ភ្នំពេញ៖ បញ្ហាដីធ្លី គឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវធ្វើជាបន្ត ដើម្បីដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋ ព្រោះការកើនឡើងនៃចំនួនប្រជាពលរដ្ឋ តម្រូវការដីធ្លីក៏មានកាន់តែច្រើនឡើង។ ការថ្លែងយ៉ាងដូច្នោះ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះទៅចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ៥៧០គ្រួសារ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារតែមានកំណើន ប្រជាជនកាន់តែកើនឡើង ជាបន្តបន្ទាប់នោះ បានធ្វើឲ្យតម្រូវការដីធ្លី ចេះតែកើនឡើង ហើយបញ្ហាទំនាស់ដីធ្លីរាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយជាបន្តបន្ទាប់ ក្រោយ ឆ្នាំ១៩៧៩ ជូនប្រជាពលរដ្ឋកម្ពុជា “ប៉ុន្តែនៅពេលនោះ មានការលំបាកជាខ្លាំង ដោយយើងបានជួលពួក គាត់ឲ្យទៅកាន់កាប់ដីថែមទៀតផង ព្រោះពលរដ្ឋត្រូវទៅរុករានដីព្រៃ ២-៣ហិចតា យើងត្រូវឲ្យលុយគាត់”។
សម្តេច បានមានប្រសាសន៍បន្តថា “បច្ចុប្បន្ននេះមិនដូចកាលពីមុនឡើយ បន្ទាប់បីសង្គ្រាម បានបញ្ចប់ទៅ ប្រជាពលរដ្ឋត្រូវការ ដីធ្លីច្រើនជាងមុន ដូច្នោះបញ្ហាដីធ្លី គឺជាគោលនយោបាយ របស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវធ្វើ ជាបន្ត ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ”។
សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា ក្រៅពីផ្ទៃដីដែលរាជរដ្ឋាភិបាល បានប្រគល់កម្មសិទ្ធិទៅឲ្យប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា នៅបម្រុងដីសម្រាប់ផ្នែកសង្គមកិច្ចផងដែរ៕