Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាពលរដ្ឋ៖ សេវាកម្មបង់ពន្ធ នៅពន្ធដារយូរ និងលំបាកដូចសុំ ភ្លើងយក្ស

$
0
0

ភ្នំពេញ៖ អ្នកមានលុយ មានអំណាច និងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាមិនធ្លាប់ជួប ហើយក៏ ប្រហែលជាមិនបានដឹងដែរថា ការបម្រើសេវាកម្ម នៅតាមក្រសួង មន្ទីរ ស្ថាប័នរបស់រដ្ឋវាលំបាកយ៉ាងណានោះ? ព្រោះអ្នកមានលុយ មានអំណាច និង មន្រ្តីជាន់ខ្ពស់ បើត្រូវការស្វែងរកសេវាកម្មអ្វីមួយពីក្រសួង មន្ទីរ ស្ថាប័ន គឺ សុទ្ធតែមានកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំកំពូល នៃក្រសួង មន្ទីរ ឬស្ថាប័នណាមួយនោះជាមិនខាន។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋ ដែលជាសាមញ្ញជន តែងតែនាំគ្នារអ៊ូរទាំ និងធុញធ្រាន់ស្ទើរគ្រប់គ្នា ពេលទៅស្វែងរកសេវាកម្មពី ក្រសួង មន្ទីរ និងស្ថាប័នរបស់រដ្ឋម្តងៗ ព្រោះត្រូវប្រឈមស្ទើរគ្រប់រូបភាព រូបភាព នៃការមិនស្វាគមន៍ ប្រើពាក្យ សម្តីគំរោះគំរើយពីសំណាក់មន្រ្តីបម្រើការនៅតាមក្រសួង មន្ទីរ និងស្ថាប័ន ជាពិសេសសេវាកម្មយឺតយ៉ាវ និងស្មុគ ស្មាញ ពេលខ្លះប្រជាពលរដ្ឋឮតែធ្វើអ្វីពាក់ព័ន្ធជាមួយស្ថាប័នរបស់រដ្ឋ ធ្វើឲ្យពួកគាត់នឿយណាយមិនចង់ធ្វើតែ ម្តង។

កាលពីយប់ថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ខ្ញុំបានទៅអង្គុយទទួលទានអាហារសម្រន់ពេលចេញពីធ្វើការនៅអាហារ ដ្ឋានមួយតាមបណ្តោយមហាវិថីម៉ៅសេទុង ក៏ជួបមិត្តភក្តិម្នាក់ និយាយចុះនិយាយឡើង គាត់បានរអ៊ូរទាំពីការលំ បាក ពេលទៅស្វែងរកសេវាកម្មរបស់ស្ថាប័នរដ្ឋ។ មិត្តភក្តិរបស់ខ្ញុំ គាត់បានដឹងថា ខ្ញុំធ្វើនៅមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល គាត់បានរអ៊ូរទាំប្រាប់ តែសូមមិនឲ្យចុះផ្សាយអីនោះទេ ព្រោះក្លាចក្រសួងគេខឹង គេផ្អឹបឯកសាររបស់ គាត់។ តែរពិសអីធ្វើជាអ្នកកាសែត ឲ្យតែបានឮអ្វី ដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ នៅមិនសុខ ក៏លើកមក បង្ហាញជាសាធារណៈក្រែងឡោ ដឹងដល់ប្រមុខរាជ រដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងស្ថា ប័នរដ្ឋ ងាយស្រួលក្នុង ការកែតម្រូវចំណុចអសកម្មទាំងអស់នេះ និងផ្តល់ជូននូវសេវាកម្មល្អដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់មានប្រសាសន៍លើកទឹកចិត្តឲ្យមានការចេញផ្សាយពីចំណុច អសកម្មក្នុងស្ថាប័នរបស់រដ្ឋផងដែរ។

មិត្តភក្តិខ្ញុំនេះ រស់នៅក្នុងរាជធានីភ្នំពេញ បានស្វែងរកការបង់ពន្ធប្រថាប់ត្រាលើលិខិតផ្ទេរប្លង់កម្មសិទ្ធិដីធ្លី និង ផ្ទះ សម្បែងរបស់ខ្លួន ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ពីអគ្គនាយកដ្ឋានពន្ធដារ ស្ថិត នៅជាប់ស្តុបទួលគោក បានត្អូញត្អែរប្រាប់ថា គាត់ស្ទើរតែឆ្អែតជាមួយការបម្រើសេវាកម្មតាមក្រសួង មន្ទីរ និង ស្ថាប័នរបស់រដ្ឋ ហើយថ្ងៃក្រោយបើមានអ្វី ដែលពាក់ព័ន្ធសេវាកម្មពីរដ្ឋ គឺមិនចង់ធ្វើទៀតនោះទេ។

មិត្តភក្តិម្នាក់នេះ បានថ្លែងរៀបរាប់ទៀតថា នៅពេលថ្មីៗនេះ រូបគាត់បានលក់ផ្ទះ និងដីមួយកន្លែងស្ថិតនៅក្នុង ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជាផ្ទះ និងដី ដែលមានប្លង់រឹង ជាហេតុតម្រូវឲ្យធ្វើការរត់ការ កាត់ប្លង់ផ្ទេរកម្មសិទ្ធិជូនទៅអ្នកទិញ។ ការកាត់ប្លង់រឹងនេះ បានធ្វើជាច្រើនដំណាក់កាល ពោលតម្រូវឲ្យបំពេញសំ ណុំបែបបទរដ្ឋបាល និងលិខិតស្នាមនានា ពីមន្រ្តីពាក់ព័ន្ធតាំងពីថ្នាក់ខណ្ឌ រហូតដល់មន្ទីរដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់រាជធានីភ្នំពេញ។

ការស្វែងរកសេវាកម្មនេះ គាត់ត្រូវជិះម៉ូតូចុះឡើង ពីខណ្ឌទៅមន្ទីរ ពីមន្ទីរទៅខណ្ឌ ថ្ងៃខ្លះទៅហើយមិនជួបប្រធាន ដែលជាអ្នកចុះហត្ថលេខា ក៏ត្រឡប់មកផ្ទះវិញ ត្រូវព្យាយាមទៅមួយដង ពីរដងទើបបានជួប។ ទម្រាំរត់ចប់ពីថ្នាក់ ខណ្ឌ និងមន្ទីរដែនដី នគរូបនីយកម្ម គឺចំណាយពេលជិតមួយខែទៅហើយ។

បន្ទាប់ពីការរត់ការបំពេញបែបបទនានា ជាច្រើនត្រឡប់ ច្រើនកន្លែង ដោយចំណាយរយៈពេលជិតមួយខែនោះ បច្ចុប្បន្នឯកសារផ្ទេរកម្មសិទ្ធិដីធ្លីនេះ ត្រូវបានមកដល់អគ្គនាយកដ្ឋានពន្ធដារហើយ ដើម្បីធ្វើការគណនាពន្ធ និង បង់ពន្ធលើដីធ្លី និងផ្ទះ។ លិខិតស្នាមបង់ពន្ធ ក្រោយដាក់នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ រហូតដល់ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១៤នេះ ជាសប្តាហ៍ទី៣ទៅហើយ តែមិនទាន់មានមន្រ្តីពន្ធដារហៅទៅយកលិខិតបង់ពន្ធ ឬត្រូវធ្វើ ការបង់ពន្ធយ៉ាងណាឡើយ ពេលទូរស័ព្ទទៅសួរមន្រ្តីបម្រើការ ពួកគេបានត្រឹមនិយាយថា ឯកសារនឹងយូរបន្តិច ព្រោះត្រូវ ឆ្លងអគ្គនាយករង និងអគ្គនាយកគាត់ពិនិត្យ និងចុះហត្ថលេខាជាច្រើនដំណាក់កាលទៀត។

មិត្តភក្តិរបស់ខ្ញុំ បានថ្លែងបន្តជាមួយទឹកមុខមាំ និងហាក់មានការខឹងសម្បាថា «ខ្ញុំពិតជាឆ្អែតចិត្ត និងធុញទ្រាន់ជា មួយសេវាកម្មរបស់ក្រសួង មន្ទីរ ស្ថាប័នរដ្ឋណាស់ សេវាកម្មមិនត្រឹមតែស្មុគស្មាញនោះទេ ហើយវាយូរទៀត បើ សិនជាខ្ញុំត្រូវការលក់ផ្ទះ ដើម្បីយកទុនរកស៊ី ឬ វិនិយោគជាមួយដៃគូណាមួយ គេប្រហែលជាលុបកិច្ចសន្យាចោល វិញហើយ ព្រោះវាយូរពេក។ មិនតែប៉ុណ្ណោះ ពេលខ្ញុំទៅជួបមន្រ្តីបម្រើការងារម្តង ខ្ញុំត្រូវរៀបឬកឲ្យសុភាព ហើយ ឱនលំទោនថែមទៀត ព្រោះក្លាចមន្រ្តីមិនស្រូតធ្វើការងារឲ្យ។ មន្រ្តីខ្លះលេងទឹកមុខទ្រង់មិនសប្បាយចិត្តប្រើពាក្យ សម្តីគំរោះគំរើយដាក់ទៀត យើងមិនហ៊ានតបតអ្វីវិញទេ ព្រោះក្លាចគេផ្អឹបឯកសារទុកចោល»។

មិត្តភក្តិរូបនេះ បានបន្តថា នៅពេលគាត់យកឯកសារចូលទៅអគ្គនាយកដ្ឋានពន្ធដារក្រឡេកឃើញគេចាក់កិច្ច សម្ភាសន៍របស់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ពីការព្យាយាមកែទម្រង់ក្នុងការបម្រើស សេវាកម្មនានា ក៏ដូចជាការប្តេជ្ញាចិត្តបម្រើការងារជូនរដ្ឋ ធ្វើឲ្យគាត់មានក្តីរំពឹងថា អគ្គនាយកដ្ឋានពន្ធដារ ប្រហែល ជាស្ថាប័នរដ្ឋ ដែលឈានមុខគេក្នុងការបម្រើប្រជាពលរដ្ឋហើយ ហើយប្រហែលជាគ្មានអ្វីបង្កការលំបាកដល់គាត់ ទៀតនោះទេមើលទៅ។ តែមិនដូចការគិតអី ពេលចូលទៅធ្វើទើបដឹងថា វាមិនខុសគ្នាពីកន្លែងផ្សេងប៉ុន្មានទេ ឌៀ តែខ្នូច ដូចតែគ្នាហ្នឹង។

«គ្រាន់តែមន្រ្តីចុះទៅវាស់វែងផ្ទះ និងដី គាត់ណាត់ថា ទៅវាស់ឲ្យ ខំតែទៅចាំអស់មួយកំណាត់ថ្ងៃ ទូរស័ព្ទទៅសួរ គាត់ គាត់ថារវល់ទៅវាស់ផ្ទះឲ្យគេក្នុងបុរី ឲ្យចាំបន្តិចទៀតគាត់ទៅវាស់វែងឲ្យ ចាំប្រហែលជាមួយម៉ោងទៀត ខល ទៅសួរ គាត់ប្រាប់ថា អត់បានទៅទេ ជាប់រវល់ប្រពន្ធឆ្លងទន្លែង។ រហូតដល់ថ្ងៃបន្ទាប់ទូរស័ព្ទទៅលួងលោមឡើង ទន់សាច់ ទើបគាត់ព្រមទៅវាស់វែងឲ្យ»។

តាមរយៈការត្អូញត្អែរនេះ មិត្តភក្តិរបស់ខ្ញុំ ដែលកំពុងរង់ចាំការពិនិត្យ និងសម្រេចចុះហត្ថលេខាបង់ពន្ធ បានលើក ឡើងថា មិនដឹងជាលោកអគ្គនាយក គង់ វិបុល បានដឹងពីភាពយឺតយ៉ាវ នៃការផ្តល់សេវាកម្មក្នុងស្ថាប័នរបស់ លោកដែរឬទេ ប្រសិនជាបានដឹង គួរតែរិះរកវិធីពន្លឿន និងកែសម្រួល ព្រោះមានប្រជាពលរដ្ឋច្រើនណាស់ មាន ការរអ៊ូរទាំ ដូចគ្នានេះដែរ ហើយអ្នកខ្លះទៀត កាន់ឯកសារឡើងទក់ទីទៅហើយ មិនទាន់សម្រេចផង។ បើមិនកែ ទេ មិនដឹងថា ក្តីរំពឹង និងការជឿទុកចិត្តរបស់ពលរដ្ឋលើស្ថាប័នរដ្ឋ ធ្លាក់ទៅដល់ឋានណាទេ?

ឆ្លើយតបនឹងការរអ៊ូរទាំនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលកាលពីថ្ងៃចន្ទ ទី០៩ ខែមិថុនា បានព្យាយាមទូរស័ព្ទ ទៅលោក គង់ វិបុល ជាច្រើនលើក ដោយពេលព្រឹកលោកឆ្លើយថា ជាប់រវល់ប្រជុំ។ លុះពេលរសៀលទូរស័ព្ទចូល ជាច្រើនដង តែត្រូវលោកចុចផ្តាច់ទៅវិញ។

ការផ្តល់សេវាកម្មយឺតយ៉ាវ និងមានស្មុគស្មាញច្រើននេះ មិនមែនទើបតែឮចេញពីមិត្តភក្តិម្នាក់នេះទេ គឺបានឮពី ប្រជាពលរដ្ឋច្រើនគ្នាណាស់មកហើយ។ មិនតែប៉ុណ្ណោះ ព្រោះតែភាពស្មុគស្មាញ និងការលំបាកក្នុងការជួបជា មួយមន្ត្រី បូករួមនិងការមិនសូវយល់ពីនីតិវិធីក្នុងការបំពេញបែបបទ និងសំណុំឯកសារផ្សេងៗផងនោះ បានធ្វើឲ្យ ប្រជជាពលរដ្ឋមួយចំនួន មិនបានទៅស្វែងរកសេវាកម្មនានាដោយផ្ទាល់ខ្លួននោះទេ ដូចជាករណីផ្ទេរកម្មសិទ្ធិផ្ទះ សម្បែង ដីធ្លី ជាដើមនេះ ប្រជាពលរដ្ឋខ្លះ បានព្យាយាមទៅរកមន្រ្តី ឬអ្នកគក់ជេឯកសារឲ្យធ្វើជំនួស ដែលតម្រូវ ឲ្យគាត់ចំណាយថ្លៃសេវាខាងក្រៅរាប់ពាន់ដុល្លារទៅ តាមទំហំផ្ទះ និងដី។

ដើម្បីលុបបំបាត់ចំណុចអសកម្មលើសេវាកម្មនេះ គេសង្កេតឃើញរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន ខិតខំបង្កើតច្រកចេញចូលតែមួយគ្រប់ក្រសួង មន្ទីរ ស្ថាប័ន។ ការដាក់ចេញនូវគោលនយោ បាយ និងការខិតខំធ្វើកំណែទម្រង់នេះ គេមើលឃើញថា មានភាពល្អប្រសើរ តែហាក់មិនទទួលបានជោគជ័យ ១០០ភាគរយនោះទេ ព្រោះថា មន្រ្តីដែលបម្រើការងារហាក់មិនទាន់ផ្លាស់ប្តូរឥរិយាបថ និងហាក់ដូចជានៅមាន សតិអារម្មណ៍មិនល្អក្នុងការបំពេញការងារនៅឡើយ ដូច្នេះការផ្តល់ជូននូវសេវាកម្មដល់ប្រជាពលរដ្ឋនៅតែមិន បានផលល្អប្រសើរដដែល៕


Viewing all articles
Browse latest Browse all 8042

Trending Articles