ភ្នំពេញ ៖ ក្រោយពី បញ្ចប់កម្មវិធី សាសនា នាំយកទៀនវស្សា ទេយ្យទាន និង បច្ច័យទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះ វស្សាទាំង៨ វត្ដនៅក្នុង ខណ្ឌដូនពេញ រួចមក នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៤នេះ អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន បាន បន្ដចុះពិនិត្យ មើលស្ថានភាពទឹក នៅស្ថានីយ មូលទឹកមុខវត្ដឧណ្ណាលោម ។
នៅក្នុងឱកាសពិនិត្យមើលស្ថានីយបូម ទឹកចាក់ទៅទន្លេខាងលើនេះ អភិបាលខណ្ឌ ដូនពេញ បានណែនាំនិងប្រាប់ឱ្យកម្មករចុះ ស្ដារសំរាម ដើម្បីកាយចេញពីប្រព័ន្ធបង្ហូរ ទឹក ចៀសវាងការកកស្ទះហូរចាក់ចូលទៅ ក្នុងទន្លេ ដោយសារតែភ្លៀងធ្លាក់កាលពី រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤យ៉ាង ខ្លាំង ។
អភិបាលខណ្ឌដូនពេញ ក៏បានណែនាំឱ្យ មន្ដ្រីមូលដ្ឋាន និងមន្ដ្រីបច្ចេកទេសចុះពិនិត្យ មើលឱ្យបានទៀងទាត់ ចំពោះប្រព័ន្ធបង្ហូរ ទឹកពីរាជធានីភ្នំពេញ ចាក់ចូលទៅក្នុងទន្លេ ដែលកន្លងទៅពេលមានភ្លៀងធ្លាក់ម្ដងៗ ធ្វើ ឱ្យជនលិចយ៉ាងខ្លាំង ជាពិសេសនៅក្នុងនៅ ម្ដុំផ្សារកណ្ដាលតែម្ដង ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៤ ខែកក្កដា អភិបាលខណ្ឌដូនពេញ បានចុះទៅ ពិនិត្យមើលស្ថានភាពទឹកជន់លិច នៅតំបន់ ផ្សារកណ្ដាល ដើម្បីរិះរកមធ្យោបាយ និងដាក់ប្រព័ន្ធបន្ថែមទៀត ដើម្បីបង្កើនការហូរទឹកចាក់ចូលទៅក្នុងទន្លេ ឱ្យបានលឿន ចៀសវាងការលិចលង់កាន់តែ ខ្លាំង នៅពេលដែលមានភ្លៀងធ្លាក់ ។