កំពត៖ អ្នកបើករថយន្ត របស់ក្រុមហ៊ុនខារ៉ាបាវ បានទទួលរងរបួសធ្ងន់ មិនដឹងស្លាប់ ឬក៏រស់នោះទេ ខណៈបើកបររថយន្ត ក្នុងល្បឿនលឿនបាត់ម្ចាស់ការធ្វើឲ្យរថយន្តក្រឡាប់ ក្នុងទិសដៅពីលិចទៅកើត ក្រោមមេឃភ្លៀងរលឹម នៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ចំណុចខាងលិច ផ្លូវចូលកែបថ្មីចម្ងាយ១០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ឋិតក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
នគរបាលបានឲ្យដឹងថា រថយន្តក្រឡាប់ខ្លួនឯងនេះបើកបរ ក្នុងល្បឿនលឿន ពីលិចទៅកើត ប៉ុន្តែមិនដឹងអ្នកបើករថយន្តបើកបរយ៉ាងមិចទេ ស្រាប់តែជួបឧបត្តិហេតុដូច្នេះទៅ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ សន្លប់មិនដឹងខ្លួន។ ក្រោយកើតហេតុភ្លាម ត្រូវបានគេជួយសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យរបស់ឣង្គការ "ស៊ុនយ៉ាឃៀល" ដែលនៅជិតកន្លែងកើតហេតុនោះដែរ។ នគរបាលរូបនេះនិយាយទៀតថា នៅលើរថយន្តជិះគ្នា២នាក់ទាំងអ្នកបើករថយន្ត ហើយឣ្នកដែលរួមដំណើរជាមួយនោះ បាននិយាយប្រាប់ឈ្មោះ អ្នកបើករថយន្តថា គឺឈ្មោះផល សារុំ ភេទប្រុស ប៉ុន្តែមិនដឹងឣាយុ និងឣាស័យដ្ឋានរបស់ អ្នកបើករថយន្តនោះទេ។
បើតាមដំណឹងចុងក្រោយ គឺអ្នកបើករថយន្ត ដែលរងគ្រោះខាងលើ ត្រូវបានមន្ទីរពេទ្យស៊ុនយ៉ាឃៀលកំពុង រៀបចំដឹកបន្តយកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្នំពេញបន្តទៀត ពីព្រោះឣ្នករងគ្រោះមានស្ថានភាពធ្ងន់ធ្ងរពេក។
រថយន្តក្រឡាប់ជា របស់ក្រុមហ៊ុនខារ៉ាបាវ ពាក់ស្លាកលេខ ភ្នំពេញ3C -1713។បច្ចប្បន្នរថយន្តខាងលើត្រូវបានគេស្ទួចរួចរាល់ឣស់ហើយ៕