ភ្នំពេញ៖ ក្រុមអ្នករត់តាក់ស៊ីម៉ែត្រប្រមាណ ៣០នាក់ នៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០១៤នេះ បានប្រមូលផ្ដុំ គ្នាតវ៉ាទាមទារលក្ខខណ្ឌការងារមួយចំនួនពីក្រុមហ៊ុន នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិច នៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមអ្នកបើករថយន្តរត់តាក់ស៊ីម៉ែត្រ ឈ្មោះមហាកំផែង ដែលថៅកែជាជន ជាតិចិន បានប្រមូលផ្ដុំគ្នាក្នុងគោលបំណងឲ្យ ក្រសួងការងារចុះមកសម្របសម្រួលលក្ខខណ្ឌការងារមួយចំនួន ព្រោះការងាររបស់ពួកគាត់មិនមានលក្ខខណ្ឌការងារទទួលស្គាល់ដោយក្រសួងការងារនោះទេ។
ប្រភពពីអ្នកបើករថយន្តតាក់ស៊ីម៉ែត្រ បានឲ្យដឹងដែរថា ក្រុមហ៊ុនរថយន្តឈ្នួលមហាកំផែង គាបសង្គត់ពួកគាត់ ខ្លាំងពេក ទើបឈានដល់ការប្រមូលផ្ដុំគ្នាតវ៉ាបែបនេះ។
សូមបញ្ជាក់ថា ទីស្នាក់ការក្រុមហ៊ុនរថយន្តឈ្នួលមហាកំផែង មានទីតាំងស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕