ភ្នំពេញ៖ សម្លៀកបំពាក់ របស់ក្រុមកីឡាករ ដែលមានវត្តមាន នៅក្នុងការប្រកួតកីឡាបាល់ទាត់ ពិភពលោក ឆ្នាំ២០១៤ (World Cup 2014) នៅក្នុងប្រទេសប្រេស៊ីល នឹងមានលក់នៅក្នុង ប្រទេសកម្ពុជា ក្នុងតម្លៃពិសេស ៤ ដុល្លារក្នុងមួយឈុត សម្រាប់ខោអាវដៃខ្លី ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែកក្កដា។
កម្មវិធីផ្ដល់ជូនពិសេសនេះ គឺដើម្បីអបអរក្នុងឱកាសនៃការបើកសម្ពោធហាងលក់សម្ភារកីឡា អាយស្ពតកម្ពុជា I Sport Cambodia Shop ដែលបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅនេះ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៤២៨AEo ផ្លូវម៉ៅសេទុង ជិតស្ដុបកោសដូង ម៉ុងឌីយ៉ាល់។
លោក ហេង ប៊ុនសុង ម្ចាស់ហាង I Sport Cambodia លើកឡើងថាដោយសារតែ លោកសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាចាប់ផ្ដើម យកចិត្ត ទុកដាក់ក្នុង ការហាត់ប្រាណ និងការចូលរួមលេងកីឡាផ្សេងៗនោះ ទើបលោកសម្រេចចិត្តនាំចូលសម្លៀកបំពាក់កីឡា ដែលសាកសមសម្រាប់ អ្នកហាត់កីឡា គ្រប់ប្រភេទ។
លោកបានបន្តថា កត្តាមួយទៀត ដែលធ្វើឲ្យលោក សម្រេចចិត្តនាំចូល សម្លៀកបំពាក់កីឡាពីប្រទេសចិននេះ គឺដោយសារតែវាមានតម្លៃសមរម្យ ស្របទៅនឹង កម្រិតជីវភាព របស់ប្រជាជនកម្ពុជា។ ម្យ៉ាងទៀតគឺដោយសារតែកាលពី ពេលមុន អ្នកដែលចូលចិត្តហាត់កីឡា មិនមានសម្លៀកបំពាក់ សមរម្យសម្រាប់លេងកីឡា ដោយពួកគាត់គ្រាន់តែ ស្លៀកសម្លៀកបំពាក់ធម្មតាៗ ។ ប៉ុន្តែពេលនេះយើងបាននាំ មកជូនពួកគាត់នូវសម្លៀកបំពាក់ សម្រាប់លេងកីឡាគ្រប់ប្រភេទ និងមានតម្លៃ សមរម្យ។
លោកក៏បានបញ្ជាក់បន្ថែមថា ការបើកហាងលក់ សម្លៀកបំពាក់កីឡានេះ គឺដើម្បីចូលរួមក្នុងការលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋកម្ពុជាចូលរួមលេង កីឡា និងហាត់ប្រាណ ដើម្បីធ្វើឲ្យមានសុខភាពល្អ បញ្ចេញជាតិពុលពីក្នុងខ្លួន។ ការហាត់ប្រាណជាមួយ សំលៀកបំពាក់ ឧបករណ៍ និង សម្ភារត្រឹមត្រូវ គឺផ្តល់ភាពងាយស្រួល ក្នុងការហ្វឹកហាត់ កាត់បន្ថយគ្រោះថ្នាក់ចៃដន្យ និង ផ្តល់ទំនុកចិត្តក្នុងការហាត់បន្តទៀត។ ភាពរីករាយក្នុងការហាត់ប្រាណ គឺដើម្បីសុខភាពថ្ងៃខាងមុខ ហើយវាប្រៀបដូចជា ការសន្សំ ថវិកាក្នុង ការព្យាបាលជំងឺ។
សូមបញ្ជាក់ថា នៅក្នុងរដូវកាល World Cup ឆ្នាំ២០១៤ នេះ ហាង I Sport Cambodia មាននាំចូលឯកសណ្ឋាន សម្លៀកបំពាក់ របស់ក្រុមកីឡាករនៃប្រទេសល្បីៗ ដូចជាឈុតខោអាវ របស់ក្រុមកីឡាករ ជម្រើសជាតិ ប្រេស៊ីល អាហ្សង់ទីន អាឡឺម៉ង់ ហូឡង់ បារាំងជាដើម៕