កំពង់ចាម ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន១៣១ ខ្នង ស្មើនិងចំនួនមនុស្ស៦៧០នាក់ ស្ថិតនៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុក ជើងព្រៃ ខេត្ដកំពង់ចាម ត្រូវទឹកជន់លិច មិនទាន់ស្រកនៅឡើយទេ រហូតមកដល់រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤នេះ ។
ប៉ុន្ដែកម្លាំងនគរបាលនិងអាជ្ញាធរ ព្រម ទាំងប្រជាពលរដ្ឋមូលដ្ឋាន បានបន្ដធ្វើជម្រក ស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋ នៅទីទួលមានសុវត្ថិភាព ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៤នេះ អភិបាលស្រុកព្រៃឈ លោកទេព រាមមុនី និងអធិការនគរបាល ស្រុក លោកកែវ សៀងហ៊ាន់ បានដឹកនាំ កម្លាំងអាជ្ញាធរនិងកម្លាំងនគរបាល ចុះពិនិត្យ ស្ថានភាពទឹកជំនន់នៅទីតាំងខាងលើ ដើម្បីមានវិធានការ ដោះស្រាយជាបន្ដបន្ទាប់ ។
អធិការនគរបាលស្រុកជើងព្រៃ លោក កែវ ស៊ានហ៊ាន់ បានឱ្យដឹងថា នៅភូមិកំពង់ សំណាញ់ ឃុំមៀន ផ្ទះប្រជាពលរដ្ឋ ចំនួន ១៣១ខ្នង ស្មើនិងមនុស្ស៦៧០នាក់ ក្នុងនោះ ប្រុស ៣៣០នាក់ ត្រូវទឹកជន់លិច ហើយផ្លូវលំចូលភូមិ ចម្ងាយ ២២០០ម៉ែត្រ ក៏ត្រូវទឹកលិចផងដែរ ។
បើតាមលោកអធិការ រហូតមកដល់ រសៀលថ្ងៃដដែលនេះ កម្លាំងនគរបាលរបស់ លោក ៣០នាក់ បានបន្ដធ្វើជម្រកស្នាក់នៅ ជូនប្រជាពលរដ្ឋ ចំនួន៧៥គ្រួសារ ស្មើនិងចំនួនមនុស្ស ៣៥៨នាក់ ដែលស្ថិតនៅ ភូមិទួលបេង ទីទួលមានសុវត្ថិភាព ។