ព្យុងយ៉ាង៖ កូរ៉េខាងជើង ត្រៀមធ្វើការសាល្បង គ្រាប់រ៉ូកែត សាជាថ្មី បន្ទាប់សហរដ្ឋអាមេរិក បានរកឃើញ ទិន្ន័យតាមរយៈ រូបភាពផ្កាយរណប ថាកូរ៉េ ខាងជើង បានធ្វើការផ្លាស់ប្តូរ ទីតាំងគ្រាប់រ៉ូកែត។
យោងតាមសារព័ត៌មានជប៉ុន អាហ្សាហ៊ី នៅថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា នេះបានឲ្យដឹងថា ផ្កាយរណបរបស់ សហរដ្ឋអាមេរិក បានចាប់រូបភាព នៃការ ផ្លាស់ប្តូរទីតាំងគ្រាប់រ៉ូកែត ពីរោងចក្រផលិត សព្វាវុធយោធា នៅទីក្រុង ព្យុងយ៉ា ឆ្ពោះទៅកាន់តំបន់ Tongchang-ri ប៉ែកនិរតីនៃប្រទេស កូរ៉េខាងជើង កាលពីដើមខែ វិច្ឆិកា កន្លងទៅនេះ។
តាមសេចក្តីរាយការណ៍ពីប្រភពដដែល បានឲ្យដឹងទៀតថា រដ្ឋាភិបាលអាមេរិក ផ្តល់ដំណឹងទៅ កាន់ជប៉ុន និង កូរ៉េត្បូងរួចរាល់ ហើយ ដើម្បីឲ្យ មានការ ប្រុងប្រយ័ត្ន និង ត្រៀមទប់ស្កាត់ ស្ថានការណ៍ជាមុន ព្រោះកូរ៉េខាងជើង បច្ចុប្បន្នមានភាព រីកចំរើនជាបន្តបន្ទាប់ នូវបច្ចេកវិជ្ជា ប្រព័ន្ធ ផ្កាយរណប និង គ្រាប់រ៉ូកែត បន្ទាប់ពីកូរ៉េខាងជើង ទទូលបរាជ័យនៃ ការបង្ហោះផ្កាយរណប កាលពីខែមេសា កន្លងទៅ ៕