ភ្នំពេញ៖ ប្រធានមន្ទីរបរិស្ថាន រាជធានីភ្នំពេញ ត្រូវបានគេអះអាងថា នៅតែបន្តសាងសង់ផ្ទះរំលោភដីរដ្ឋដដែល បើទោះជាអាជ្ញាធរ បានហាមប្រាមក៏ដោយ មិនតែប៉ុណ្ណោះការសាងសង់នេះ បានធ្វើឲ្យប្រជាពលរដ្ឋ នៅក្បែរ នោះមិនមានការពេញចិត្ត ផងដែរដោយសារតែធ្វើបាំងផ្ទះអ្នកដទៃ និងដីសាធារណៈ។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បានសម្តែងការមិន សប្បាយចិត្តចំពោះសំណង់ផ្ទះល្វែងដែលមានលក់ វត្ថុអនុស្សាវរីយ៍ឈ្មោះ “ណៃ” ថាបានលួចសាងសង់ផ្ទះ មួយល្វែងទៀតដែលរំលោភលើផ្លូវរដ្ឋ ដោយអាងអំណាចរបស់ខ្លួន ជាប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញនោះ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៤នេះថា ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញឈ្មោះជៀក អាង បានបុកគ្រឹះដើម្បីធ្វើផ្ទះល្វែងថ្មីមួយទៀត នៅលើផ្លូវរដ្ឋ គឺផ្លូវ១៦៣កែង២២០ ហើយការធ្វើនេះត្រូវបានប្រជាពលរដ្ឋអះអាងថា គ្មានច្បាប់អនុញ្ញាតិ ហើយ មិនខ្លាចក្រែងនិងសិទ្ធិអំណាចអាជ្ញារមូលដ្ឋានផងដែរ ដោយសារតែបុគ្គលរួបនេះអាងអំណាចរបស់ខ្លួននោះ ហើយរហូតមកដល់ពេលនេះបុគ្គលរូបនេះ បានបញ្ជារឲ្យគេធ្វើរហូតបានចាក់បេតុង និងចាក់សរសរបន្តបន្ទាប់ ថែមទៀតផង។
ប្រជាពលរដ្ឋដដែលបានបន្តថា កាលដើមឡើយ ប្រធានមន្ទីររូបនេះ បានសុំអនុញ្ញាតិអាជ្ញាធរធ្វើសំយ៉ាប់ផ្ទះ ដើម្បីលក់សម្ភារៈផ្សេងរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែស្រាប់តែប៉ុន្មានសប្តាហ៍មកនេះ ឃើញផ្ទះនេះបានធ្វើការបុកគ្រឹះធ្វើសំណង់ខ្ពស់មួយទៀតដែលគេសង្ស័យថា ផ្ទះល្វែងហើយរំលោភលើផ្លូវ រដ្ឋតែម្តង។
ប្រជាពលរដ្ឋបានចោទសួរថា “តើសំណង់នេះអ្នកណាជាអ្នកចេញច្បាប់ឲ្យធ្វើ ឬមួយក៏គ្មានច្បាប់អាងអំណាច ខ្លួន? ពីព្រោះថាសំណង់នេះ បានរំលោភលើដីរដ្ឋពិតប្រាកដ ហើយប្រសិនបើមានបញ្ហាអ្វីកើតឡើង អ្នកណាជា អ្នកទទូលខុសត្រូវ”។
បើទោះបីជាមានច្បាប់ឬមិនមានច្បាប់អ្វីក៏ដោយ សំណង់ដែលកំពុងសាងសង់នេះខុស រួចទៅហើយដោយសារ តែលើផ្លូវរដ្ឋគ្មានចិញ្ចឹមផ្លូវ ដូច្នេះហើយប្រជាពលរដ្ឋ បានអំពាវនាវដល់អាជ្ញាធរជាពិសេសខាងសុរិយោដី ភូមិ បាលខណ្ឌ ចំការមន និងមន្ទីររៀបចំដែននិងសុរិយោដីរាជធានីភ្នំពេញ ជួយពិនិត្យឲ្យបានច្បាស់ផង ដើម្បីរក្សា ផ្លូវរដ្ឋ កុំឲ្យក្លាយទៅជាកម្មសិទ្ធិឯកជននោះ។
បន្ទាប់ពីសារព័ត៌មាននានា បានចុះផ្សាយ កាលពីកន្លងទៅនេះគេសង្កេតឃើញមានអាជ្ញាធរ បានចុះត្រួតពិនិត្យ ដើម្បីហាមមិនឲ្យធ្វើបន្តទៀត ក៏ប៉ុន្តែ លោកប្រធានមន្ទីររូបនេះនៅតែបន្តធ្វើដោយអះអាងថា យកច្បាប់ដើម មកសាងសង់ ដែលច្បាប់ដើមនោះរដ្ឋអនុញ្ញាតិឲ្យធ្វើតែសំយ៉ាប់តែប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅទីនោះបានថ្លែងថា បុគ្គលរូបនេះអាងអំណាចនិងអាងខ្នងទើបហ៊ាន រំលោភលើដីរដ្ឋបែបនេះ។
មជ្ឈមដ្ឋាននានា បានលើកឡើងថា បើមានតែមន្រ្តីធុននេះៗ ច្រើនទៀតនោះម្ល៉េះ “ខេ្ទចដូចខ្ទឹម និង ម៉ត់ដូច អាចម័ទីទុយ” ហើយគ្មានចំណីផ្លូវរដ្ឋនោះទេ រាជធានីភ្នំពេញ កំពុងតែអត់ចំណតផង ។ បើយ៉ាងៗនេះ ទៅជា ណាទៅ! ឱ!អនិ្ចចារ ៕