ភ្នំពេញ : បុរសរត់ម៉ូតូឌុប ម្នាក់ បានស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ រីឯ២នាក់ ផ្សេងទៀត រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យឯកជន ក្រោយពីពួកគេ បានបើកម៉ូតូបុកគ្នាពេញ មួយទំហឹង កាលពីវេលាម៉ោង ៣និង១០នាទី ទៀបភ្លឺថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ មុខក្លឹបហាត់ប្រាណសុខាវង្សតាមផ្លូវ២០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
លោក ហឿង វឿន នាយផ្នែក នគរបាលចរាចរ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននិយាយថា ជនរងគ្រោះ ចក់ ហ៊ុំ អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ រីឯភាគីម្ខាងទៀត រងរបួសធ្ងន់ មិនទាន់អត្តសញ្ញាណ នៅឡើយនោះ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន ដើម្បីធ្វើការសង្គ្រោះ ។
មន្ត្រីនគរបាលចរាចររូបនេះ បានបន្តថា គ្រោះថ្នាក់ចរាចរ ខាងលើនេះ បានកើតឡើង នៅពេលដែលជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុប បើកម៉ូតូ សង់កូរ៉េតែម្នាក់ឯង ខណ:ពេលធ្វើដំណើរនោះ ក៏ទៅបុកជាមួយម៉ូតូសង់កូរ៉េ មួយគ្រឿង ធ្វើដំណើរមកពី ខាងមុខ បណ្តាលឲ្យដួល ស្លាប់ និងរងរបួស ទាំង៣នាក់ ។
ក្រោយកើតហេតុ ម៉ូតូរបស់ ជនរងគ្រោះទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅ អធិការដ្ឋាន នៅខណ្ឌសែនសុខ ដើម្បីដោះ ស្រាយជាក្រោយ ៕