ភ្នំពេញ៖ ក្រុមសកម្មជនមានបញ្ហាដីធ្លីនៅតំបន់បឹងកក់ ដឹកនាំដោយអ្នកស្រី ទេព វណ្ណី នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤នេះ បានបន្តដឹកនាំក្រុមរបស់ខ្លួនចុះទៅតវ៉ារារាំងសកម្មភាព សាងសង់ទីស្នាក់ការកងរាជអាវុធហត្ថ នៅលើផ្ទៃដីបឹងកក់ ដែលចាក់បំពេញដោយខ្សាច់ដ៏ធំល្វើងល្វើយនោះ។
ទោះបីជាយ៉ាងណាការតវ៉ារបស់ក្រុមអ្នកតវ៉ា ដែលគេឧស្សាហ៍ឃើញស្ទើរគ្រប់សកម្មភាពតវ៉ា នៅក្នុងរាជធានីភ្នំ ពេញនេះ មិនបានសម្រេចដូចបំណងឡើយ ពួកគេត្រូវបានអាជ្ញាធរ និងកម្លាំងសន្តិសុខខណ្ឌដូនពេញបំបែក និង រារាំងមិនឲ្យចូលទៅជិតកន្លែងសាងសង់ទីស្នាក់ការនោះឡើយ។
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះ ក្រុមអ្នកតវ៉ា ដឹកនាំដោយអ្នកស្រី ទេព វណ្ណី បាននាំគ្នាទៅ តវ៉ារួចម្តងហើយ ហើយក្នុងសកម្មភាពតវ៉ានោះ ក៏មានការប់ះទង្គិចគ្នាបន្តិចផងដែរ រវាងក្រុមអ្នកតវ៉ា និងក្រុមអ្នក ដែលយល់ព្រមឲ្យអាជ្ញាធរសាងសង់ទីស្នាក់ការកងរាជអាវុធហត្ថ ដែលពួកគេក៏ជាអតីតអ្នកភូមិបឹងកក់ដែរ។
សូមបញ្ជាក់ថា អាជ្ញាធរខណ្ឌដូនពេញ បានចាប់ផ្តើមសាងសង់ទីស្នាក់ការកងរាជអាវុធហត្ថនៅលើដីបឹងកក់ តប តាមការចង់បានរបស់ប្រជាពលរដ្ឋរស់នៅជិតតំបន់បឹងកក់ ក៏ដូចជាអតីតអ្នកភូមិបឹងកក់មួយចំនួន ដើម្បីថែរក្សា សន្តិសុខសណ្តាប់ពីក្រុមចោរហារយ ឬក្រុមក្មេងទំនើង ហិងកាវមួយចំនួននោះ។ តែជាការសោកស្តាយកិច្ចខិតខំ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ធានាដល់ការរស់នៅប្រកបដោយសេចក្តីសុខជូនប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរ ខណ្ឌដូនពេញ មិនត្រូវបានស្វាគមន៍ពីក្រុមអ្នកតវ៉ា ដឹកនាំដោយលោកស្រី ទេព វណ្ណី នោះឡើយ៕