ព្រះសីហនុ ៖ ដោយសារតែ អ្នកបើករថយន្ត ស្រវឹង ពេលកំពុងបើកបរនោះ បានធ្វើឱ្យ រថយន្ដកុងតឺន័រ របស់ក្រុមហ៊ុន UNION បង្កគ្រោះថ្នាក់ចរាចរ ដ៏គួរឱ្យរន្ធត់ ដោយផ្ដាច់ជីវិត និងរងរបួសក្មេង ចាស់ប្រុស ស្រី ៩នាក់ នៅពេលធ្វើដំណើរ ចុះចំណត ត្រង់ចំណុច ច្រកចូលកំពង់ផែស្វយ័ត ខេត្ដព្រះសីហនុ ក្នុងសង្កាត់លេខ៣ ក្រុងព្រះ សីហនុ កាលពីវេលាម៉ោង ៤និង១០នាទី រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ។
ម៉ូតូ៣គ្រឿង រថយន្ដ មួយគ្រឿង និងបង្គោលភ្លើងបាន រងការខូចខាត និងបាក់ រីឯ ជនរងគ្រោះ ជាអ្នកដំណើរ បានដេកស្លាប់ និងរងរបួស ពេញដងផ្លូវ ដែលមើលទៅគួរឱ្យ ខ្លោចផ្សារ និងអាណិតអាសូរ យ៉ាងខ្លាំង ជាពិសេស ជីវិតក្មេងប្រុសម្នាក់ អាយុជាង១០ ឆ្នាំ បានផុត សង្ខារភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលឪពុក របស់ខ្លួន ទំនងជាមិនអាច រស់បាន នោះឡើយ ពីព្រោះរង របួសធ្ងន់ធ្ងរ ពេក ។
សាក្សីនៅដែលឃើញ គ្រោះថ្នាក់ចរាចរ នេះផ្ទាល់ភ្នែក បាននិយាយថា នៅវេលាម៉ោង ជាង៤រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ គេបានឃើញ រថយន្ដកុងតឺន័រ ដែលមានក្បាល ពណ៌ខៀវលាយប៉ៃតង និង មានស្លាក បង្ហាញ ពីកម្មសិទ្ធរបស់ ក្រុមហ៊ុន UNION ពាក់ស្លាក លេខ ភ្នំពេញ 3A-6142 បើកដោយបុរស ម្នាក់ធ្វើដំណើរ ក្នុងទិសដៅចូលមក ខេត្ដព្រះសីហនុ ។
សាក្សីបាន និយាយទៀតថា នៅពេលដែល រថយន្ដកុងតឺន័រ បានបើកជិតមកដល់ កន្លែង កើតហេតុនោះ ហើយជាផ្លូវចំណោតផងគេ បានឃើញ រថយន្ដរេចង្កូត ហើយក៏ជ្រុលទៅ បុកជនរងគ្រោះ ជាឪពុក និងកូនកំពុងជិះម៉ូតូ ឌុបគ្នា នៅពីមុខពេញមួយទំហឹង បណ្ដាលឱ្យ ជួបគ្រោះថ្នាក់ រហូតដល់អាយុជីវិត ។
ក្រោយពីបុកជនរងគ្រោះ ទាំងពីរនាក់ ឪពុកកូន ពេល កំពុងជិះម៉ូតូនោះ រថយន្ដបង្ក មិនអស់ល្បឿន ក៏បានជ្រុលទៅរថយន្ដ កាមរីគូទស្វិត ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 2A-4387 ដែលមានអ្នកបើក និងអ្នកជិះ៤នាក់ នៅក្នុង រថយន្ដជាមន្ដ្រីកំពង់ ផែស្វយ័ត បណ្ដាលឱ្យ រថយន្ដប៉ើងធ្លាក់ពីលើ ផ្លូវរងការ ខូចខាត និងប៉ះពាល់ ដល់ជនរងគ្រោះទាំង ៤នាក់ នៅក្នុងរថយន្ដ នោះផងដែរ។
បើតាមសាក្សី ក្រោយពេលបុក និងកៀរ រថយន្ដកាមរីគូទ ស្វិតរួចមក រថយន្ដបង្កក៏បាន ជ្រុលចង្កូត ទៅបុកអ្នកជិះម៉ូតូពីរគ្រឿងទៀត មុនបន្ដទៅបុកបង្គោល ភ្លើងមួយដើម បណ្ដាលឱ្យបាក់ ហើយរថយន្ដក៏ផ្អៀង ក្រឡាប់នៅទីនោះតែម្ដង ។
ក្រោយទទួលព័ត៌មាន ពីគ្រោះថ្នាក់ចរាចរ ដ៏រន្ធត់ខាងលើនេះ រហូតផ្ដាច់ជីវិតមនុស្ស និងបណ្ដាលឱ្យរង របួសជិត១០នាក់នោះ កម្លាំងសមត្ថកិច្ច បានចុះទៅជួយ អន្ដរាគមន៍ ហើយឃាត់ខ្លួនអ្នកបើកបរ យកទៅសួរនាំ រីឯជនរងគ្រោះ ដែលរងរបួស ធ្ងន់ស្រាលត្រូវ បានដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ។
លោក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ ផ្លូវគោកខេត្តព្រះសីហនុ បានថ្លែងថា អ្នកបើកបរមានឈ្មោះ យន់ សុភក្រ្ត អាយុ២៩ឆ្នាំ រស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកថា ជននេះ ការិយាល័យរបស់លោក កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។
ចំពោះគ្រោះថ្នាក់ ចរាចរខាងលើនេះបើ តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បាននិយាយថា បណ្ដាលមកពីអ្នក បើករថយន្ដ មានអាការៈស្រវឹង មិនមែនមកពីរថយន្ដដាច់ ហ្វ្រាំងនោះឡើយ ដូច្នេះថៅកែក្រុមហ៊ុនមួយ នេះ ត្រូវតែផ្ដល់សំណងឱ្យបានសមរម្យដល់ ជនរងគ្រោះទាំង៩នាក់ ជាពិសេសជីវិតក្មេង ប្រុស អាយុជាង១០ឆ្នាំ ពេលកំពុងជិះម៉ូតូជា មួយឪពុករបស់ខ្លួននោះ៕