ភ្នំពេញៈ ក្រុមទំនើងដើរ លេងភ្លេចផ្ទះពីរក្រុម បានបង្កហិង្សា រហូតឈានដល់ការ ប្រើកំាភ្លើងបាញ់គំរាមគ្នា ក្រោយពីមានជម្លោះក្នុង ហាងផឹកស៊ី យីហោ NN ទីតាំងលេខ១៩ B ផ្លូវលេខ២២៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នាម៉ោង២៣ និង៣០ នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកទំនើងពីរក្រុមនេះ មានគ្នាជាង១០ នាក់ ក្នុងហេតុការហិង្សានេះ បុរសម្នាក់រងរបួសបែកចញ្ចើមខាងឆ្វេង បន្ទាប់ពីក្រុមមួយទៀត បានគប់ត្រូវមួយកែវ រួចបាញ់កំាភ្លើងគំរាមចំនួន៥ គ្រាប់។
មន្រ្តីនគរបាល មូលដ្ឋានបានបញ្ជាក់ថា សំបក គ្រាប់កំាភ្លើងលេខគូទ BW 0845 AUTO ចំនួន៣ គ្រាប់ត្រូវបាន រកឃើញនៅកន្លែងកើតហេតុ ប៉ុន្តែពុំបានឃាត់ខ្លួនជនសង្ស័យនោះទេ ព្រោះពួកគេបាននាំគ្នាជិះរថយន្ត តាមផ្លូវ២២៨ ទៅលិចបាត់ស្រមោល។
មន្រ្តីនគរបាលបន្តទៀតថា ហិង្សានេះ បង្កឡើងដោយក្រុមក្មេងស្ទាវ ពីរក្រុម ក្នុងនោះក្រុមទី១ មានគ្នាប្រហែល៧ទៅ៨ នាក់ មាននារីម្នាក់ អង្គុយតុលេខ២ បុរសម្នាក់ឈ្មោះ ប៊ុន ហុង អាយុ៣៣ ឆ្នាំ មុខរបសអ្នកទិញអេដចាយ រងរបួសស្រាល ដោយត្រូវគេគប់មួយកែវ ចំចុងចញ្ចើម ឆ្វេង។ ដោយឡែកមួយក្រុមទៀត មានគ្នា៦ នាក់ មាននារីម្នាក់ដូចគ្នា អង្គុយនៅតុលេខ៦ ពួកគេជិះរថយន្ត Camry ស៊េរី២០០៨-២០០៩ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខមិនច្បាស់ ២..៥៦៧០ បានប្រើកំាភ្លើង PACOL បាញ់គំរាមក្រុមទី១ ចំនួន៥ គ្រាប់ ហើយជិះរថយន្តគេចខ្លួនអស់ទៅ ។
ក្រុមអ្នកផឹកស៊ីក្នុងហាង យីហោ NN បានឲ្យដឹងថា មុនពេលឈានដល់ការផ្ទុះអាវុធ នារីម្នាក់អង្គុយតុលេខ៦ បានដើរទៅបន្ទប់ទឹករួចបិទទ្វារជាប់ ស្រាប់តែអ្នកទិញអេដចាយ ឈ្មោះ ប៊ុន ហុង ដើរទៅក្រោយ ក៏បានបត់ជើងតូច នៅមុខបន្ទប់ទឹក ពេលនោះនារីដែលចូលបន្ទប់ទឹកនោះ ចេញមកវិញក៏ឃើញ ដោយការភ្ញាក់ផ្អើល រួចបាន ទៅប្រាប់ក្រុមរបស់ខ្លួន ។ អ្នកផឹកស៊ីក្នុងហាង បន្តទៀតថា បន្ទាប់នារីម្នាក់នោះប្រាប់ បុរសម្នាក់ បានដើរមកសួរ ប៊ុន ហុង រួចក៏កើតជម្លោះប្រតាយប្រតប់គ្នា បន្ទាប់មកបានយកកែវស្រាគប់ទៅលើ ប៊ុន ហុង ត្រូវចំចុងចញ្ចើមឆ្វេង ហើយពួកគេក៏បាននំាគ្នាចេញទៅក្រៅហាង ហើយដកកំាភ្លើងពីចង្កេះបាញ់ឡើងលើចំនួន៥ គ្រាប់ រួចនាំគ្នាឡើងជិះរថយន្តគេចខ្លួនអស់ទៅ។
ក្រុមប្រជាពលរដ្ឋនៅម្តុំហាងផឹកស៊ី NN នេះ ក៏បាននិយាយផងដែរថា ក្រៅតែពីការផ្ទុះអាវុធនាយប់ថ្ងៃទី២១ ខែវិច្ឆិកា នេះ ហាងខាងលើនេះ ក៏បានបង្កការរំខានដល់អ្នកជិតខាង ដោយសារសម្លេងឡូឡា សម្លេងរោទ៍ម៉ូតូស្ទើរតែរាល់យប់ រកតែមនុស្សម្នាដេកពួកមិនសឹងបាន។
ប្រជាពលរដ្ឋសង្ឃឹមថា ទាំងនគរបាល និងអាវុធហត្ថ ពិតជាចាប់ជនបាញ់បោះសេរីនោះ យកមកដាក់គុកជាមិន ខានឡើយ ហើយបើចាប់មិនបានទេ ថ្ងៃក្រោយក្រុម អ្នកលេងកាំភ្លើងនិង បាញ់បន្តទៀតមិនខាន៕