ភ្នំពេញ៖ ប្រភេទរថយន្ត Truck ដែលអតិថិជនកំពុងប្រើប្រាស់ និងមានបំពាក់ដោយបច្ចេកវិទ្យាទំនើប ប្រកបដោយភាពឆ្លាតវៃខ្ពស់ នាពេលបច្ចុប្បន្ននេះ គឺត្រូវបានអភិវឌ្ឍពីរថយន្តFord Truck ដំបូង ដែលបានវិវត្តចេញពីរថយន្តFord Model T ដ៏ល្បីល្បាញ។ រោងចក្រតម្លើងរថយន្ត Pickup ដំបូងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២៥ ហើយនៅពេលនោះ រថយន្តPickup ១គ្រឿងមានតម្លៃត្រឹមតែ២៨១ដុល្លាតែប៉ុណ្ណោះ។
លោក Henry Ford បានបង្កើតរថយន្តនេះឡើង ក្នុងរូបរាងជារថយន្តFord Model T កាត់ជាមួយនឹងរូបរាងរថយន្តPickup។ រថយន្តចំនួន ៣៤,០០០គ្រឿង ដែលបានផលិតក្នុងឆ្នាំដំបូងសុទ្ធតែមានបំពាក់ដោយឃ្លុបដាក់ឥវ៉ាន់(cargo box) ទ្វារឃ្លុបដាក់ឥវ៉ាន់ ដែលអាចបត់ចុះឡើងបាន (adjustable tailgate) កន្លែងសម្រាប់ថ្ពក់ចងឥវ៉ាន់ (stake pocket) ចំនួន៤ និងចន្ទាសដ៏រឹងមាំ (rear springs) សម្រាប់ការផ្ទុកនិងដឹកទំនិញដែលមានទំងន់ធ្ងន់។
ក្នុងឆ្នាំ១៩២៨ រថយន្តFord Model A ត្រូវបានបង្កើតឡើងសម្រាប់ជំនួសរថយន្ត Ford Model T ហើយរថយន្តថ្មីនេះបានក្លាយជារថយន្តPickupដែលមានដំបូលបិទជិត និងមានរូបរាងបែបស្ព័រដំបូងគេបង្អស់ ដោយរថយន្តនេះបានបំពាក់ដោយកញ្ចក់សុវត្ថិភាពខាងមុខរថយន្ត (safety windshield) បង្អួចចំហៀងដែលអាចកាច់ចុះឡើងបាន (roll-up side window) និងមានចង្កឹះលេខចំនួន៣លេខ(3-speed transmission) ។ រថយន្តនេះដំណើរការដោយម៉ាស៊ីន៤ មានរាងជាអក្សរL (four-cylinder, L-head engine) និងមានកម្លាំងអានុភាព៤០សេស។ ក្នុងឆ្នាំ១៩៣២ ប្រភេទម៉ាស៊ីនV8 ដែលមានកម្លាំងអានុភាព៦៥សេស របស់Ford ត្រូវបានគេបំពាក់ក្នុងប្រភេទរថយន្តTruck។ មកត្រឹមឆ្នាំ១៩៣៦ ក្រុមហ៊ុនFordបានផលិតរថយន្តTruck ចំនួន៣លានគ្រឿង និងទទួលបានចំនួនការលក់ច្រើនជាងគេបំផុតនៅក្នុងវិស័យរថយន្ត។
ការចាប់ផ្តើមនៃប្រភេទរថយន្ត Ford F-Series
រថយន្តFord F-Series ដ៏ល្បីល្បាញត្រូវបានផលិតឡើងជាលើកដំបូងក្នុងឆ្នាំ១៩៤៨។ ក្រោមការផ្សព្វផ្សាយដែលមានឈ្មោះថា “ Bonus-Built”រថយន្តFord F-1 បានក្លាយជារថយន្តFordប្រភេទអាជីវកម្ម សេរ៊ីថ្មីដំបូងគេបង្អស់ ក្រោយពីសង្រ្គាមលោកលើកទីII ដែលមានចាប់ពីប្រភេទរថយន្ត F-1កន្លះតោន រហូតដល់ប្រភេទរថយន្តF-8 ៨តោន។ នៅពេលនោះ រថយន្តនេះត្រូវបាន រចនារូបរាងឡើងវិញយ៉ាងស្រស់ស្អាត។ កង់បម្រុង(spare tire)របស់រថយន្ត ត្រូវបានប្តូរពីការដាក់នៅចំហៀង មកដាក់នៅពីក្រោមតួរថយន្តវិញ រហូតមកទល់នឹងបច្ចុប្បន្ន។ រថយន្តRouge ២២៦ ដែលមានម៉ាស៊ីន៦ និងមានកម្លាំងអានុភាព៩៥សេស ត្រូវបានអភិវឌ្ឍក្លាយជារថយន្តRouge ២៣៩ ដែលមានបំពាក់ដោយម៉ាស៊ីនV8 និងអាចផ្តល់កម្លាំងអានុភាពរហូតដល់ទៅ១០០សេស។
ក្នុងទសវត្សឆ្នាំ១៩៥០ ជារយៈពេលមួយដែលរថយន្ត Truck ត្រូវបានរចនាឲ្យក្លាយដូចជារថយន្តទូទៅ ទាំងលក្ខណៈផាសុកភាព និងរូបរាងរបស់រថយន្ត។ ក្នុងឆ្នាំ១៩៥១ រថយន្តត្រូវបានរចនាឡើងវិញយ៉ាងពិសេស ដោយផ្នែកខាងមុខរថយន្តកាន់តែមានភាពស្រស់ស្អាត បង្អួចខាងក្រោយកាន់តែធំជាងមុន និងមានប្រអប់កុងទ័រយ៉ាងថ្មីស្រឡាង។ រថយន្តCost-Clipperសេរ៊ីថ្មី ដែលមានម៉ាស៊ីន៦ ត្រូវបានផលិតឡើងក្នុងឆ្នាំ១៩៥២។ នៅឆ្នាំ១៩៥៣ ក្នុងឱកាសអបអរសាទរខួបទី៥០ឆ្នាំរបស់ក្រុមហ៊ុន Ford បានធ្វើការកែរូបរាង និងលក្ខណៈពិសេសរបស់រថយន្តTruckក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ទាំងតួខាងមុខរថយន្ត កង់រថយន្ត កញ្ចក់រថយន្ត ប្រអប់កុងទ័រ គម្របម៉ាស៊ីនរថយន្ត ឲ្យមានលក្ខណៈកាន់តែស្រស់ស្អាតជាងមុន។ ជាពិសេស ប្រព័ន្ធលេខរៀងរបស់រថយន្តFord F-Series ដែលបានផ្លាស់ប្តូរពីម៉ូដែលF-1 ទៅជា F-100ពីF-2 និងF-3 ទៅជា F-250។
ការអភិវឌ្ឍឲ្យប្រសើរឡើងលើការរចនារថយន្ត
សម្រាប់រថយន្តម៉ូដែលឆ្នាំ១៩៥៨ ត្រូវបានបំពាក់ដោយភ្លើងមុខ (headlamp) និងដែករបាសំណាញ់ខាងមុខរថយន្ត (mesh-patterned grille)យ៉ាងស្រស់ស្អាត។ សម្រាប់កម្លាំងអានុភាពរបស់ម៉ាស៊ីនV8 ត្រូវបានបង្កើនឡើងពី១៦៧សេស ទៅដល់១៨៦សេស ក្នុងឆ្នាំ១៩៥៦។Fordបានបង្កើតរោងចក្រផលិតរថយន្តF-100 និងរថយន្តF-250 ប្រភេទfour-wheel drives ក្នុងឆ្នាំ១៩៥៩។ អតិថិជនអាចជ្រើសរើសរថយន្តប្រភេទលេខដៃដែលមាន៣លេខ ឬ៤លេខ។
នៅពាក់កណ្តាលទសវត្សឆ្នាំ១៩៦០ ចំនួននៃអ្នកប្រើប្រាស់រថយន្ត Pickup បានកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅ២/៣ ដោយពួកគាត់បានប្រើប្រាស់រថយន្តនេះ សម្រាប់ដំណើរកំសាន្ត ការងារផ្ទាល់ខ្លួន និងការងារអាជីវកម្ម។ Fordបានណែនាំរថយន្តCamper Specialក្នុងឆ្នាំ១៩៥៦ ដែលរថយន្តនេះអាចដឹកអ្នកដំណើរបានកាន់តែច្រើន។
កំណើនរថយន្ត Pickup ខ្នាតធំក្នុងឆ្នាំ១៩៧០ បានកើនឡើងដល់១.២លានគ្រឿង ដោយរថយន្តF-Seriesបានក្តោបចំណែកទីផ្សារដល់ទៅ៤១.៩%។ ប្រភេទរថយន្តFord Truckធុនស្រាលត្រូវបានណែនាំក្នុងឆ្នាំ១៩៧៣ ដោយរថយន្តនេះបានបំពាក់ដោយទ្វារ ដំបូល រូបរាងខាងក្រៅ និងប្រអប់កុងទ័រថ្មីទាំងស្រុង។ ក្នុងឆ្នាំដដែលនោះ រថយន្តF-Seriesគឺជារថយន្តលក់ដាច់ជាងគេលំដាប់ទី៣ បន្ទាប់ពីរថយន្តFordទូទៅដទៃទៀត។Fordបានណែនាំរថយន្តSuperCab ក្នុងខែមិថុនា ឆ្នាំ១៩៧៤ ដោយរថយន្តនេះមានភាពធំទូលាយដែលអាចផ្ទុកអ្នកដំណើរបានកាន់តែច្រើន។
រថយន្តFord F-150
រថយន្តF-150 ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៧៥។ រថយន្តF-150 ប្រភេទ4x2 មានទម្ងន់៦,០៥០ផោន ធ្ងន់ជាងរថយន្តF-100តែ៥០ផោនតែប៉ុណ្ណោះ។ រថយន្តនេះមានជាប្រភេទRegular Cab និងSuperCab ហើយរថយន្តនេះបានលក់ចេញរហូតដល់ទៅ១/៣នៃរថយន្តF-Seriesចំនួន៦៦៣,០០០គ្រឿងដែលបានលក់ចេញក្នុងឆ្នាំ១៩៧៥។ ក្នុងឆ្នាំ១៩៧៨ កំណើននៃការលក់រថយន្តF-Seriesបានស្ទុះឡើងយ៉ាងខ្លាំងរហូតដល់ទៅ៨៦៤,០០០គ្រឿង។ ក្នុងឆ្នាំ១៩៨០ Fordបានធ្វើការកែរូបរាងថ្មីទាំងស្រុងលើរថយន្តTruckដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនប្រជាជន និងការប្រើប្រាស់ផ្ទាល់ខ្លួន ក៏ដូចជាដំណើរកំសាន្ត ដោយបានរចនារូបរាងខាងក្នុង និងលក្ខណៈពិសេសទាំងឡាយរបស់រថយន្តTruckឲ្យដូចជារថយន្តសម្រាប់ធ្វើដំណើរទូទៅ។
រូបរាងរបស់រថយន្តF-100ត្រូវបានរចនាបញ្ចូលជាមួយរូបរាងរបស់រថយន្តF-150 ដើម្បីផ្តល់នូវជម្រើសកាន់តែប្រសើរសម្រាប់អតិថិជន។ តួខាងមុខរថយន្តត្រូវបានកែរូបរាងឡើងវិញក្នុងឆ្នាំ១៩៨៧ និង១៩៩២។ រថយន្តF-150 ប្រភេទ4x4 SuperCab សេរ៊ីថ្មី ត្រូវបានផលិតក្នុងឆ្នាំ១៩៨៨។ ពោងសុវត្ថិភាពចំហៀងសម្រាប់ការពារអ្នកបើកបរ ត្រូវបានគេបំពាក់ជាស្តង់ដារសម្រាប់រថយន្តក្នុងឆ្នាំ១៩៩៤។ ក្នុងឆ្នាំ១៩៩៧ រថយន្តGVW F-Seriesដែលមានទម្ងន់៨,៥០០ផោន ត្រូវបានរចនាឡើងយ៉ាងថ្មីស្រឡាង ទាំងតួរថយន្ត ម៉ាស៊ីនរថយន្ត រូបរាងឌីណាមិចសម្រាប់ការបើកបរ និងទ្វារស្តង់ដារទាំងបី សម្រាប់ប្រភេទSuperCab។ ក្នុងឆ្នាំ១៩៩៩ ទ្វារស្តង់ដារទីបួនរបស់រថយន្តត្រូវបានបន្ថែមសម្រាប់រថយន្តម៉ូដែលSuperCab។
រថយន្តFord Super Duty
រថយន្តSuper Duty F-Series ជាប្រភេទរថយន្តPickup ធុនធ្ងន់ ដែលត្រូវបានណែនាំលើទីផ្សារក្នុងឆ្នាំ១៩៨៨។ អតិថិជនពេញនិយមប្រើប្រាស់រថយន្តFord Super Duty F-250 និង F-350យ៉ាងខ្លាំង ដោយសារតែរថយន្តនេះមានភាពធន់រឹងមាំ កម្លាំងខ្លាំង និងបត់បែនខ្លាំងសម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវ។ រថយន្តនេះអាចប្រើប្រាស់បានគ្រប់តម្រូវការ ទាំងសម្រាប់ពាណិជ្ជករ ម្ចាស់អាជីវកម្មខ្នាតតូចដែលជារឿយៗពួកគាត់ប្រើប្រាស់សម្រាប់ការងារផ្ទាល់ខ្លួននិងការងារអាជីវកម្ម និងអ្នកដែលចូលចិត្តការធ្វើដំណើរកំសាន្តនៅក្នុងស្ថានភាពផ្លូវលំបាក។ ក្នុងឆ្នាំ២០០០ រថយន្តGVW F-250 ត្រូវបានអភិវឌ្ឍឡើងវិញឲ្យកាន់តែប្រសើរឡើងសម្រាប់បំពេញតម្រូវការអតិថិជន៕
ក្នុងខែកុម្ភៈ ឆ្នាំ២០០០ រថយន្តF-150 SuperCrew សេរ៊ី២០០១ ដែលជាប្រភេទរថយន្តPickupខ្នាតធំ បានបំពាក់ដោយកៅអីធំទូលាយមានផាសុកភាពសម្រាប់អ្នកធ្វើដំណើរ អាចផ្ទុកទំនិញបានកាន់តែច្រើន និងមានភាពធន់រឹងមាំ សក្តិសមនឹងការបើកបរគ្រប់ស្ថានភាពផ្លូវ។
រថយន្តFord Truck ក្នុងសតវត្សទី២១
រថយន្ត Ford Truck សេរ៊ីថ្មីដែលកំពុងធ្វើចរាចរណ៍លើផ្លូវយ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ននេះ ជាសមិទ្ធិផលនៃការអភិវឌ្ឍ និងច្នៃប្រឌិតអស់រយៈពេលជាងមួយសតវត្សក្នុងប្រវត្តិសាស្រ្តនៃរថយន្តTruck។ រថយន្តFord Ranger ដែលទើបតែទទួលបាននូវពានរង្វាន់ឆ្នើម និងរថយន្តF-Series សេរ៊ី២០១៣ ដែលជាស្រឡាយរថយន្តFord Ranger នេះ នឹងបន្តរក្សានូវកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺរបស់Ford ដែលគេតែងតែស្គាល់ថា “Built Ford Tough”។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ស្តង់ដាឈានមុខគេខាងផ្នែក បច្ចេកវិទ្យា សុវត្ថិភាពនិងភាពស៊ីប្រេងតិចរបស់Ford បានធ្វើឲ្យរថយន្តFord ក្លាយជារថយន្តជម្រើសទីមួយសម្រាប់មនុស្សសម័យថ្មីក្នុងសតវត្សទី២១នេះ៕