ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជូនសំណុំរឿង វិវាទការងារ រវាងថៅកែរោងចក្រអូសេអង់ និងក្រុមកម្មករ ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីពេលថ្មីៗនោះ រហូត មកដល់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤នេះ ក្រុមកម្មករកំពុងតែអង្គុយរង់ចាំចម្លើយ ពីក្រុមប្រឹក្សា អាជ្ញាកណ្តាល ។
មន្រ្តីសម្ព័ន្ធសហជីព ចលនាកម្មករ បានឲ្យដឹងថា រហូតមកដល់ថ្ងៃនេះ កម្មករ-កម្មការិនី នៃរោងចក្រ អូសេអង់ នៅតែមកជួបជុំគ្នា មុខរោងចក្រ រង់ចាំការសម្រេចរបស់អាជ្ញាកណ្តាល ។
ក្រុមកម្មក ១៦៥០នាក់ ដែលបម្រើការងារនៅរោងចក្រអូសេអង់ ដែលមានទីតាំង ស្ថិតនៅសង្កាត់ចោម ចៅខន្ឌពោធិ៍សែនជ័យ បានផ្ទុះកូដកម្ម តាំងពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤មកម្ល៉េះ ក្នុងគោលបំណង ទាមទារប្រាក់ខែ ៥០ ភាគរយ ក្នុងគ្រាដែលថៅកែបានផ្អាកការងារមួយខែ ប៉ុន្តែ ក្នុងអំឡុងពេលសម្រាក នេះ រោងចក្របានសម្រេចផ្តល់ប្រាក់ឲ្យតែ ១៥ដុល្លារប៉ុណ្ណោះ ទើបជាហេតុធ្វើឲ្យកម្មករ ផ្ទុះកូដកម្មជា បន្តបន្ទាប់ រហូតតវ៉ានៅមុខក្រសួងការងារ និងបានដាក់ញ្ញត្តិនៅខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន ទៀតផង ជាពិសេស មានការជួបប្រជុំពីគ្រប់ភាគីពាក់ព័ន្ធជាច្រើនលើកជាច្រើនសារ តែគ្មានលទ្ធផល ដែលអាចធ្វើឲ្យកម្មករ ទទួលយកបានឡើយ ៕