ភ្នំពេញៈ យ៉ាងហោចណាស់ មានមនុស្សស្លាប់ចំនួន១៤នាក់ និងរងរបួសធ្ងន់ ស្រាល ចំនួន៨៧នាក់ ដោយសារ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ នៅក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ២០១៤នេះ ហើយតួលេខនេះបានកើនឡើង ច្រើនជាងឆ្នាំកន្លងទៅ។
បើយោងតាមរបាយការណ៍ របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារ មីនដែលហៅកាត់ថា(C.M.A.A)។ បានឲ្យដឹងថា ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅ៦ខែ ដើមឆ្នាំ២០១៤នេះមានចំនួន១០១នាក់ ហើយតួលេខនេះបានកើនឡើងជាងឆ្នាំ២០១៣កន្លងទៅរហូតដល់៥៥ភាគរយ។
របាយការណ៍ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤នេះបានឲ្យដឹង ទៀតថា ចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០១៤នេះ ចំនួនមនុស្សស្លាប់មាន និង របួសដោយសារ គ្រាប់មីននៅកម្ពុជាមាន១០១នាក់ កើនឡើង ៥៥ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៣ ដែលមានមនុស្សរងគ្រោះតែ៦៥នាក់ប៉ុណ្ណោះ ។
របាយការណ៍ដដែលបានបន្តថា គិតពីចំនួនមនុស្សរងគ្រោះ ១០១នាក់ខាងលើនេះ គឺមានមនុស្សចំនួន ១៤នាក់ បានស្លាប់បាត់បង់ជីវិត ហើយតួលេខនេះកើនឡើងលើស ពីឆ្នាំមុនមានត្រឹមតែចំនួន៨នាក់។ ដោយឡែកមនុស្សរងរបួស ឬ ពិការមាន ៨៧នាក់ កើនឡើងលើសឆ្នាំទៅមានត្រឹមតែ៥៧នាក់ប៉ុណ្ណោះ។ របាយការណ៍បានបន្តថា ក្នុងចំណោមមនុស្សរងគ្រោះទាំងនោះ គឺមានបុរស៦៨ភាគរយ ក្មេងប្រុស ១៨ភាគរយ ក្មេងស្រី ១៨ភាគរយ និង ៨ភាគរយ ជាស្រ្តី ភាគច្រើនកើតឡើងនៅខេត្តបាត់ដំបង ឧត្តរមានជ័យ កំពង់ចាម កំពង់ធំ និងប៉ៃលិន។
ប្រទេសកម្ពុជាត្រូវបានហែកហួរ ដោយសារសង្រ្គាម ទើបបន្សល់នូវគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះរាយប៉ាយលើផ្ទៃដី កម្ពុជា ដោយ ចាប់ពីឆ្នាំ១៩៧៩ ដល់ ខែមិថុនា ឆ្នាំ២០១៤ មានអ្នកស្លាប់ និងរបួស ដោយសារមីនមានចំនួន ៦៤៤០៣ ក្នុងនោះមានស្លាប់ចំនួន ១៩៦៩៨នាក់ និង របួសចំនួន៤៤៧០៥នាក់។ តែយ៉ាងណាក្តីរហូតមក ដល់ពេលនេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហាមីននេះដោយជំរុញដល់ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ត្រូវតែជួយណែនាំដល់ប្រជាពលរដ្ឋបន្ថែមទៀតចំពោះទុក្ខវេទនា ដោយសារមីន និងគ្រាប់មិនទាន់ ផ្ទុះទាំងនេះ។
ប្រទេសកម្ពុជា ជាប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីនខ្លំាងជាងគេ ក្នុងពិភពលោក ដែលទំាងនេះ ជាលទ្ធផលនៃសង្គ្រាមដែលមានរយៈពេល៣ទស្សវត្សរ៍ចាប់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៩៨។ ហើយតាមការឲ្យដឹងកម្ពុជាត្រូវការថវិកាប្រមាណ ៥០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីបោសសម្អាត គ្រាប់មីនគ្រប់ប្រភេទប្រឆំាងមនុស្សចោលទំាងស្រុង៕