្រីទី២ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកស្រី ហ៊ុន ម៉ាណា ពេញមួយថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ នេះ បានដឹកនាំសប្បុរសជន ធ្វើដំណើរទៅកាន់ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីផ្តល់អំណោយ ដល់ប្រជាពលរដ្ឋក្រីក្រខ្វះទីពីង។
នៅពេលព្រឹកប្រធានមូលនិធិបាយ័ន លោកស្រី ហ៊ុន ម៉ាណា បានដឹកនាំសប្បុរសជនមួយក្រុម ធ្វើដំណើរ ទៅកាន់ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង នៅទីនេះ លោកស្រី និងក្រុមសប្បុរសជន បានផ្តល់ផ្ទះទេវតា មួយខ្នងជូនដល់លោកយាយ ជុំ ណំា វ័យ៧០ឆ្នាំ ដែលមានជីវភាពក្រខ្សត់ ។
លោកយាយ ជុំ ណាំ ក្រោយពីទទួលបានផ្ទះ ដែលជាជម្រកស្នាក់នៅ ក៏បានថ្លែងអំណគុណ ដល់លោកស្រី ហ៊ុន ម៉ាណា ក៏ដូចជាសប្បុរសជន ថានេះជាការធ្វើបុណ្យទាន់ខែភ្លឺ ចំពោះមនុស្សចាស់ក្រខ្សត់ រស់នៅខ្វះ មុខខ្វះក្រោយ ហើយជម្រកមួយនេះ ពិតជាបានផ្តល់ភាពកក់ក្តៅដល់រូបគាត់ និងក្រុមគ្រួសារជាខ្លំាង។
នៅក្នុងឱកាសនោះដែរ ក្រោយពីបានប្រគល់ផ្ទះទេវតារួចមក ក្រុមការងារក៏បានផ្តល់នូវ រទេះរុញចំនួន២ គ្រឿងដល់លោកតា លោកយាយ ចាស់ជរា រួមនិងថវិការ មួយចំនួនទៀតដល់អ្នកភូមិផងដែរ។
បន្ទាប់ពីបញ្ចប់ពិធីប្រគល់ផ្ទះទេវតា រួចធ្វើដំណើរទៅមុខបានបន្តិច ក្បួនរថយន្តក៏បានឈប់លោកស្រី ហ៊ុន ម៉ាណា និងក្រុមសប្បុរសជន បានចុះទៅខ្ទមដ៏តូចមួយនៅជាប់ផ្លូវដែលជាទីស្នាក់អាស្រ័យរបស់ លោកស្រី ហុង យ៉ោម សមជិកភូមិមួយរូប ក្នុងឃុំស្តៅកោង ក្រុមការងារក៏បានផ្តល់ជូនសំភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនធំ រួមនិងថវិការខ្លះផងជូនដល់ប្រជាពលរដ្ឋក្រីក្ររូបនេះដើម្បីដោះស្រាយ ជីវភាពទីទាល់ក្របានមួយគ្រាផងដែរ។
បញ្ចប់កិច្ចការងារមនុស្សធម៌ក្នុងខេត្តព្រៃវែង ក្រុមមូលនិធិបាយ័ន ក៏បានបន្តដំណើរតាមផ្លូវលំ ក្នុងភូមិមួយចំនួន ក្នុងស្រុកស្វាយទាប ស្រុករមាសហែក និងស្រុករំដួល របស់ខេត្តស្វាយរៀង ដើម្បីស្វែងរកអ្នកទីទាល់ក្រ ជាក់ស្តែងរួច ប្រគល់សំភារៈប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងហូបចក់ និងថវិការមួយចំនួនដើម្បីឲ្យពួកគាត់យក ទៅដោះស្រាយ ជីវភាពរស់នៅ ។ ក្នុងការធ្វើដំណើរ លោកស្រី ហ៊ុន ម៉ាណា បានផ្តល់អំណោយ សប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន២ គ្រួសារ ក្នុងស្រុកស្វាយទាប ប្រជាពលរដ្ឋ៤គ្រួសារទៀត នៅស្រុករមាសហែក រួមនិង៤គ្រួសារបន្ថែមទៀតនៅក្នុងស្រុករំដួល។
ក្នុងសកម្មភាពនេះ ក្រុមអ្នកភូមិបាននាំគ្នានិយាយក្នុងសំឡេងតែមួយថា ទង្វើនេះជាអ្វីដែលពួកគាត់ចង់បាន ក៏ព្រោះអំណោយសប្បុរសធម៌នេះ បានចុះមកដល់គោលដៅ ចំពោះគ្រួសារដែលមានជីវភាពទីទាល់ក្រ ពួកគាត់មិនច្រណែននោះទេ ព្រោះអំណោយនេះបានប្រគល់ ទៅដល់ដៃអ្នកអត់ អ្នកក្រខ្វះខាតដោយផ្ទាល់ ពីសប្បុរសជនទាំងអស់ ៕