កំពង់ធំ៖ រដ្ឋបាល ខេត្តកំពង់ធំ កាលពីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ បានប្រជុំ ជាមួយអង្គភាព និងមន្រ្តីសំខាន់ៗ មួយចំនួន និងអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីដាក់ផែនការ បង្ការ បង្រ្កាបបទល្មើស ព្រៃឈើ និងបទល្មើសផ្សេងៗ ទៀត ក្នុងដែនសមត្ថកិច្ច ខេត្តកំពង់ធំ ។ ជាការផ្តើម លោក អ៊ុត សំអន អភិបាលខេត្ត បានអោយជំនាញ រាយការណ៍ អំពីសកម្មភាពផ្សេងៗ ដែលមានការល្មើស តាមបណ្តាគោលដៅ ស្រុកនិមួយៗ ដើម្បីអង្គប្រជុំស្តាប់ និងចូលរួមមាន យោបល់ ដើម្បីដាក់វិធានការ បង្ការទប់ស្កាត់ បង្ក្រាប អោយមានប្រសិទ្ធភាព។
លោក តិច ញាតា នាយខណ្ឌរដ្ឋបាល ព្រៃឈើ កំពង់ធំ បានរាយការណ៍ អំពីបេសកកម្ម និងទស្សនះវិស័យ របស់មន្រ្តីរដ្ឋបាលព្រៃឈើ ក្នុងការចូលរួម ការពារថែរក្សា ព្រៃឈើ ធនធានធម្មជាតិ និងដើម្បីទប់ស្កាត់ អោយបានការរុករាន ទន្រ្ទានដីព្រៃ ការរំលោភបំពាន យកដីព្រៃការពារ ព្រៃបំរុងទុក របស់រដ្ឋ ជាពិសេស តំបន់ព្រៃឡង់ ព្រៃអង់តែន និងព្រៃក្នុងដែន ជំរកសត្វព្រៃបឹងពែរ ជាដើម ធ្វើយ៉ាងណា បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ជំនាញ អាជ្ញាធរ មូលដ្ឋាន និងការគាំទ្រពី ព្រះរាជអាជ្ញា ។
ក្នុងរបាយការណ៍ ក៏បានលើកឡើងអំពី ផលលំបាក របស់មន្រ្តីរដ្ឋបាល ព្រៃឈើ ក្នុងការចុះបង្ក្រាប កន្លងមកដូចជា មន្រ្តីមានតិចពេក មើលការងារមិនអស់ កង្វះខាតមធ្យោបាយ ខ្វះកិច្ចសហការ ពីសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន កង្វះខាតព័ត៌មាន ស្តីពីបទល្មើស ប្រជាពលរដ្ឋ ចំណាកស្រុកពី ខេត្តផ្សេងៗ មកលួចកាប់ទន្រ្ទាន រំលោភយកដីព្រៃ ដោយខុសច្បាប់ អ្នកមានលុយនៅពីក្រោយបទល្មើស និងនៅតែមាន វប្បធម៍អន្តរាគមន៍ ជាដើម ។ល។
ករណីនេះ សំណូមពរអោយថ្នាក់លើ ជួយផ្តល់មន្រ្តីបន្ថែមទៀត សូមផ្តល់ មធ្យោបាយ សំភារះ ថវិកា និងជាពិសេស ការចូលរួមសហការ ពីគ្រប់ជំនាញ ដើម្បីបង្កើន ប្រសិទ្ធភាពការងារ ។
លោក គង់ វិមាន អភិបាលរងខេត្ត បានមានមតិបន្ថែម ថា ដីព្រៃក្នុងដែនជំរក សត្វព្រៃបឹងពែរ កំពុងប្រឈម និងការកាប់រានទន្រ្ទាន យ៉ាងអាណាធិបតេយ្យ ដោយប្រជាពលរដ្ឋ មកពីជិត ឆ្ងាយ មន្រ្តីដែលប្រចាំការ ក្នុងព្រៃដែនជំរក សត្វព្រៃបឹងពែរនេះ ភាគច្រើន ជាមន្រ្តីជាប់ក្នុងកិច្ចសន្យា ដែលជ្រើសរើស យកប្រជាពលរដ្ឋនៅ
ក្បែៗទីនោះ ហើយមិនបានធ្វើការ បណ្តុះបណ្តាលជំនាញ រៀនសូត្រពីច្បាប់ និងផែនការគ្រប់គ្រង ដីព្រៃឈើអោយបានច្បាស់លាស់ នោះទេ ពួកគាត់មានការ ធ្វេសប្រហែស និងមួយចំនួនមានការឃុបឃិត និងប្រព្រឹត្តបទល្មើស ដោយខ្លួនឯងក៏មាន ហេតុនេះគប្បី ពិនិត្យមើលឡើងវិញ អាចប្រើវិធានការ ផ្លូវច្បាប់ ទៅលើមន្ត្រីដែលមានការ ធ្វេសប្រហែសការងារ និងចាត់វិធានការ ទប់ស្កាត់ចំពោះបទល្មើស នានាទាំងក្នុង និងក្រៅតំបន់ ព្រៃការពាររបស់រដ្ឋ បន្ថែមទៀតជាបន្ទាន់ ។
លោក អ៊ុត សំអន អភិបាលខេត្ត បានដាក់វិធានការ យ៉ាងម៉ឺងម៉ាត់ ដោយបែងចែក ភារកិច្ចគណះអភិបាលខេត្ត អោយទទួលចុះអនុវត្ត តាមស្រុកនិមួយៗ ដឹកនាំសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ចុះធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ លិខិតបទដ្ឋាន គតិយុត្តនានាជូនដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ បង្ក្រាបអោយបានគ្រប់បទល្មើស នានាក្នុងដែនសមត្ថកិច្ច ខេត្តកំពង់ធំ។ បើមន្ត្រីណាមិនអនុវត្តទេ គណះអភិបាលខេត្ត និងប្រើវិធានការរដ្ឋបាល ដល់មន្ត្រីអសកម្មទាំងនោះ៕