ពោធិ៍សាត់ ៖ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត លោក ម៉ៅ ធនិន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ថា ជនដង្ស័យ២នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានសមត្ថកិច្ចនគរបាល ក្រុងពោធិ៍សាត់ ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៤ រួចបញ្ជូន ទៅកាន់តុលាការ កាលពីរសៀលថ្ងៃដដែលនោះ ហើយក៏ត្រូវបានតុលាការដោះលែងទៅវិញ ។ លោកអភិបាលខេត្ត បាន ថ្លែងថា ក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពខេត្តផងនោះ លោកបានបានបញ្ជាទៅលោក ស្នងការនគរបាលខេត្ត ឲ្យតាមចាប់ជនសង្ស័យទាំង ២នាក់ ដែលតុលាការ បានដោះលែង កាលពី រសៀលថ្ងៃទី១៩ ខែមិថុនា នោះមកវិញ លោកថា សមត្ថកិច្ចខិតខំចាប់ដោយលំបាកណាស់ ហេតុអ្វី ក៏តុលាការដោះលែងជនសង្ស័យទាំង ២នាក់នោះ ។
ពាក់ព័ន្ធនឹងករណីនេះ ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី បាន មានប្រសាសន៍ តាមទូរស័ព្ទប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២០ ខែមិថុនា នេះថា គឺពិតជាមានបញ្ជាពី លោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឲ្យតាមចាប់ជន សង្ស័យទាំង២នាក់ ដែលតុលាការបានដោះលែង នោះមែន ។ លោកស្នងការ ក៏បានមានប្រសាសន៍ បន្តថា ក្នុងចំនោមជនសង្យ័យ ២ នាក់ ដែលលោកប្រធាន គណៈបញ្ជាឯកភាពឲ្យតាមចាប់ខ្លួនឡើង វិញនោះ គឺសមត្ថកិច្ចចាប់បានតែម្នាក់នោះទេ ដោយម្នាក់ទៀត បានរត់គេចខ្លួនបាត់ពីមូលដ្ឋាន ហើយ សមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួន ជនសង្ស័យម្នាក់នោះបន្តទៀត ។
គួរបញ្ជាក់ថា ជនសង្ស័យ២នាក់ ដែលកម្លាំង នគរបាលក្រុងចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា នោះមានទី ១ ឈ្មោះនួន បញ្ញា ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិពោធិ៍តាគួយ សង្កាត់លលកស និងទី២ ឈ្មោះ មុខ រ៉ាឌី ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្ត ពោធិ៍ សាត់ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា តាមការធ្វើតេស្តទឹកនោមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ នោះ គឺមានផ្ទុកសារជាតិញៀននៅក្នុងខ្លួន ៕