ភ្នំពេញៈ ឆ្លើយតបទៅនឹងការអញ្ជើង របស់រដ្ឋមន្រ្តី ការបរទេសខ្មែរ លោក ហោ ណាំហុងកាលពីកន្លងទៅ លោកហ្វូមីអូ គីស៊ូដា (Fumio KHISIDA)នឹងមកដល់ ព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤នេះ ក្នុងគោលបំណង ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
នៅក្នុងកំឡុងពេលទស្សនកិច្ចរបស់លោក Fumio KHISIDAចំនួនបីថ្ងៃគឺថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ ក៏នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ជាមួយនឹងរដ្ឋមន្រ្តីក្រសូងការបរទេសនិងកិច្ចសហប្រតិបត្តិការលោក ហោ ណាំហុង ស្តីអំពីជំនួយឥតសំណងប្រមាណ៨៥១.០០០.០០០យ៉េន ស្នើរនឹង ៨.៣លានដុល្លារអាមេរិក សម្រាប់ពង្រឹងសាលាអនុវិទ្យាល័យនៅទីក្រុងភ្នំពេញ ហើយនិងប្រាក់ចំនួន១៣.៧៨៥.០០០.០០០យ៉េនស្នើរនឹង១៣៥លានដុល្លារ សម្រាប់ វិស័យចំនួនបីមានដូចជាគម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គីសនី នៅរាជធានីភ្នំពេញ គំរោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ៥ (ចាប់ពីកំណាត់ផ្លូវព្រែកក្តាម ដល់ធ្លាម្អម) និងគំរោងមួយទៀត គឺកែលំអនិងស្តាឡើងវិញ ប្រព័ន្ឋធារាសាស្រ្ត និងប្រព័ន្ធដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញផងដែរ។
នៅក្នុងការចុះហត្ថលេខាលើ លិខិតប្តូរសារនេះ ក៏នឹងមានវត្តមានចូលរួមជាអធិបតីភាព ពីសំណាក់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីផងដែរ ហើយមិនតែប៉ុណ្ណោះ លោក រដ្ឋមន្រ្តីការបរទេសរូបនេះ ក៏នឹងចូលរួមសម្ពោធឲ្យ ដំណើរនូវផ្សារទំនើប អេអនរបស់ជប៉ុន ដែលបង្កើតនៅស្រុកខ្មែរធំជាងគេ និងដំបូង នៅថ្ងៃទី៣០ ខែមិថុនានេះផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដែលបានចេញកាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្រ្តី ការបរទេសជប៉ុន រូបនេះ លោកនឹងចូលបង្គំគាលព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយនឹងក៏ចូល ជួបសម្តែង ការគួរសម ជាមួយនឹងសម្តេចតេជោ នាយករដ្ឋមន្រ្តីផងដែរ។
ប្រទេសជប៉ុនគឺជាប្រទេស ដែលបានផ្តល់ជំនួយ ច្រើនជាងគេ មកកម្ពុជា បន្ទាប់ពីប្រទេសចិន ហើយជំនួយភាគច្រើនដែលជប៉ុនបានផ្តល់នោះគឺផ្នែកអប់រំ សុខាភិបាល ធរាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនិងកម្មវិធីជាច្រើនទៀតហើយជំនួយទាំងនោះត្រូវបានរដ្ឋាភិបាលជប៉ុនលើកឡើងថា ក្នុងគោលបំណងរឹតចំណង មិត្តភាពរវាងប្រទេស ទាំងពីរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕