ភ្នំពេញ ៖ លោក ឡុង ស្រេង អនុប្រធាន នាយកដ្ឋាន នគរបាល ប្រឆំាង បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ ជា សុមេធី អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាន នាយកដ្ឋាន ប្រឆាំងបទល្មើស សេដ្ឋកិច្ច និងមាន ព្រះរាជអាជ្ញារង ចូលរួម នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នេះ បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង លួចនាំចូលឱសថ ដោយគ្មានច្បាប់ អនុញ្ញាត ស្ថិតនៅផ្ទះលេខ២AE1 ផ្លូវលេខ២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
អនុប្រធាននាយកដ្ឋាន នគរបាល ប្រឆំាងបទល្មើស សេដ្ឋកិច្ច លោក ឡុង ស្រេង បានថ្លែងឲ្យដឹងថា មុន និងឈានដល់ ការចុះបង្រ្កាប កម្លាំងសមត្ថកិច្ច របស់លោកបាន ធ្វើការស៊ើប អង្កេតអស់រយៈពេល២ ថ្ងៃ ២យប់ មកហើយ ។
លោក ឡុង ស្រេង បានបញ្ជាក់ទៀតថា ឱសថទាំងនេះ មិនមែនជាឱសថ ក្លែងក្លាយ ឬខូចគុណភាពនោះទេ ប៉ុន្តែឱសថនេះ ត្រូវបានលួចនាំចូល ដោយពុំមានច្បាប់ អនុញ្ញាតពីប្រទេសថៃ។ បើទោះបីជា យ៉ាងណាក៏ដោយ មកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ បានបញ្ជាក់អំពី អត្តសញ្ញាណជន សង្ស័យក្នុង ការនាំចូល ឱសថ ដោយគ្មានច្បាប់ អនុញ្ញាតនេះនៅឡើយទេ ដោយឡែក បន្ទាប់ ពីបញ្ចប់ក្នុងការ ចុះឆែកឆេរ នៅក្នុង សង្កាត់ទួលស្វាយព្រៃទី២ នេះ កម្លាំងសមត្ថកិច្ច និងបន្តទៅធ្វើការ ឆែកឆេរ ក្នុងសង្កាត់បឹងកេងកងទី១ បន្តទៀត ។
បើទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ សមត្ថកិច្ចរកឃើញ ថ្នាំពេទ្យខុសច្បាប់ ចំនួន៤៦ មុខ ស្មើ ៣៤៥៤គីឡូក្រាម ។ ម្ចាស់ទីតាំងនោះ ឈ្មោះ ប៉ែន វុទ្ធី ភេទប្រុស អាយុ ៦៦ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ សួរនាំផងដែរ។ ដោយឡែក នាល្ងាចថ្ងៃដដែលកម្លាំងសមត្ថកិច្ច បានចុះឆែក ឆេរផ្ទមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ លេខ២៨៨ ផ្ទះលេខ ៣៥AE1ភូមិ៦ ក្រុម៤០ សង្កាត់បឹងកេងកងទី១ ដែលមានម្ចាស់ផ្ទះឈ្មោះ អ៊ុង សុខា ភេទស្រី អាយុ ៥៥ឆ្នាំ ជាឈ្មួញរកស៊ីលក់ឱសថ ប៉ុន្តែគាត់មិនមានជំនាញពេទ្យទេ ។
សូមបញ្ជាក់ថា ក្នុងពេលចុះ ឆែកផ្ទះខាងលើ សមត្ថកិច្ច បានរកឃើញថ្នាំពេទ្យ បរភេទ DIAZEPAM ចំនួន ៦៩៦ប្រអប់ ដោយក្នុង១ប្រអប់ មានចំនួន ១០០គ្រាប់ ។ ក្នុងឱកាសនោះ មន្រ្តីសុខាភិបាលមួយរូប ដែលបានចុះក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ បានអោយដឹងថា ឱសថប្រភេទ DIAZEPAM នេះ អាចយកទៅប្រើប្រាស់ ជាថ្នាំសសៃប្រសាទ និងអាចប្រើប្រាស់ជាប្រភេទថ្នាំញៀនទៀតផង ។ ទន្ទឹមនឹងនេះ សមត្ថកិច្ចបានដកហូតថ្នាំនេះផងដែរ៕