ខេត្តបន្ទាយមានជ័យៈ ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញអាជ្ញាធរក្រុងប៉ោយប៉ែត តែងតែចំណាយថវិកាជាច្រើន ដើម្បីទិញរថយន្តដឹកទឹក ធ្វើការ សម្អាតផ្លូវជាតិទូទាំងក្រុង និងស្តារលូ មិនឲ្យមានការកកស្ទះក៏ដោយ តែតាមផ្លូវជាតិនៅតែបន្តមានដីហុយ និងលូត្រូវបានកកស្ទះដដែល នេះ ក៏ព្រោះតែមានរថយន្តដឹកដី ជាច្រើនមិនគោរពច្បាប់ ដឹកដីគ្មានស្បៃគ្រប ដឹកដីជ្រុះពេញផ្លូវព្រោះគ្មានរបាំងគូថក្រោយ។
ជាក់ស្តែងកាលពីថ្ងៃទី29 ខែវិច្ឆិការ ឆ្នាំ2012ម្សិលមិញនេះ មានរថយន្តដឹកដីមួយគ្រឿង បានដឹកដីចូលទីប្រជុំជនក្រុងប៉ោយប៉ែត នគរបាលសណ្តាប់ ធ្នាប់ក្រុងបានស្ទាក់ចាប់ ដើម្បីធ្វើការណែនាំ និងអប់រំ ខណះដែលកម្លាំងនគរបាល ចុះពង្រឹងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ តែត្រូវបានគេអន្តរាគមន៍ ទៅលោកអធិការ ឲ្យដៅលែងជាបន្ទាន់ ព្រោះរថយន្តដឹកដីនោះជារបស់អ្នកធំ។ តើរថយន្តអ្នកធំមិនចាំបាច់គោរពច្បាប់មែនទេ?
ខណៈនគរបាលឃាត់ រថយន្តដឹកដីខាងលើភ្លាមៗនោះ អ្នកបើកបររថយន្តម្នាក់ ក្នុងចំណោមបក្ខពួក04នាក់ បានចេញមុខមកអះអាងថា រថយន្តដឹក ដីនេះជារបស់ក្រុមហ៊ុនអានកូ ហើយអ្នកបើកបររូបនោះ បានទាញទូរសព្ទ័ខលទៅប្រាប់មេកើយរបស់គេ ដើម្បីអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីសន្ទនាគ្នា អស់មួយសន្ទុះ អ្នកបើកបររូបនោះ បានហុចទូរសព្ទ័ ឲ្យលោកមកនគរបាលចរាចរណ៍ដោយនិយាយថា មេរបស់គេចង់ជួប អ្នកបើកបររូបនោះ បាន បញ្ជាក់ថា ចៅហ្វាយរ៉ូ នៅកាស៊ីណូហ្គោលដិន ភ្លាមៗនោះ ត្រូវបានខាងនគរបាលចរាចរណ៍ប្រាប់ថា ខ្ញុំមិនហ៊ានសម្រេចទេ សូមលោក ខលទៅ លោកអធិការទៅ ព្រោះពួកខ្ញុំគ្មានសិទ្ធិសម្រេចទេ 05នាទី ក្រោយរថយន្តដឹកដីជ្រុះពេញផ្លូវ ត្រូវបានដោះលេង ក្រោមការអន្តរាគមន៍ដោយ ឈ្មោះ ចៅហ្វាយរ៉ូ។
ជុំវិញការឃាត់រថយន្តខាងលើ ត្រូវបានប្រជាពលរដ្ឋ បញ្ជាក់ប្រាប់ថារថយន្តដឹកដីមិនគោរបច្បាប់នេះ មិនមែនជាលើកទីមួយទេដែលល្មើស បែប នេះនោះ គឺរថយន្តនេះគ្មានរបាំងគូថក្រោយទេ សូម្បីតែស្បៃក៏មិនគ្រប់ដែរ រាល់ពេលធ្វើដំណើរតាមដងផ្លូវម្តងៗ ដីធ្លាក់រាយតាមដងផ្លូវ ហើយពេល មានខ្យល់មកហុយ ចូលភ្នែកច្រមុះពួកគាត់តែរហូត ហើយក្រុងខូចសោភ័ណភាព ក៏ដោយសារពួករថយន្តដឹកដីទាំងនេះដែរ។
អាជ្ញាធរក្រុងប៉ោយប៉ែត ពីសេសលោក ង៉ោ ម៉េងជ្រួន គួរតែមានវិធានការក្តៅ បង្ក្រាបលើរថយន្តដឹកដីទាំងឡាយណា ដែលល្មើសច្បាប់ជាក់ស្តែង ដូច ជារថយន្តដឹកដី របស់ក្រុមហ៊ុនអានកូរ ដែលពាក់ស្លាកលេខ ក 3492 ភព2 តែងម្តង។ បើមិនដូច្នោះទេ ទីក្រុងស្អាតក្លាយជាទីក្រុងដីហុយមិនខាន ហើយការចំណាយថវិកាជួលកម្មករលាងផ្លូវ ក៏ក្លាយទៅជារឿងឥតប្រយោជន៍ផងដែរ៕