ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ បានកោះ ហៅកម្មករ ចំនួន៦នាក់ នៅរោងចក្រខេមបូ ហ៊ែនសាំ ឲ្យចូលឆ្លើយបំភ្លឺ តាមពាក្យបណ្តឹង ពីថៅកែជនជាតតិកូរ៉េ ឈ្មោះ kang Moon Sun ។
យោងតាមពាក្យបណ្តឹង របស់តំណាងថៅកែរោងចក្រ ខេមបូហ៊ែនសាំបាន ប្តឹងទៅសាលា ដំបូង រាជធានីភ្នំពេញកាលពីពេលថ្មីនោះ បានប្តឹងមនុស្សចំនួន៦នាក់រួមមាន ទី១- ឈ្មោះ ឡង ចិន្តា ភេទស្រី , ទី២ ឡាយ បូរមី ភេទស្រី , ទី៣-ទួន ចាន់ណា ភេទស្រី , ទី៤គៀត ពៅភេទស្រី , ទី៥-រិន មំ ភេទស្រី , និងទី៦-អ៊ុន ស្រីនិច ប្តឹងពួកគេពីបទហិង្សា ដោយចេតនាដោយមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាត ដោយចេតនា គម្រាមកំហែង បិទផ្លូវសាធារណៈ មកលើក្រុមហ៊ុន ខេមបូហ៊ែនសាំ ដែលមានទីតាំង ស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោក សៀង សម្បត្តិ ប្រធានសហជីព មិត្តភាពកម្មករ បានមានប្រសាសន៍ថា បន្ទាប់ពីថៅកែ បានដាក់ ពាក្យបណ្តឹងនេះរួចហើយ លោកនឹងតំណាងហៅកម្មករមកជួបប្រជុំពិភាក្សាគ្នា នៅថ្ងៃអាទិត្យទី២០ ខែកក្កដា ខាងមុខនេះ។
លោកបន្តថា ព្រះរាជអាជ្ញាសាលាដំបូង បានចេញដីកាកោះហៅកម្មករទាំង៦នាក់នោះ ទៅឆ្លើយបំភ្លឺនៅថ្ងៃ ខុសៗគ្នាទាំងអស់។
លោក សៀង សម្បត្តិ បន្ថែមថា ថៅកែរោងចក្រ ឲ្យតែខ្លួនមិនសប្បាយចិត្តតែងតែរករឿង ប្តឹងផ្តល់កម្មករ និងបញ្ឈប់កម្មករជាញឹកញាប់ដោយគ្មានមូលហេតុច្បាស់លាស់។ លោកថា កាលពីពេលកន្លងមក ថៅកែនេះ ក៏បានប្តឹងមន្រ្តីសហជីព របស់លោកចំនួន៣ផងដែរ៕