ភ្នំពេញ៖ ស្រ្តីម្នាក់រស់នៅក្នុងសង្កាត់ស្ទឹងវែង ខេត្តកោះកុង ត្រូវបានប្តីប្រើអំពើហិង្សា មកលើខ្លួនជារៀងរាល់ថ្ងៃ ជាពិសេសបានវាយចំភ្នែក ស្ទើរតែ ក្លាយជាទៅជាមនុស្សឆ្កួត ដោយសារតែលោកប្តីប្រមឹក។
យោងតាមពាក្យបណ្តឹង របស់ស្រ្តីរងគ្រោះឈ្មោះ នឹង នៀក អាយុ ៣៧ឆ្នាំ និងប្តីមានឈ្មោះ សេង ហុង អាយុ ៤៨ឆ្នាំ បានដាក់ពាក្យប្តឹង មានកាន់ ប្រធានប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងវែង បានឲ្យដឹងថា “បន្ទាប់ពីបានរួមរស់ជាមួយប្តីជិត៥ឆ្នាំនេះ នាងទទួលរងការវាយធ្វើបាបលើរាងកាយ ជា ញឹកញាប់ ដោយប្តីយកកាំបិតកាប់លើដៃឆ្វេងរបស់ខ្លួន ឲ្យរងរបួស ចាប់សង្កត់បោចសក់ ច្របាច់ក បោកផ្ទប់ទៅនឹងជញ្ជាំងក៏មានផងដែរ។
អ្វីដែលធ្វើឲ្យអ្នកស្រីទ្រាំមិនបាននោះ គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង៨ព្រឹកក្រោយពី គាត់ដាក់បានក្តាម ហើយយកទៅលក់ បានប្រាក់ ចំនួន៧.០០០រៀល ប្តីប្រើទៅទិញស្រា និងសាច់ជ្រូក បន្ទាប់ពីផឹកស្រាស្រវឹងរួចមក ប្តីបានជេរប្រមាថមាក់ងាយមកលើខ្លួនថា “មីអ្ហែង! ជាស្រីសំផឹង ម៉ែមីអ្ហែង! ក៏ជាស្រីសំផឹងដែរ” ។ នៅពេលដែលប្តីជេរយ៉ាងណាក៏ដោយ ក៏អ្នកស្រីមិនបានទប់ទល់អ្វីទេ គ្រាន់តែនិយាយ ដោយឆ្លើយតបទៅវិញ ថា ”ឯងអើយឯងនិយាយ លែងទទួលទៅ”។
ស្រ្តីជនងរងគ្រោះ បន្តថា៖ មួយសន្ទុះក្រោយមកប្តីក៏និយាយថា បើរស់នៅជាមួយអញ អញវាយអ្ហែងឲ្យងាប់ ហើយយកទៅចោលក្នុងព្រៃបំបាត់ ភស្តុតាង អ្នកណា ឬប៉ូលិសរកក៏មិនឃើញ។ ហើយក៏ស្រាប់តែប្តី បានយកដំបងឫស្សី វាយចំក្បាល ជើងសងខាង បណ្តាលឲ្យខ្ញុំពកក្បាល ហើមជើង រួចហើយគាត់បានចាប់ខ្វេះភ្នែក ធ្វើឲ្យភ្នែកខ្ញុំស្រវាំង និងបានយកមែកស្មាច់ បុកមាត់បន្ថែមទៀត។
នាគ្រានោះដែរ ស្រ្តីរងគ្រោះលើកដៃសំពះនិយាយថា “ឯងអើយ ឯងកុំធ្វើបាបខ្ញុំអី បើឯងធ្វើបាបខ្ញុំ ខ្ញុំមានមុខមាត់ឯណាទៅជួបម្តាយ និងកូននៅស្រុក កំណើត”។ បន្ទាប់មកទៀត គាត់បានយកអង្រែ មកបុកចំប្រដាប់ភេទរបស់ខ្ញុំ ចំនួន២ដង ដោយរងការឈឺចាប់មិនបាន នាងខ្ញុំចាប់ដណ្តើម អង្រែពីដៃគាត់គ្រវែងចោល ប្តីនាងខ្ញុំក៏ឈប់វាយ ហើយប្តីក៏ដេកលក់ ហើយខ្ញុំក៏បានលួចរត់ មកប្តឹងប៉ុស្តិ៍នគរបាលតែម្តង។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងហើយ មេប៉ុស្តិ៍ស្ទឹងវែង លោក នុត សាខម បានចុះទៅដល់ផ្ទះជនរងគ្រោះ ដើម្បីឃាត់ខ្លួនប្តី ដែលជាអ្នកប្រព្រឹត្ត ប៉ុន្តែពេលចុះទៅដល់ ប្តីជនរងគ្រោះក៏រត់គេចខ្លួន បាត់ស្រមោលតែម្តង៕