បាត់ដំបង៖ ហ្គែមកុំព្យូទ័រ ជាបច្ចេកវិទ្យាទំនើប បានធ្វើឲ្យ ក្មេងនិងមនុស្សទូទៅ មានភាពវៃឆ្លាត ក្នុងប្រព័ន្ធអ៊ីនធើ ណេតនាយុគសម័យថ្មី តែក៏មានគុណវិបត្តិ ធ្វើឲ្យហុចផលអវិជ្ជមាន មួយចំនួន សម្រាប់មនុស្ស និងសង្គមផងដែរ ចំពោះអ្នកដែលញៀនហ្គេម កុំព្យូទ័រភ្លេចការរៀនសូត្រ ធ្វើឲ្យសិស្សចេះ គេចសាលា កម្រិតនៃ ការអប់រំសិក្សា របស់ សិស្សមួយចំនួនមាន ការធ្លាក់ចុះ ឯម្ចាស់អាជីវកម្មហ្គេមកុំព្យូទ័រវិញ មិនខ្វល់ពីការសិក្សា របស់សិស្សនោះទេ ធ្វើយ៉ាងណាឲ្យតែបានប្រាក់ចំណូល ជាប្រយោជន៍ផ្ទាល់ខ្លួន។
ដោយមើលឃើញពីបញ្ហា ដែលនាំធ្វើឲ្យបាត់បង់ធនធាន ជាឧបស័គ្គសម្រាប់ការអភិវឌ្ឍន៍ សង្គមបែបនេះ កម្លាំង នគរបាលអន្តរាគមន៍បង្កាបង្ក្រាប នៃស្នងការ ខេត្តបាត់ដំបង បានចុះបិទទីតាំងហ្គែម កុំព្យូទ័រចំនួន ២កន្លែងនៅក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៤ ដោយរឹបអូសបាន វត្ថុតាងមួយចំនួន បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
លោក ឈឿង គឹមសុង មន្រ្តីនគរបាលបង្ការ បង្ក្រាបស្នងការខេត្ត បានឲ្យដឹងថា ការចុះបង្រ្កាបនេះ បានធ្វើឡើង បន្ទាប់ពីបានទទួល បញ្ជាពីលោកស្នងការ នគរបាលខេត្ត ស ថេត។ ទីតាំងបើកហ្គែម កុំព្យូទ័រទាំង ២កន្លែងនោះ៖ ទី១. ស្ថិតនៅទីតាំងផ្ទះរបស់ឈ្មោះ ជុំ ហ៊ុន ភេទប្រុស អាយុ ៣៥ឆ្នាំ រឹបអូសបាន វត្ថុតាងកុំព្យូទ័រ ចំនួន ១៧គ្រឿង និងសម្ភារៈមួយចំនួន, ទី២. ស្ថិតនៅទីតាំងផ្ទះរបស់ឈ្មោះ សុខ ស្រីមុំ ភេទស្រី អាយុ ៤៤ឆ្នាំ រឹបអូសបានវត្ថុតាង កុំព្យូទ័រចំនួន ៣៦គ្រឿង និងសម្ភារៈមួយចំនួនទៀត។
បន្ទាប់ពីធ្វើការបង្ក្រាប បានភ្លាមៗរួចមក សម្ភារៈវត្ថុតាងទាំងនោះ ត្រូវបានកម្លាំងនគរបាល ដឹកជញ្ជូនយកទៅតុលា ការតែងម្តង។ ចំណែកម្ចាស់ផ្ទះទាំង ២នាក់ និងក្មេងៗប្រុស-ស្រី ជាសិស្ស ត្រូវបានយកទៅ ស្នងការដ្ឋានសាក សួរ និងអប់រំ។
ប្រជាពលរដ្ឋជាអាណាព្យាបាល សិស្សមួយចំនួន បានសំណូមពរដល់ សមត្ថកិច្ចពាក់ព័ន្ធ មេត្តាយកចិត្តទុកដាក់ ចាត់វិធានការនេះ ឲ្យមានប្រសិទ្ធភាព និងបំបាត់ឲ្យអស់ ទាំងល្បែងស៊ីសង គ្រប់ប្រភេទ កុំឲ្យមានមុខរបរអ្វី ដែល មានការប៉ះពាល់ ដល់សន្តិសុខសង្គម ជាពិសេសគោលនយោបាយភូមិ ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋាន ដើម្បី បំបាត់អំពើ ចោរឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង ជាដើម។ល។ ក្រោយប្រតិបត្តិការបង្រ្កាប ម្ចាស់ទីតាំង ទាំង២កន្លែង និងសម្ភារៈវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូន ទៅតុលាការ ខេត្ត ដើម្បីចាត់ការតាមច្បាប់៕