សៀមរាប៖ អាជ្ញាធរអប្សរា បានចេញសេចក្តីប្រកាសព័ត៌មាន មួយឲ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ថាមានឧបទ្ទវហេតុមួយបានកើតឡើង នៅខ្លោងទ្វារទន្លេអុំ នៃអតីតក្រុងអង្គរធំ បង្កដោយភ្ញៀវទេសចរជនជាតិកូរ៉េម្នាក់ ធ្វើឲ្យព្រះកេសយក្សធ្វើពីស៊ីម៉ង់ ធ្លាក់របូតពីដងខ្លួន។
ភ្ញៀវកូរ៉េនោះឈ្មោះ គីម ជុនហុង អាយុ ២២ឆ្នាំ ជានិស្សិតមកទស្សនាអង្គរ តាមរយៈព្រះវិហារគ្រិស្តសាសនាមួយ ប្រចាំនៅប្រទេសកម្ពុជាឈ្មោះ UN Cheon First Church បានឡើងថតរូបឱបកៀកក នឹងរូបចម្លាក់តួយក្សទាញព្រ័ត្រទី១១ ពីក្រោយ ហើយបណ្តាលឲ្យព្រះកេសនោះ ធ្លាក់របូតចុះមកក្រោម ប៉ះជើងខ្លួនឯងនាំឲ្យមានរបួសភ្លាមៗ និងចម្លាក់ព្រះកេសយក្សខូចខាត។
ក្រោយពីបានជួបប្រជុំ ជាមួយតំណាងព្រះវិហារគ្រិស្តសាសនាឈ្មោះ Chois Suchel និងមគ្គុទេ្ទសក៍ទេសចរឈ្មោះLee Yong Chan នៃក្រុមហ៊ុន Best Tour របស់កូរ៉េ ដោយពិនិត្យមើលស្ថានភាពជាក់ស្តែង នៃឧបទ្ទវហេតុតំណាងព្រះវិហារ និងមគ្គុទ្ទេស ក៏បានសារភាពកំហុស ដោយសារការធ្វេសប្រហែស បណ្តាលឲ្យភ្ញៀវឡើងតោងរូបចម្លាក់ ហើយទទួលខុសត្រូវរាល់ទង្វើ ដែលបានប្រព្រឹត្ត និងទទួលខុសត្រូវមើលព្យាបាល អ្នករបួសព្រមទាំងសន្យាថា នឹងកែលម្អរាល់កំហុសឆ្គង ហើយណែនាំភ្ញៀវរបស់ខ្លួន កុំឲ្យមានរឿងដូច្នេះកើតឡើង នាពេលអនាគតទៀត៕