វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា បានអំពាវនាវ ឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ ដើម្បីទុក ឱកាស ឲ្យអ្នកស៊ើបអង្កេតរកភស្តុតាង នៃការធ្លាក់យន្តហោះរបស់ម៉ាឡេស៊ី។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០១៤ ដោយផ្អែកតាមសេតវិមានអាម៉េរិកថា «យើងសូមជំរុញឲ្យភាគី ដែលមានការព្រួយបារម្ភទំាងអស់ មានទំាង រុស្ស៊ី ក្រុមបំបែករដ្ឋដែលគាំទ្ររុស្ស៊ី និងកងកម្លំាង អ៊ុយក្រែន ត្រូវនាំគ្នាគាំទ្រ ឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ ដើម្បីធ្វើឲ្យប្រាកដប្រជា អំពីសុវត្ថិភាពនៅកន្លែងធ្លាក់យន្តហោះ ដើម្បីឲ្យក្រុមស៊ើបអង្កេតអន្តរជាតិ អាចរកភស្តុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុ។
សូមបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ MH17 របស់អាកាសចរណ៍ម៉ាឡេស៊ី ផ្ទុកអ្នកដំណើរចំនួន ២៨៣ និងក្រុម អាកាសយានិក និងអ្នកបម្រើលើយន្តហោះ ១៥នាក់ បានធ្លាក់កាលពីយប់ថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យអ្នកដែលនៅលើនោះ ស្លាប់ទំាងអស់ សរុប ២៩៨នាក់ ខណៈមន្រ្តីអាម៉េរិកអះអាង យន្តហោះនោះ ត្រូវមីស៊ីលបាញ់ទម្លាក់៕