ប៉េកាំង៖ នីតិបញ្ញត្តិកំពូលរបស់ប្រទេសចិន នៅថ្ងៃសុក្រនេះបានអនុម័ត ច្បាប់កែតម្រូវមួយ ដើម្បីលើក កម្ពស់កិច្ចការងារយោធា ដោយបន្ថែមពីបទបញ្ញត្តិខ្លះៗ ទៀតដើម្បីបញ្ជាក់ពី សុវត្ថិភាពផ្ទៃទឹក ដែលស្ថិតនៅ ក្រោមការគ្រប់គ្រង របស់យោធា។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នេះដោយយោង តាមការធ្វើវិសោធនកម្មច្បាប់ថា គ្រប់សកម្មភាពសាងសង់ ទាំងអស់ត្រូវបានហាមឃាត់ នៅលើផ្ទៃទឹកដែល ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា និងមធ្យោបាយដែលមិនមែន ជាយោធា គឺមិនត្រូវអនុញ្ញាតឲ្យ ប្រតិបត្តិនៅក្នុង តំបន់ទាំងនោះឡើយ។
នៅក្នុងច្បាប់នោះដែរបានចែងថា ការនេសាទ និងសកម្មភាពផ្សេងៗ មិនត្រូវប៉ះពាល់ដល់ ការត្រៀមខ្លួនសម្រាប់សង្គ្រាម, ការហ្វិកហាត់ និងភារកិច្ចរបស់យោធានោះទេ។ នៅក្នុងនោះ ដែរ ច្បាប់ក៏បានហាមឃាត់ពីមធ្យោបាយ នៃការកសាង ឬក៏ឧបសគ្គនានា ដែលអាចប៉ះពាល់ ជាមួយនឹងគ្រឿងបរិក្ខា នៃវិទ្យុទាក់ទងរបស់យោធា និងហាមឃាត់ ការធ្វើសកម្មភាព រំខានឧបករណ៍នៃ បណ្តាញទំនាក់ទំនង របស់រលកវិទ្យុយោធា។