Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តំណាងរាស្រ្ត បក្សប្រឆាំង និងបក្សកាន់អំណាច ផ្តើមធ្វើការរួមគ្នា ក្រោយងរងក់ ជាងមួយឆ្នាំ

$
0
0

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចបានធ្វើការជាច្រើន ជួយដល់គណបក្សសង្រ្គោះជាតិ
- សម្តេចតេជោ អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារគ្នា រវាងបក្សកាន់អំណាច និងបក្សប្រឆាំង

ភ្នំពេញ៖ បន្ទាប់ពីទុកឲ្យ តំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជា អង្គុយធ្វើការ ក្រោមដំបូលសភា ដ៏ធំទូលាយ ដោយឯកបក្សអស់ រយៈពេលជាង មួយឆ្នាំកន្លងទៅ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ តំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិទាំង ៥៥រូប បានបញ្ចប់ការងរងក់របស់ខ្លួន ព្រមចូលប្រជុំសភា និងបម្រើការការងារ ក្នុងស្ថាប័ន នីតិបញ្ញត្តិរួមគ្នា ជាមួយនឹងតំណាងរាស្រ្តទាំង ៦៨រូបមកពីគណបក្សប្រជាជន កម្ពុជាហើយ។ ចាប់ពីថ្ងៃទី៨ ខែ សីហា តទៅ គេនឹងលែងឮទៀតហើយ សម្រែកថា សភាចោរ ឫសភាខុសច្បាប់ ដែលតែងឮ ជារឿយៗ ចេញ ពីថ្នាក់ដឹកនាំ និង តំណាងរាស្រ្ត បក្សសង្រ្គោះជាតិ រយៈពេលប្រមាណជាងមួយឆ្នាំកន្លងមកនេះ។

កិច្ចប្រជុំ រដ្ឋសភានាព្រឹកថ្ងៃទី០៨ ខែសីហា នេះ ធ្វើឡើងដើម្បីពិភាក្សា និង អនុម័តលើសេចក្តីស្នើ វិសោធនកម្ម ប្រការ ៦ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា។ វិសោធនកម្មប្រការ ៦ថ្មី នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ត្រូវបាន សម្រេចជាឯកច្ឆន្ទ ដោយសមាជិកសភាបក្សប្រជាជនកម្ពុជា និងបក្សសង្រ្គោះជាតិ ១២២រូប ដែលបានអញ្ជើញ ចូលរួមនៅក្នុងកិច្ចប្រជុំ។

ការសម្រេចចិត្តចូលអង្គុយប្រជុំ លើកៅអីរដ្ឋសភារបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ គឺបានកើតមានឡើង បន្ទាប់ពីវិបត្តិនយោបាយត្រូវបានបញ្ចប់ក្រោមកិច្ចពិភាក្សាកំពូលរវាងសម្តេចតេជោ ហ៊ុន សែន អនុប្រធាន គណបក្ស ប្រជាជនកម្ពុជា និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពីលក្ខខន្តិកៈ នៃការធ្វើកំណែទម្រង់លើក្បាលម៉ាស៊ីនព្រឹទ្ធសភា រដ្ឋសភា ឲ្យមានតុល្យភាពអំណាច ក្នុងការតស៊ូមតិ ជាពិសេសគឺកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យមានសុក្រិត្យភាព តាមរូបមន្ត ៤-៤-១ជាដើម ត្រូវបានព្រមព្រៀងជាមួយគ្នា។

ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទាំងលោក សម រង្ស៊ី និង លោក កឹម សុខា កាលពីថ្ងៃទី៥ ខែសីហា ពេលចេញ ពីផឹកទឹកសម្បថនៅក្នុងព្រះបរមរាជវាំង សុទ្ធតែបានថ្លែងអះអាងដូចៗគ្នាថា ការសម្រេចចិត្តចូលសភា គឺធ្វើឡើង ស្របតាមស្មារតី នៃកិច្ចចរចា ស្របតាមឆន្ទៈរបស់ម្ចាស់ឆ្នោត។ ថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ នៅបាន សន្យាទៀតថា នឹងរួមគ្នាធ្វើការតស៊ូមតិតាមបែបលទ្ធិប្រជាធិបតេយ្យ នៅក្នុងរដ្ឋសភា ស្វែងរកនូវឧត្តមប្រយោជន៍ ជូនប្រជារាស្រ្តជាម្ចាស់ឆ្នោត។

នៅក្នុងកិច្ចប្រជុំរួមគ្នាជាលើកដំបូង ក្រោយពីការបែរខ្នងដាក់គ្នាអស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ សម្តេច តេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងគូសបញ្ជាក់ថា វិបត្តិនយោបាយនៅកម្ពុជាបានបិទបញ្ចប់ ព្រមទាំងអំពាវនាវឲ្យមានការរួបរួមគ្នា រវាង សមាជិករដ្ឋសភាទាំងពីរបក្ស ដើម្បីសម្រេចនូវប្រយោជន៍ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

លោក សម រង្ស៊ី បានថ្លែងយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាត្រូវរួមរស់ជាមួយគ្នា ត្រូវធ្វើការជាមួយគ្នា ចេះសហការ គ្នា ដើម្បីការពារជាតិយើង កសាងជាតិយើង ត្រូវធ្វើការជាមួយគ្នា គ្រប់កាលៈទេសៈរហូតដល់អវសាន។ វប្បធម៌ថ្មី ដែលយើងត្រូវបង្កើត គឺវប្បធម៌សន្ទនា ក្នុងការគោរពគ្នាទៅវិញទៅមក ដើម្បីរកដំណោះស្រាយដោយសន្តិវិធី រាល់បញ្ហាទាំងអស់»។

លោកបន្តថា «វប្បធម៌ធ្វើការជាមួយគ្នា ជជែកគ្នា មិនដណ្តើមយកឈ្នះយកចាញ់ មិនសំខាន់នរណាឈ្នះ នរណា ចាញ់ អ្វីដែលសំខាន់យើងត្រូវរកគន្លឺះ គំនិតដែលល្អ គំនិតដែលត្រឹមត្រូវ គំនិតដែលការពារប្រទេសជាតិ គំនិត ដែល ជួយកសាងទាំងអស់គ្នា ឲ្យប្រទេសជាតិយើងបានរុងរឿង។ ដូច្នេះគំនិតដ៏ល្អនេះ អាចទទួលការគាំទ្រនូវគ្រប់ គណបក្សទាំងអស់»។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា លោក សម រង្ស៊ី និង សមាជិក សមាជិកា បានចងចាំនូវប្រសាសន៍ ក៏ដូចជាការអំពាវនាវ ដែលបានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី០៨ ខែសីហា។

សម្តេចបានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសង្ឃឹមថា ថ្ងៃនេះឯកឧត្តម សម រង្ស៊ី និងសហការីរបស់ខ្លួន នឹងកត់ត្រាទុកនូវសំដី ទាំងអស់នេះ និងដូចដែលយើងបាននិយាយគ្នាកាលពីថ្ងៃទី ១៦, ១៧ ខែកញ្ញា ឆ្នាំ២០១៣ និងនិយាយគ្នាជាថ្មី ម្តងទៀត តាម ទូរស័ព្ទថ្ងៃទី០៦ ខែមេសា និងជាថ្មីម្តងទៀត យើងនិយាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤»។

សម្តេចតេជោ ក៏បានថ្លែងឲ្យមានការរួបរួមគ្នារវាងសមាជិកសភាគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្រ្គោះជាតិ។ «ថ្នាក់ដឹកនាំក្នុងគណៈអចិន្ត្រៃយ៍សភា និងគណៈកម្មការនៅក្នុងសភា ធ្វើការសន្ទនាឲ្យបានច្រើន ជាជាងនាំបញ្ហាមកប្រឈរមុខនៅក្នុងសភា...។ ចឹងបង្កើតវប្បធម៌នៃការសន្ទនាឲ្យបានច្រើន ដើម្បីស្វែងយល់ចិត្ត យល់ថ្លើមគ្នា ហើយធ្វើកិច្ចការ ដើម្បីបម្រើប្រទេសជាតិ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ចាប់ពីពេលនេះតទៅ ការវាយ ប្រហារ គ្នាតាម ធម្យោបាយណាមួយ គឺគួរតែត្រូវបានកាត់បន្ថយ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានផងដែរថា សម្តេចបានជួយច្រើនណាស់ ដល់គណបក្ស សង្រ្គោះជាតិ ហើយសម្តេចបំផុសដឹកនាំចលនាតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាគាំទ្របេក្ខភាព តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ឲ្យធ្វើជាអនុប្រធានទី១ នៃរដ្ឋសភា ក៏ដូចជាតំណែងផ្សេងៗទៀត។

សម្តេចតេជោ បានបញ្ជាក់ថា សំឡេងរបស់សម្តេច ពិតជាមានសារសំខាន់ណាស់ ហើយបើសម្តេចមិនបានចូល រួមប្រជុំទេ គណបក្សសង្គ្រោះជាតិ ពិតជាយ៉ាប់ណាស់ ពីព្រោះសម្តេចជាអ្នកធ្វើចលនាសមាជិកគណបក្សប្រជា ជន ដើម្បីបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ។

ការសម្រេចចិត្តផ្តើមធ្វើការរួមគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺជាការបើកទំព័រសករាជថ្មី នៃភាព រីកចម្រើនលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធ្វើឲ្យបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិសាទរ និង ស្វាគមន៍ជាខ្លាំង។

លើសពីនេះទៀត វត្តមានតំណាងរបស់រាស្រ្តទាំង ១២៣រូប ដែលកើតចេញពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នឹងជួយធ្វើឲ្យប្រសិទ្ធភាព និងគុណភាព នៃការដឹកនាំរបស់មន្រ្តីរាជរដ្ឋាភិបាល កាន់តែប្រសើរថែម ទៀត ដើម្បីសម្រេចនូវប្រយោជន៍ជូនប្រជជាពលរដ្ឋកម្ពុជា។ រដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា នឹងមិនអាចអង្គុយ សោះអង្គើយបន្តទៀតបាននោះទេ បើមិនដូច្នោះនឹងមានការហៅមកចោទសួរ ឬអាចឈានដល់ការបោះឆ្នោតដក សេចក្តីទុកចិត្តចេញពីតំណែងផងដែរ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញបើកសម័យប្រជុំ គណៈរដ្ឋមន្រ្តីលើកដំបូង នៃរាជរដ្ឋាភិបាល អាណត្តិ ទី៥ កាលពីខែកញ្ញា ឆ្នាំ២០១៣ បានប្រកាសដាស់តឿនរួចហើយ ដល់មន្រ្តីរបស់ខ្លួនឲ្យធ្វើកំណែទម្រង់ស៊ី ជម្រៅ ជាពិសេសការឆ្លុះកញ្ចក់ និង ដុះក្អែលខ្លួនឯង។ បើមិនដូច្នោះទេ សម្តេចឈប់ការពារទៀតហើយ បើក ឱកាសទុកឲ្យមន្រ្តីរដ្ឋសភាកោះហៅមកសាកសួរដេញដោល បានគ្រប់ពេល ជាពិសេសគឺតំណាងរាស្រ្តមកពី គណបក្សសង្រ្គោះជាតិ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles