ភ្នំពេញ៖ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១២នេះ ទុនវិនិយោគលើវិស័យសំណង់ មានការកើនឡើង ប្រមាណ ៨៣,៦១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១១ ហើយវិស័យនេះស្រូបយកកម្លាំងពលកម្ម ក្នុងមួយថ្ងៃនៅទូទាំងប្រទេស ប្រមាណពី ៣៨.០០០ ទៅ ៤៥.០០០ននាក់ ក្នុងនោះរាជធានីភ្នំពេញ ស្រូបកម្លាំងពលកម្មពី ៨.០០០ ទៅ១២.០០០នាក់។
ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុន លឹម មានប្រសាសន៍នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២នេះ នៅក្នុងឱកាស ជួបប្រជុំសំណេះសំណាល ជាមួយសហព័ន្ធអ្នកសាងសង់អាស៊ាន ដែលមាន៧ប្រទេស ក្នុងនោះមានដូចជា កម្ពុជា ថៃ សឹង្ហបុរី វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថា ក្នុងឆ្នាំ២០១១ ការវិនិយោគលើវិស័យ សំណង់អគារគិតតម្លៃប៉ាន់ស្មានសរុប ទាំងសំណង់ថ្នាក់ជាតិ និងថ្នាក់រាជធានី ខេត្ត ដែលចេញលិខិតអនុញ្ញាតសាង សង់ មានទុនសរុប( ទាំងថ្លៃសំណង់ទាំងថ្លៃដី តាមថ្លៃទីផ្សារបច្ចុប្បន្ន) ជាង ១.៧៣៤ លានដុល្លារសហរដ្ឋអាមេរិក ធៀបនឹងឆ្នាំ ២០១០ ដែលមានទុនសរុបតែជាង ៨៤០លានដុល្លារ សហរដ្ឋអាមេរិក គឺមានការកើនឡើងជាង ១០៦ភាគរយ។
លោកបានបន្តថា« វិស័យសំណង់អគារ មានការរីកចំរើន អាស្រ័យដោយនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់នូវទស្សនទានថ្មី លើវិស័យសំណង់អគារ ដោយដាក់ចេញនូវគោល នយោបាយលើកទឹកចិត្ត ឲ្យមានសំណង់ទំនើប និងអគារខ្ពស់ៗ នៅតាមទីតាំងនានាដែលសមស្រប ដូចជានៅភ្នំពេញមាន អាគារខ្ពស់ៗ ដែលមានកម្ពស់ចាប់ពី៥ជាន់ឡើង ទៅចំនួន៣៤០អគារ និងបើកទូលាយផ្ទៃដី នៃរាជធានីភ្នំពេញជាង ៦៧៨ គីឡូម៉ែត្រក្រឡា ព្រមទាំងជំរុញឲ្យមានការកសាងទីក្រុងរណបថ្មីដើម្បីបន្ថែមកន្លែងរស់នៅ និងកន្លែងធ្វើការងារច្រើន ថែមទៀត »។គួរបញ្ជាក់ផងដែរថា មានក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់ បានមកចុះបញ្ជី នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតចាប់ពីឆ្នាំ២០០០ ដល់០៩ខែដើមឆ្នាំ ២០១២នេះ មានចំនួនសរុប១១៨២ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសាងសង់ ក្នុងស្រុកមានចំនួន ៨៨៧ ក្រុមហ៊ុនសាងសង់បរទេស មានចំនួន២៤៧ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ក្នុងស្រុកមាន ចំនួន៤០ និងក្រុមហ៊ុនសិក្សា គម្រោងប្លង់បរទេសមានចំនួន០៨។
បើតាមលោកទេសរដ្ឋមន្រ្តី ក្នុងចំណោមក្រុមហ៊ុនបរទេស ដែលបានចុះ បញ្ជីនេះ ក្រុមហ៊ុនសាងសង់របស់ ប្រទេសជា សមាជិកអាស៊ានមាន ចំនួន៤០ក្រុមហ៊ុន ក្នុងនោះប្រទេសម៉ាឡេស៊ី មាន១៧ក្រុមហ៊ុន វៀតណាម១១ក្រុមហ៊ុន សិង្ហបុរី០៨ ក្រុមហ៊ុន ឥណ្ឌូនេស៊ី០៣ក្រុមហ៊ុន និងភូមាចំនួន០១ក្រុមហ៊ុន៕