កណ្តាលៈ អភិបាលក្រុងតាខ្មៅ លោក អៀម សម័យ បានចួលរួមពិធីបើកការដ្ឋានបេតុងមួយខ្សែ ប្រវែង២៧៩ម៉ែត្រ ជាចំណងដៃជូនដល់អ្នកភូមិបត្តាជី សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ដើម្បីកម្ពស់សោភណទីក្រុង ឱ្យកាន់តែស្អាត និងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងពិធីសម្ពោធ កាលពីថ្ងៃអង្គារ ទី ១៧ ខែមិថុនា ឆ្នាំ២០១៤ លោក អៀម សម័យ អភិបាលក្រុងតាខ្មៅ ផ្លូវនេះសាងសង់ឡើងដោយ ក្រុមហ៊ុន សុខ លី ក្នុងតម្លៃទឹក ប្រាក់ ៨១.៣២៨.៥០០រៀល ដែលទឹកប្រាក់នេះ គឺជាមូលនិធិបានមកពី វិភាជន៍ពីរាជរដ្ឋាភិបាល និងបដិភាគរបស់ប្រជាជនសង្កាត់ព្រែកហូរ ក្នុង ឆ្នាំ២០១៤ ។
លោកអភិបាលបានមានប្រសាសន៍ថា “នេះហើយគឺជាសមិទ្ធផលជាតិរបស់ យើងទាំងអស់គ្នា ដែលបានកើតឡើងតាមរយៈ នៃការដឹកនាំរបស់ប្រមុខថ្នាក់ ដឹកនាំនៃយើងទាំងបី ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានខិតខំអស់ពីកម្លាំងកាយចិត្ត ហ៊ានលះបង់ អ្វីៗគ្រប់យ៉ាងរួមទាំងជីវិត របស់សម្តេច ដើម្បីឲ្យប្រទេសកម្ពុជាយើង មានសុខសន្តិភាព មានស្ថេរភាព នយោបាយ មានការអភិវឌ្ឍន៍ ប្រជាជនកម្ពុជាមានសេចក្តីសុខក្សេមក្សាន្ត មាន ហូបចុកគ្រប់គ្រាន់ មាន ជីវភាពកាន់តែធូរធារកើនឡើងបន្តិចម្តងៗ” ។
ព្រមគ្នានេះ លោក អៀម សម័យ ក៏បានសំណូមពរ ដល់បងប្អូន ឱ្យរួបរួមគ្នា សាមគ្គីគ្នា ដើម្បីការពារសុខ សន្តិភាពជូនប្រទេសជាតិ ការពារសេចក្តីសុខ និង ភាពសុខសាន្ត ដែលកំពុងមានការ អភិវឌ្ឍន៍ជូនប្រជាជន ក៏ដូចជាជូនដល់បុគ្គល ក្រុមគ្រួសារ បងប្អូនផ្ទាល់តែម្តង។ “សូមបងប្អូន កុំជឿតាមការភូតកុហក អូស ទាញរបស់ក្រុមអគតិមួយចំនួនឲ្យសោះ ជៀសវាងក្នុងការចូលរួមធ្វើបាតុកម្ម ដែលមិនសមហេតុផល ដែលអាចឈានដល់ការបង្កអសន្តិសុខ និងភាពសុខសាន្ត របស់សង្គមជាតិ” ។
មិនតែប៉ុណ្ណោះ លោក ក៏សូមអំពាវនាវ និងដាក់បទបញ្ជាផងដែរ ដល់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិសាងសង់ផ្លូវនេះ ធ្វើយ៉ាងណាអនុវត្តឲ្យបាននូវលក្ខណៈ បច្ចេកទេស សាងសង់ឲ្យត្រូវតាមស្តង់ដារក៏ដូចជាកិច្ចសន្យារវាង ក្រុមហ៊ុន និងអាជ្ញាធរសង្កាត់-ក្រុង ជៀសវាងឲ្យបាននូវការធ្វេសប្រហែស ឬកេងសម្ភារៈដែល ធ្វើឲ្យខុសនូវ ស្តង់ដារបច្ចេកទេស ដែលនាំឲ្យផ្លូវនេះគ្មានគុណភាព និងសូមឲ្យក្រុមអ្នកត្រួតពិនិត្យ តាមដានពិនិត្យបទដ្ឋាន បច្ចេកទេសឲ្យបានដិតដល់ និងត្រឹមត្រូវ ប្រក្រតី និងតម្លាភាព ៕